ក្រសួងរ៉ែនិងថាមពល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែចំនួន ០២ បន្ថែមទៀតជាមួយក្រុមហ៊ុន Renaissance នៅខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ ខណៈគម្រោងទាំងពីរនេះ រំពឹងថានឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ១៥០០ លានដុល្លារអាមេរិកផងដែរ។ ដោយការចុះកិច្ចព្រៀមព្រៀងវិនិយោគនេះបានធ្វើឡើងកាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា កិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែចំនួន ០២ ជាមួយក្រុមហ៊ុន Rerape Renaissance រួមមាន៖ ១. កិច្ចព្រមព្រៀងកែសម្រួលបន្ថែមទៅលើកិច្ចព្រមព្រៀងលើកទី១ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយបញ្ចូលបន្ថែមគម្រោង អណ្តូងរ៉ែក្រោមដី ដែលអាចផ្តល់ផលិតផលមាសបានប្រមាណ១០តោន បន្ថែមទៅលើជម្រករ៉ែមាសចាស់ចំនួនប្រមាណ ៣៤តោន។ គម្រោងនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុប ១០០០ លានដុល្លារអាមេរិក ដែលរួមមានសួយសារ និងសារពើពន្ធផ្សេងៗ។
២. កិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ (រ៉ែមាស) នៅតំបន់ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានលក្ខណៈសេដ្ឋកិច្ច ដែលអាចទាញយកមាសសរុបប្រមាណ ២៦តោនក្នុងអាយុកាល៧ឆ្នាំនៃអណ្ដូងរ៉ែបើក។ គម្រោងនេះនឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ៥៨៣ លានដុល្លារ ដែលរួមមានសួយសារ សារពើពន្ធផ្សេងៗ និងបង្កើតការងារប្រមាណ ៥០០ កន្លែង។
គួរជម្រាបផងដែរថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពលចុះកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ហើយគម្រោងនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដែលគិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្មផលិតកម្មរ៉ែមាសចាប់ ពីឆ្នាំ២០២១ មកដល់បច្ចុប្បន្ន ផលិតមាសសុទ្ឋបានសរុបប្រមាណ ១៦ តោន និងបានបង់សួយសារជូនរដ្ឋសរុបចំនួន ២៧,៣ លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួន ៩៩,១ លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារចំនួន ៦៩៧កន្លែង ដែលក្នុងនោះបុគ្គលិកខ្មែរមានចំនួន ៦៤៥ នាក់៕



