ក្រោយបញ្ចប់ការសិក្សារួចមក គម្រោងក្រវាត់ក្រុងទី៣ ប៉ែកខាងកើតរាជធានីភ្នំពេញគឺមានប្រវែងសរុបប្រមាណ ៣៣ គីឡូម៉ែត្រ ខណៈគម្រោងនេះក៏មានការសាងសង់ស្ពានឆ្លងកាត់ទន្លេចំនួន ៣ កន្លែងផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។
ជួបប្រជុំជាមួយក្រុមហ៊ុនសំណង់សៀងហៃ (Shanghai Construction Group Co,.Ltd.) ដែលជាក្រុមហ៊ុនទទួលការសិក្សាសាងសង់គម្រោងខាងលើ ដើម្បីពិភាក្សាលើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបន្ថែមផ្នែកបច្ចេកទេសលើគម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
យោងតាមលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពបន្ថែមរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ ៣៣,៤៦ គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចាប់ពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ។ ផ្លូវនេះនឹងត្រូវសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួនបី ដោយ ឆ្លងកាត់កោះចំនួនពីរគឺកោះដាច់ និងកោះតាង។
តាមការបញ្ជាក់ពីក្រសួងសាធារណការកន្លងទៅ ស្ពានទី១ គឺតភ្ជាប់ផ្លូវជាតិលេខ៦-កោះដាច់ មានប្រវែង ១៣១១ម៉ែត្រ, ស្ពានទី២ តភ្ជាប់កោះដាច់-កោះតាង មានប្រវែង ៥៧៩ម៉ែត្រ និងស្ពានទី៣ តភ្ជាប់កោះតាង-ផ្លូវ៧០បេ មានប្រវែង ១០៤៤ម៉ែត្រ។ ហើយគ្រោងទាំងមូលចំណាយថវិកាប្រមាណ ២៤០លានដុល្លារអាមេរិកឯណោះ។
សូមជម្រាបថា នៅពេលគម្រោងក្រវាត់ក្រុងទី៣ ភាគខាងកើតនេះសាងសង់រួចរាល់ នោះនឹងធ្វើឲ្យក្រវាត់ក្រុងទី៣ ទាំងមូលពេលលេញរូបរាង ១០០% (ព័ទ្ធជុំវិញរាជធានីភ្នំពេញ) ខណៈបច្ចុប្បន្នគម្រោងសាងសង់ក្រវាត់ក្រុងទី៣ដំណាក់កាលដំបូងប្រវែងជាង ៥៣ គីឡូម៉ែត្រសាងសង់ជិតរួចរាល់ផងដែរ។ ក្នុងនោះបើតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះអាចនឹងបញ្ចប់នៅក្នុងខែឧសភា ឬខែមិថុនា ខាងមុខនេះ ពោលគឺនឹងដាក់ឲ្យប្រជាពលរដ្ឋប្រើបាស់មុនពេលបោះឆ្នោតឆ្នាំ២០២៣៕
អត្ថបទ៖ កឹម ប៊ុនធឿន