ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបញ្ចេញវិកាប្រមាណ២លានដុល្លារ ដើម្បីកែលម្អផ្លូវមួយខ្សែរដែលមានប្រវែង៦៨គីឡូម៉ែត្រ ពីខេត្តសៀមរាប ទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរវាងភូមិសាស្រ្តទាំងពីរផងដែរ។
ជាក់ស្ដែងកាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការអនុវត្តគម្រោងកែលម្អរផ្លូវប្រវែង ៦៨គីឡូម៉ែត្រ ដែលឆ្លងកាត់ភូមិសាស្ត្រខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ ដែលមានគម្រោងស្ថាបនាផ្លូវ DBST ឆ្លងកាត់ភូមិអង្កាញ់ ឃុំស្វាយលើ ទៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប មានប្រវែង ៤១គីឡូម៉ែត្រ និងភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានប្រវែង ២៧គីឡូម៉ែត្រ។
ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម ដែលជាអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានលើកឡើងថាកន្លងផ្លូវមួយខ្សែរខាងលើនេះត្រូវបានស្ថាបនាដោយក្រុមហ៊ុន លី ឈួន ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលបានឱ្យផ្អាកមួយរយៈ ហើយការមានការរិះគុណពីប្រព័ន្ធបណ្តាញសង្គមទៀតផង។
លោកក៏បានបន្តថា ផ្លូវមួយខ្សែនេះ បានផ្តល់អត្ថប្រយោជន៍ដល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ និងប្រើពេលវេលាខ្លីឆ្ពោះទៅកាន់ច្រកព្រំដែនទៀតផង។ ម៉្យាងទៀតផ្លូវនេះដែរ គឺជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព និងជួយសម្រួលនូវភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តទាំងពីរផងដែរ។
គួរបញ្ជាក់ដែរថា គម្រោងផ្លូវមួយខ្សែនេះ គឺត្រូវបានប្រគល់ឱ្យកងវិស្វកម្មកងទ័ពស្ថាបនាបន្ត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ប្រវែង៤១ គីឡូម៉ែត្រ និងប្រវែង២៧គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានប្រគល់ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យជាអ្នកស្ថាបនា ក្នុងគម្រោងផែនការ ៣ ឆ្នាំរំកិលរបស់ក្រសួង ដែលនឹងធើ្វឱ្យរួចរាល់នៅឆ្នាំ២០២៤៕
អត្ថបទដោយ៖ ឌឿក ស្រី នុត