រាជរដ្ឋាភិបាលបានត្រៀមដីជាង ១ ហិកតា និងថវិកាជាង ៣ លានដុល្លារ សម្រាប់ការសាងសង់មន្ទីរសុខភិបាលថ្មីនៅក្នុងខេត្ដរតនគិរី ដែលជាខេត្ដមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា។ ដោយក្នុងនោះទីតាំងមន្ទីរសុខាភិបាលចាស់ស្ថិតនៅលើបឹងកន្សែងនឹងត្រូវអភិវឌ្ឍន៍ទៅជាកន្លែងទេសចរណ៍វិញ។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតីបានមានប្រសាសន៍ថា «ឥឡូវខ្ញុំទើបស៊ីញេឲ្យធ្វើនូវមន្ទីរសុខាភិបាលខេត្ដរតនគិរីនៅលើបឹងកន្សែង។ មន្ទីរហ្នឹងយូរហើយ ប៉ុន្ដែថ្ងៃមុនខ្ញុំឃើញគេបង្ហោះ បើធ្វើនៅនុងនឹងត្រូវចូលបន្ដិចទៅបឹងកន្សែង អ៊ីចឹងខ្ញុំបានជជែកជាមួយឯកឧត្ដមអភិបាលខេត្ដថា ឥឡូវអ៊ីចេះ បឹងកន្លែងហ្នឹងថែរក្សារៀបចំដើម្បីជាសម្បតិ្ដសាធារណៈវិញ ព្រោះបើយើងទុកនៅហ្នឹង (មន្ទីរសុខាភិបាល) ថ្ងៃក្រោយក៏វាអាចមានប្រព័ន្ធលូប្រព័ន្ធអីនៅហ្នឹង។
សម្ដេចបន្ដថា «ឯកឧត្ដមអភិបាលខេត្ដបានរកដីជាង ១ ហិកតានៅជាប់សាលាខេត្ដថ្មី ហើយខ្ញុំបានសម្រេចជាង ៣ លានដុល្លារ ដើម្បីទៅធ្វើមន្ទីរសុខាភិបាលខេត្ដ យកចេញពីបឹងកន្សែងយកទៅដាក់កន្លែងផ្សេង ហើយកន្លែងដែលមានស្រាប់កែវាដើម្បីទៅជាកន្លែងទេសចរណ៍»។


