ក្រសួងសាធារណការ​ នឹងធ្វើការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងនៅផ្លូវជាតិលេខ៤ ក្រោយមានបញ្ហាជន់លិចកន្លងមក
Bunthoeun KoemJANUARY 13 202365 views

ក្រោយមានការជន់លិចជារឿយៗបន្ទាប់ពីមានភ្លៀវធ្លាក់ ពេលនេះក្រសួងសាធារណការ​ និងដឹកជញ្ជូន ត្រៀមធ្វើការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ហើយ។ ជាក់ស្ដែងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្វែងយល់លើបទបង្ហាញស្ដីអំពីវិធានការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងរាជធានីភ្នំពេញនេះផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សាស្វែងយល់ពីវិធានការ និងវិធីសាស្រ្តផ្សេងៗក្នុងការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីលើកជាគម្រោងផែនការសម្រាប់ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធដែលធ្លាប់បានកើតមានឡើងនាពេលកន្លងមក ក្នុងគោលបំណងលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។

អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើការងារបច្ចេកទេសទាក់ទងនឹងគម្រោងសិក្សាលើការកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ដើម្បីធ្វើយ៉ាងណាកំណត់ឱ្យបាននូវបញ្ហាប្រឈមផ្សេងៗដែលអាចកើតមានឡើងនៅក្នុងគម្រោង។ ជាងនេះទៅទៀត អង្គប្រជុំបានពិភាក្សាលើការពង្រីកវិសាលភាពការងារនេះឱ្យបានកាន់តែទូលំទូលាយ និងមានភាពច្បាស់លាស់ ដើម្បីអាចដោះស្រាយនូវបញ្ហាប្រឈមឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ កឹម ប៊ុនធឿន

324876092 702790044781835 8034956628710941220 N

325345967 634645661751357 5114504923205800350 N (1)

325155333 519551273487758 1200648483734797538 N (1)