កន្លងមកអាចនឹងមានបងប្អូនអ្នករកស៊ីមួយចំនួនមានចម្ងល់ថា សម្រាប់របររកស៊ីតូចតាចដែលមានលក្ខណៈគ្រួសារ ដូចជាតូបកាហ្វេ ហាងកាត់សក់ និង ហាងធ្វើក្រចកដែលមានត្រឹមតែ ២ ទៅ ៤ កៅអី តើចាំបាច់ត្រូវចុះបញ្ជីដែរឬទេ ហើយក្រោយចុះតើត្រូវបង់ពន្ធជូនរដ្ឋដែរឬក៏អត់?
ដូច្នេះដើម្បីស្រាយចម្ងល់ទាំងអស់នេះ នៅក្នុងថ្ងៃនេះ Business Cambodia នឹងបង្ហាញអំពីលក្ខខណ្ឌមួយចំនួនដែលអាជីវកម្មខ្នាតតូចត្រូវតែទៅចុះបញ្ជី និងលក្ខខណ្ឌក្នុងការជាប់ពន្ធចំពោះអាជីវកម្មខ្នាតតូចខាងលើនេះផងដែរ។
យោងតាមការឱ្យដឹងរបស់ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា សម្រាប់អាជីវកម្មគ្រួសារ ដូចជាតូបកាហ្វេ ហាងកាត់សក់ និង ហាងធ្វើក្រចកដែលមានត្រឹមតែ ២ ទៅ ៤ កៅអី សុទ្ធតែអាចចុះបញ្ជីបានទាំងអស់ ដើម្បីផ្តល់ភាពស្របច្បាប់ដល់ម្ចាស់អាជីវកម្ម និងការពារផលប្រយោជន៍របស់ប្រជាជនដែលទៅរកសេវាកម្ម ផលិតផលនៃអាជីវកម្មនោះ។ ដែលជាទូទៅសម្រាប់ តម្លៃសេវាជាក់លាក់ក្នុងការចុះជាធម្មតាតម្លៃ ២០ ០០០ រៀល ក្នុង ១ច្បាប់ រយៈពេលធ្វើអតិបរមាគឺ ០៧ថ្ងៃ (ថ្ងៃធ្វើការ) ក្រោយចុះរួចមានសុពលភាពរយៈពេល០១ឆ្នាំ ។ ចំពោះឯកសារដែលត្រូវភ្ជាប់ទៅជាមួយពេលចុះបញ្ជីរួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតចម្លង ចំនួន១ច្បាប់ , ប្លង់បង្ហាញទីតាំងអាជីវកម្ម ចំនួន១ច្បាប់ , រូបថតទំហំ 3x4 ចំនួន៣សន្លឹក, បង្កាន់ដៃបង់ប្រាក់ ចំនួន១ច្បាប់ ។
ជាមួយគ្នានោះ ចម្ងល់ដែរសំខាន់គឺថា ក្រោយចុះបញ្ជីរួចតើត្រូវជាប់ពន្ធដែរឬទេ? ជាក់ស្តែង បើតាមប្រសាសន៍របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្នុងកម្មវិធីការយល់ដឹងអំពីពន្ធដារ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា “ ពន្ធដារមានគោលការណ៍ច្បាស់នៅក្នុងការចាប់មនុស្សឱ្យចុះបញ្ជី ជាឧទាហរណ៍ប្រសិនបើអាជីវកម្មមានចំណូលក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ ពន្ធដារមិនតម្រូវឱ្យចុះបញ្ជីនោះទេ ប៉ុន្តែបើចំណូលពី ២៥០លានរៀលឡើងដល់ ៧៥០លានរៀល គឺត្រូវតែមកចុះបញ្ជីពន្ធដារលំដាប់ពន្ធតូច” ។
ហេតុដូច្នេះសម្រាប់បងប្អូនម្ចាស់អាជីវកម្មដែលជាអ្នករកស៊ីរបរបែបជាលក្ខណៈគ្រួសារតូចតាច ដែលមានចំណូលក្រោម ២៥០លានរៀល ឬ ៦ម៉ឺនដុល្លារក្នុងមួយឆ្នាំ គឺពុំតម្រូវឱ្យចំបញ្ជីពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬត្រូវជាប់ពន្ធនោះទេ លើលែងតែលើចំនួនដែលអគ្គនាយកដ្ឋានពន្ធដារកំណត់ទើបត្រូវចុះបញ្ជីនិងជាប់កាតព្វកិច្ចបង់ពន្ធ៕


