មានម្ចាស់អាជីវកម្មមិនតិចទេដែលកំពុងដើរថយក្រោយ ឬក៏ប្រកាសក្ស័យធនជាហូរហែរ រហូតធ្វើឱ្យអ្នករកស៊ីមួយចំនួនបាក់ទឹកចិត្តលែងចង់ចាប់ផ្តើមអាជីវកម្មម្តងទៀត។ តែទោះបីជាយ៉ាងណាក៏ដោយរាល់មិនថាបញ្ហាធំយ៉ាងក៏ដោយ ដំណោះស្រាយនៅតែមានគ្រាន់តែយើងចំណាយពេលសិក្សាអំពីហេតុផល ដែលធ្វើឱ្យការរកស៊ីរបស់យើងលែងទៅមុខ។ ខាងក្រោមនេះជាហេតុផល ៣ ដែលអាចធ្វើឱ្យអាជីវកម្មរបស់អ្នកបរាជ័យ បើយោងតាមវេបសាយEntrepreneur។
១. ឥទ្ធិពលអវិជ្ជមាននៃភាពជាអ្នកដឹកនាំមិនល្អ៖ ជាការពិតណាស់ មូលហេតុដែលហាង ឬអាជីវកម្មដួលរលំ គឺដោយសារតែភាពជាអ្នកដឹកនាំមិនល្អ ដូច្នេះលិទ្ធិផលក៏មិនល្អតាមនោះដែរ។ ជាឧទាហរណ៍ នៅកន្លែងធ្វើការគួរតែជាកន្លែងមួយដែលមនុស្ស អាចពិភាក្សា និងផ្លាស់ប្តូរយោបល់បាន។ តែផ្ទុយទៅវិញ វាបែទៅជាកន្លែងមួយដែលស្ងាត់ និយាយខ្លាចខុស បុគ្គលិកធ្វើការមើលតែម៉ោង ហើយបន់តែដល់ថ្ងៃឈប់ មើលទៅដូចជាសង្វែគណាស់។
ទន្ទឹមនឹងនោះ នៅពេលដែលកន្លែងធ្វើការប្រៀបដូចជាគុកបែបនេះ គឺគ្មានការរីកចំរើនទេ ដូច្នេះក្នុងនាមជាអ្នកដឹកនាំ គួរគិតម្តងទៀត ហើយសួរខ្លួនឯងថា ហេតុអ្វីបានជាកន្លែងនេះជាកន្លែងដែលមនុស្ស មិនសប្បាយនឹងធ្វើការ?
២. កង្វះទីផ្សារ៖ ប្រសិនបើអ្នកមិនដឹងពីរបៀបធ្វើទីផ្សារ វាពិតជាពិបាកសម្រាប់អ្នកគ្រប់គ្នាក្នុងការស្គាល់ផលិតផលរបស់យើង ព្រោះគោលបំណងនៃទីផ្សារគឺដើម្បីជួយឱ្យអាជីវកម្មរីកចម្រើនប្រកបដោយប្រសិទ្ធភាព និងឈានដល់សក្តានុពលខ្ពស់បំផុតទាំងម៉ាកផលិតផល និងសេវាកម្ម។ ដូច្នេះហើយ ដើម្បីឲ្យអាជីវកម្មរបស់អ្នកមានអាយុវែង ក្នុងនាមជាសហគ្រិន ក៏ដូចជាម្ចាស់អាជីវកម្ម គួរតែគិតឡើងវិញនៅត្រង់ចំណុចនេះ។
ដូចពាក្យមួយឃ្លារបស់លោក សំ កុសល ពោលថា អាជីវកម្មប្រៀបបានដូចជាកូនក្រមំុ បើកូនក្រមំុមិនដែលចេញក្រៅ ក៏មិនមានគេស្តីដណ្តឹងដែរ ព្រោះតែគេមិនដែលស្គាល់ មិនដែលឃើញ ហើយក៏មិនដឹងថាយើងមានកូនក្រមំុថែមទៀត។ ដូចច្នោះហើយយើងត្រូវ ធ្វើការបង្ហាញឱ្យបានច្រើន ដើម្បីឱ្យមនុស្សជាបានស្គាល់យើង ហើយដឹងថាយើងលក់អ្វី។
៣. គ្មានផែនការច្បាស់លាស់៖ ដូចពាក្យមួយឃ្លាពោលថា បរាជ័យក្នុងការរៀបចំផែនការ គឺជាហេតុធ្វើឱ្យផែនការបរាជ័យ។ ជាការពិតណាស់បើអ្នកមិនដឹងថាអ្នកទៅណាទេ អ្នកនឹងមិនទៅដល់ទីនោះដែរ ហើយអ្នកអាចទៅកន្លែងមួយបានលុះណាតែអ្នកមានគោលដៅច្បាស់។ ដូច្នោះហើយតើអ្នកបានដាក់គោលដៅដើម្បីឱ្យជំនួញរបស់អ្នកដើរទៅដល់ទីតាំងដែលអ្នកចង់បានហើយឫនៅ? បើនៅអ្នកគួរតែសិក្សា និងស្វែងរកផ្លូវថ្មីផ្សេងទៀតដែលអាចជួយអ្នកទៅតាមត្រូវ។
គួរជម្រាបផងដែរថា ការដឹងអំពីការធ្លាក់ចុះនៃអាជីវកម្ម វាមិនមែនជារឿងមិនល្អទាំងអស់នោះទេ វាក៏អាចជួយអ្នកយល់ដឹង ហើយជៀសផុតពីបញ្ហាទាំងនោះយ៉ាងសកម្មផងដែរនៅពេលក្រោយទៀត ដោយការខិតខំកែលម្អ ដុះខាត់ រហូតវាអាចដំណើរការល្អ។
អត្ថបទដោយ៖ នៅ ថាត់សណា


