មជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មីទំហំ ៥ ០០០ ហិកតា នឹងលេចឡើងនៅខេត្ដ១នេះ
Bunthoeun KoemAUGUST 21 2026349 views

រដ្ឋបាលខេត្ដពោធិ៍សាត់ និងក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងជួលដីសម្រាប់ការវិនិយោគមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី នៅក្នុងភូមិសាស្ដ្រខេត្ដរបស់ខ្លួន។ 

 

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លើកឡើងថា ភាពជោគជ័យក្នុងការទាក់ទាញក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd មកបណ្តាក់ទុននៅខេត្តពោធិ៍សាត់ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ ក្រោមការណែនាំ និងការសម្របសម្រួលដ៏ប៉ិនប្រសប់របស់ឯកឧត្តមរដ្ឋមន្ត្រី ខេត្តពោធិ៍សាត់បាននឹងកំពុងផ្លាស់ប្តូរមុខមាត់ថ្មី ដោយមានរោងចក្រ និងសហគ្រាសធំៗជាច្រើន បានសម្រេចចិត្តមកវិនិយោគ ដែលកត្តានេះបានជួយពង្រឹងសេដ្ឋកិច្ចមូលដ្ឋានយ៉ាងខ្លាំងក្លា។

 

780840923 1660153979443521 980279323216936073 N

 

ឯកឧត្តមបានគូសបញ្ជាក់ក្នុងពិធីថា ការវិនិយោគលើផ្ទៃដី ៥,០០០ហិកតានេះ មិនមែនជាការចុះហត្ថលេខាលើឯកសារធម្មតានោះទេ ប៉ុន្តែគឺជាការបោះជំហានដ៏ធំមួយ ក្នុងការជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈគម្រោងអភិវឌ្ឍន៍ជាប្រព័ន្ធ រួមមាន៖

 

ទី១. វិស័យថាមពលស្អាត៖ ការសាងសង់រោងចក្រផលិតអគ្គិសនី ដើរដោយជីវម៉ាស (អនុភាព ៥០មេហ្គាវ៉ាត់) និងរោងចក្រផលិតអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ (អនុភាព ៤០មេហ្គាវ៉ាត់) ដែលឆ្លើយតបទៅនឹងនិន្នាការអភិវឌ្ឍន៍ថាមពលស្អាត និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព។

 

ទី២. ឧស្សាហកម្មកសិកម្ម និងការកែច្នៃ៖ រួមមានរោងចក្រផលិតជី និងរោងចក្រផលិតគីមឈី ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មក្នុងស្រុក។

 

ទី៣. ការអភិវឌ្ឍបៃតង៖ គម្រោងដាំដើមឈើ និងការថែរក្សាធនធានធម្មជាតិ ដែលជាឆ្អឹងខ្នងសម្រាប់និរន្តរភាពបរិស្ថាន។

 

780909927 1660154766110109 8696646774964589487 N

 

ឯកឧត្តមអភិបាលខេត្ត បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការវិនិយោគនេះនឹងជួយបង្កើតការងាររាប់ពាន់កន្លែង លើកកម្ពស់ជំនាញបច្ចេកវិទ្យាដល់ប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្តពោធិ៍សាត់ឱ្យកាន់តែរឹងមាំ។ ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមបានប្តេជ្ញាផ្តល់នូវកិច្ចសម្របសម្រួលប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីធានាថាគម្រោងនេះប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណចំពោះទំនុកចិត្តរបស់ក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd ដែលបានជ្រើសរើសខេត្តពោធិ៍សាត់ជាគោលដៅវិនិយោគយុទ្ធសាស្ត្រ ដោយសង្ឃឹមថាភាពជាដៃគូនេះ នឹងផ្តល់ផលប្រយោជន៍ដ៏យូរអង្វែងសម្រាប់សង្គមជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia