Riku Tazumi គឺជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ហើយថែមទាំងជាមហាសេដ្ឋីផងដែរ នៅក្នុងវ័យត្រឹមតែ២៦ឆ្នាំតែប៉ុណ្ណោះ។ ស្ថាបនិកជនជាតិជប៉ុននៃ Anycolor Inc ដែលជាក្រុមហ៊ុនដែលបង្កើតភ្នាក់ងារ YouTuber និម្មិត (VTuber) បង្កើតតួអង្គបែបតុក្តតា តំណាងឱ្យបុគ្គលល្បីៗ ជាពិសេសបុគ្គលក្នុងYoutube និងអាចកសាងទ្រព្យសម្បត្តិដ៏ធំសម្បើមតាមរយៈឧស្សាហកម្មពិសេសរបស់លោក។
ដំណើររបស់ Tazumi ដើម្បីក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតនៅក្នុងប្រទេសកំណើតរបស់គាត់ បានចាប់ផ្តើមនៅពេលដែលគាត់កំពុងនៅរៀនថ្នាក់សាកលវិទ្យាល័យ ហើយចុងក្រោយគាត់បានបោះបង់ការសិក្សាថ្នាក់មហាវិទ្យាល័យរបស់ខ្លួន ដើម្បីផ្តោតលើការចាប់ផ្តើមអាជីវកម្មថ្មីថ្មោង Anycolor (អតីត Ichikara Inc.)។ យោងតាមទស្សនាវដ្តី Forbes សហគ្រិនជនជាតិជប៉ុនរូបនេះ បានបង្កើតក្រុមហ៊ុនរបស់គាត់នៅឆ្នាំ២០១៧ នៅអាយុត្រឹម២១ ឆ្នាំ ហើយមកទល់ឥឡូវនេះ អាជីវកម្មគាត់បានរីកចម្រើនទៅជាសាជីវកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ
យោងតាម Bloomberg តម្លៃភាគហ៊ុនរបស់ Anycolor បានកើនឡើង៨ ដងចាប់តាំងពីការចេញបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ។ គិតត្រឹមខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនមានតម្លៃប្រហែល ២.៥ពាន់លានដុល្លារអាមេរិក និងក្លាយជាក្រុមហ៊ុនទីផ្សារលំដាប់កំពូលមួយនៅឆ្នាំនេះ។
ឥឡូវនេះគាត់មានទ្រព្យ១.១ ពាន់លានដុល្លារជាមួយនឹងភាគហ៊ុន ៤៥ ភាគរយក្នុង Anycolor ហើយដោយសារការកើនឡើងនូវប្រជាប្រិយភាពនៃមាតិកា VTube ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕
ចង់រៀនគំនិតរកស៊ីល្អៗប្រចាំថ្ងៃ ក្នុងក្រុមចែករំលែកពិសេស ឥតគិតថ្លៃ សូមចុចទីនេះ https://t.me/LongVathanak777


