រាជរដ្ឋាភិបាលមានគម្រោងសិក្សាសាងសង់ផ្លូវរថភ្លើងថ្មី ១ ខ្សែ ដែលតភ្ជាប់ពីក្រុងប៉ោយប៉ែតតភ្ជាប់មករាជធានីភ្នំពេញ និងហួសទៅដល់ក្រុងបាវិត ខេត្ដស្វាយរៀង។ ខណៈគម្រោងផ្លូវរថភ្លើងនេះ គឺមានទិសដៅស្របគ្នាជាមួយនឹងគម្រោងផ្លូវល្បឿនលឿនទី២ និងគម្រោងផ្លូវល្បឿនលឿនទី៣ ដែរ។
តាមការលើកឡើងពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធីប្រគល់ថវិកាមូលនិធិសប្បុរសធម៌ ដែលប្រមូលបានពីកម្មវិធី «ខួប ៣ ឆ្នាំ ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងរថយន្ត» កាលពីថ្ងៃទី២១ ខែមិថុនា បានឲ្យដឹងថា ផ្លូវរថភ្លើងថ្មីនេះនឹងសាងសង់ចាប់ពីក្រុងប៉ោយប៉ែត តភ្ជាប់មកខេត្ដសៀមរាប ខេត្ដកំពង់ធំ រាជធានីភ្នំពេញ រហូតទៅដល់ក្រុងបាវិត ខេត្ដស្វាយរៀងតែម្ដង។
ថ្លែងនៅក្នុងកិច្ចសម្ភាសខាងលើឯកឧត្ដមទេសរដ្ឋមន្រ្ដីបានមានប្រសាសន៍ដូច្នេះថា “យើងនឹងសិក្សាផ្លូវរថភ្លើង១ទៀតពីប៉ោយប៉ែតមកសៀមរាបផ្លូវថ្មី។ ពីសៀមរាបមកកំពង់ធំ កំពង់ធំមកកំពង់ឆ្នាំង កំពង់ឆ្នាំងមកភ្នំពេញ ភ្នំពេញទៅបាវិត"។
ដោយឡែក បើក្រឡេកមកមើលគម្រោងផ្លូវលឿនលឿនទី២ វិញ គឺផ្លូវនេះនឹងត្រូវសាងសង់តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ដោយឆ្លងកាត់ខេត្ដកណ្ដាល ខេត្ដព្រៃវែង ខេត្ដស្វាយរៀង ខណៈគម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅនេះ។
ចំពោះគម្រោងផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលបានចុះហត្ថលេខាសម្រាប់ការសាងសង់អំឡុងពេលជាមួយគ្នានៃការបើការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ គឺនឹងត្រូវសាងសង់តភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្ដកណ្ដាល ខេត្ដកំពង់ចាម កំពង់ធំ សៀមរាប រហូតទៅដល់ក្រុងប៉ោយប៉ែត។ តាមការបញ្ជាក់ពីក្រុមហ៊ុន CRBC ដែលទទួលសិទ្ធិសាងសង់ផ្លូវនេះបានឲ្យដឹងថា យ៉ាងយូរត្រឹមឆ្នាំ ២០២៤ នឹងបើកការដ្ឋានសាងសង់ហើយ។
ដូច្នេះសរុបមកផ្លូវរថភ្លើងថ្មីនេះ គឺមានទិសដៅស្របគ្នាជាមួយផ្លូវល្បឿនលឿនទី៣ ពីក្រុងប៉ោយប៉ែត មករាជធានីភ្នំពេញ និងស្របគ្នាជាមួយផ្លូវល្បឿនលឿនទី២ ពីភ្នំពេញទៅកាន់ក្រុងបាវិតផងដែរ៕