ព្រះសង្ឃសៅលីញដ៏ស្រស់សង្ហារព្រះនាម ឈីវ ហ្វឹង(Qiu Feng) ដែលទើបនិមន្តមកប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ បានទទួលមរណភាពហើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានចិន NTD TV ចុះនាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។
យ៉ាងណាមិញ សោនាដកម្មដ៏សោកសៅមួយនេះបានកើតឡើងនាម៉ោងប្រហែល ០:៥៣នាទីព្រឹក ថ្ងៃទី០៧ ខែសីហា។ នៅពេលនោះរថយន្តដែលព្រះតេជគុណ ឈីវ ហ្វឹង ជិះ បានជួបនឹងការបុកពីក្រោយនៅលើផ្លូវជូយ៉ុង នៅក្នុងខេត្តជៃជាំង ដែលឆ្ពោះទៅទីក្រុងវិនចូវ។ ដោយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងពេក និងពុំអាចជួយសង្គ្រោះបាន ព្រះតេជគុណ ឈីវ ហ្វឹង បានសុគតនាវេលាម៉ោង ២២:២៣នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ (ម៉ោងនៅទីក្រុងប៉េកាំង)។
គួរជម្រាបផងដែរថា ព្រះតេជគុណ ឈីវ ហ្វឹង(Qiu Feng) មានឈ្មោះពិតថា យាន ហឹង(Yan Heng) មានព្រះជន្ម ២១ព្រះវស្សា គឺជាសមាជិកនៃព្រះសង្ឃចម្បាំងជំនាន់ទី៣៤ នៅវត្តសៅលីញ។ ត្បិតមានជំនាញក្បាច់គុនដ៏ល្អឥតខ្ចោះ បានធ្វើឱ្យព្រះអង្គទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងនៅក្នុងឆ្នាំ២០២៤ ព្រះអង្គបានចូលរួមសម្តែងក្នុងរឿងភាគទូរទស្សន៍ "Going to the Mountains and Seas"។ មិនតែប៉ុណ្ណោះ ព្រះសង្ឃអង្គនេះក៏ធ្លាប់បាននិមន្តមកប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងសកម្មភាពក្បាច់គុនសៅលីនជួបគ្នានិងក្បាច់គុនល្បុក្កតោខ្មែរក្នុងខែមេសា ឆ្នាំ២០២៤ ថែមទៀតផង៕