សោកស្ដាយ!ធនាគារដ៏ធំមួយរបស់អាមរិកមានទ្រព្យសកម្មជាង៦ពាន់លា.នដុ.ល្លារត្រូវបានបិទទ្វារដំបូងគេនៅឆ្នាំ២០២៤នេះ
Toeuy HongAPRIL 29 202410.9 K views

កាលពីថ្ងៃសុក្រសប្ដាហ៍មុនសហព័ន្ធសាជីវកម្មធានាប្រាក់បញ្ញើរបស់អាមេរិកដែលហៅកាត់ថាFDIC បានឲ្យដឹងថាធនាគារ Republic First Bank ត្រូវបានបិទដោយអាជ្ញាធរនៅក្នុងរដ្ឋ Pennsylvania ហើយក៏ជាធនាគារាអាមេរិកដំបូងបង្អស់ដែលបានបរាជ័យនៅក្នុងឆ្នាំ២០២៤នេះ។

បើយោងតាមការចុះផ្សាយរបស់CNN បានឲ្យដឹងថា Republic First Bank ដែលមានមូលដ្ឋាននៅទីក្រុង Philadelphia ត្រូវបានបិទដោយគណកម្មការមូលបត្រនិងធនាគារនៅក្នុងរដ្ឋ Pennsylvania ដោយឲ្យFDIC ជាអ្នកទទួលើការគ្រប់គ្រងប្រាក់បញ្ញើ។ ដើម្បីការពារប្រាក់បញ្ញើរបស់អតិថិជន FDIC បានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងធនាគារ Fulton Bank ដោយឲ្យFulton Bank ទទួលខុសត្រូវលើប្រាក់បញ្ញើរបស់អតិថិជននិងទិញយកទ្រព្យសកម្មរបស់ធាគារ Republic First Bank ទាំងស្រុងតែម្ដង។

 មុននឹងត្រូវបានបិទទ្វារ ធនាគារ Republic First Bank មានទ្រព្យសកម្មជាង៦ពាន់លានដុល្លារនិងប្រាក់បញ្ញើអតិថិជនប្រមាណជាង៤ពាន់លានដុល្លារនៅត្រឹមចុងខែមករាឆ្នាំ២០២៤នេះ។

FDICបានឲ្យដឹងថាសាខារបស់ Republic First Bank ចំនួន៣២នៅ New Jersey, Pennsylvania និងNew York បានបើកដំណើរឡើងវិញក្រោយពីFulton Bankបានកាន់កាប់។ ចំណែកអតិថិជនដែលដាក់ប្រាក់បញ្ញើនៅ Republic First Bankនឹងក្លាយជាអ្នកដាក់ប្រាក់បញ្ញើនៅធនាគារ Fulton Bankវិញ ហើយចំពោះអ្នកដាក់ប្រាក់បញ្ញើត្រឹម២៥ម៉ឺនដុល្លារចុះក្រោមនឹងត្រូវបានការពារដោយFDIC។

ចំពោះមូលហេតុដែលធ្វើឲ្យធនាគារ Republic First Bank ត្រូវបរាជ័យរហូតឈានដល់ការបិទទ្វារគឺកើតចេញពីការដំឡើងអត្រាការប្រាក់និងវិបត្តិអចលនទ្រព្យ ជាពិសេសគឺវិបត្តិអចលនទ្រព្យបែបពាណិជ្ជកមម្មនិងអគារពាណិជ្ជកម្ម។ តាំងពីឆ្នាំ២០២៣មកដល់ពេលនេះទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកបានជួបវិបត្តិដែលធ្វើឲ្យខ្ចីខូចរបស់ធនាគារនៅក្នុងវិស័យនេះកើនឡើងខ្លាំងរហូតធ្វើឲ្យធនាគារមួយចំនួនទប់ជើងលែងឈប់ហើយក្នុងនោះក៏មានធនាគារ Republic First Bank រហូតដល់ត្រូវបង្ខំចិត្តបិទទ្វារតែម្ដង។

គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ២០២៣គឺជាឆ្នាំដែលវិស័យធនាគាររងផលប៉ះពាល់ខ្លាំងដោយសារតែការដំឡើងការប្រាក់ដុល្លារអាមេរិកដែលជាហេតុធ្វើឲ្យធនាគារធំៗរបស់អាមេរិកមមួយចំនួនដួលរលំក្នុងនោះមាន ធនាគារ Silicon Valley, Signature Bank, Citizen Bank និង First Republic Bank ជាដើម៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia