ស្ពានធំៗចំនួន ២ របស់ក្រុមហ៊ុនអ្នកឧកញ៉ា ពុង ឃាវសែ នឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣នេះ
Bunthoeun KoemMARCH 6 20234.6 K views

នៅក្នុងឆ្នាំ២០២៣ នេះស្ពានធំៗចំនួន ២ កន្លែង ដែលសាងសាង់ និងវិយោគដោយសារក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ នឹងត្រូវបញ្ចប់សាងសាង់ជាស្ថាពរដើម្បីដាក់ឲ្យប្រើប្រាស់ ដោយស្ពានទាំង ២ នោះរួមមាន៖ ស្ពានខ្សែកាបតភ្ជាប់កោះពេជ្រ-កោះនរា និងស្ពានខ្សែកាបឆ្លងកាត់ទន្លេសាប

90085623 2715112542049928 1320077323914969088 N

១. ស្ពានខ្សែកាបតភ្ជាប់កោះពេជ្រ-កោះនរា

ស្ពានខ្សែកាបតភ្ជាប់កោះពេជ្រ-កោះនរា ត្រូវបានបើកការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០២០។ ស្ពាននេះមានប្រវែងសរុប ៨២៤ ម៉ែត្រ និងទទឹង ២៤.៥ ម៉ែត្រ មានសសរខ្សែកាបកម្ពស់ ៦០ ម៉ែត្រចំនួន ២ ដើម និងមានផ្លូវចរាចរ ២ ទៅ ២ មក។ តាមការគ្រោងទុកគម្រោងនេះនឹងចំណាយថវិកាសាងសង់ចំនួន ៣៨ លានដុល្លារ។

ជាមួយគ្នានេះដែរ យោងតាមការចុះផ្សាយពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី៤ ខែមីនាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបកោះពេជ្រ-កោះនរា សម្រេចលទ្ឋផលបាន ៦២% ហើយ។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣។ ស្ពានកោះពេជ្រ-កោះនរា គឺជាការភ្ជាប់ចរាចរកណ្តាលរាជធានីភ្នំពេញទៅមកផ្លូវជាតិលេខ ១ ហើយនឹងកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្សទាំង២ផងដែរ។

334730383 5968940286530193 8425943030578759343 N

២. ស្ពានខ្សែកាបឆ្លងកាត់ទន្លេសាប

ស្ពានខ្សែកាបនេះ មានប្រវែងសរុប ៦៤២ ម៉ែត្រ ទទឹង ២០.៥ ម៉ែត្រ មានសសរទាញខ្សែកាបចំនួន ៤ កម្ពស់ ៤០ ម៉ែត្រធៀបនឹងកម្រាលស្ពាន ដែលសាងសង់តភ្ជាប់ពីផ្លូវជាតិលេខ ៥ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវឆ្លងកាត់ទន្លេសាបឆ្ពោះទៅកាន់ទីក្រុងរណបថ្មីជ្រោយចង្វារ និងផ្លូវជាតិលេខ ៦A។

តាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូន គិតត្រឹមខែមករា កន្លងទៅស្ពាននេះសាងសង់សម្រេចបាន ៩៣% នៃគម្រោងទាំងមូល។ នៅពេលបើកដំណើរការស្ពានដ៏សំខាន់នេះ នឹងជួយរំដោះការធ្វើចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញថែមទៀតផង។

សូមជម្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនេះ ត្រូវបានចាប់ផ្ដើមសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧ ហើយតាមការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣នេះផងដែរ ខណៈដែលថវិកាសម្រាប់ការសាងសង់គឺមានចំនួន ៣៥ លានដុល្លារ៕

អត្ថបទ៖ កឹម ប៊ុនធឿន

325428498 1603439400107047 7513381191267008078 N (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia