ជំពាក់លុយច្រើនជាងគេ! ដាច់ឆ្នាំ២០២៣ ខេត្ត២នេះមានប្រជាជនជំពាក់បំណុលធនាគារច្រើនជាងគេបំផុតបន្ទាប់ពីភ្នំពេញ
Toeuy HongAPRIL 4 202418.5 K views

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ  (ខេមបូឌា) ខូ អិលធីឌី ហៅថាកាត់ថាស៊ីប៊ីស៊ីទើបតែចេញរបាយការណ៍ប្រចាំឆ្នាំ២០២៣កន្លងទៅបង្ហាញពីស្ថានភាពឥណទាននៅកម្ពុជា ដោយក្នុងរបាយការណ៍នោះបានបង្ហាញថាគិតត្រឹមចុងខែធ្នូឆ្នាំ២០២៣ គ្រឹះស្ថានជាសមាជិករបស់CBC ទាំងអស់បានផ្ដល់ប្រាក់កម្ចីចំនួន ២៣២,៣៩៣,៣៩៤លានរៀល(ប្រមាណជាង៥៧ពាន់លានដុល្លារ) ដល់ពលរដ្ឋ៤.៩៨លាននាក់នៅក្នុង២៥រាជធានីខេត្ត។

នៅក្នុង២៥រាជធានីខេត្ត មានរាជធានីខេត្តចំនួន៣គឺ ភ្នំពេញ ខេត្តកណ្ដាលនិងខេត្តសៀមរាបមានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុច្រើនបំផុតពោលគឺរហូតដល់ទៅ៦០%នៃសមតុល្យឥណទានសរុប។ សម្រាប់រាជធានីភ្នំពេញ មានបរិមាណឥណទានច្រើនជាងគេចំនួន ១១៤,៤៩៤,២១៤លានរៀលស្មើនឹង៥០%នៃសមតុល្យឥណទានទូទាំងប្រទេស  និងមានអ្នកខ្ចីប្រាក់ចំនួន៦៧.៧ម៉ឺននាក់។

បន្ទាប់ពីអ្នកភ្នំពេញ ខេត្តដែលមានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុច្រើនបំផុតគឺខេត្តកណ្ដាល ដោយមានបរិមាណឥណទានចំនួន ១១,១៦៣,៥៩៣លានរៀលស្មើនឹង៧.៨%នៃសមតុល្យឥណទានទូទាំងប្រទេសនិងមានអ្នកខ្ចីប្រាក់ចំនួន៣៨.៤ម៉ឺននាក់។

ចំណែកខេត្តសៀមរាបគឺជាខេត្តដែលមានអ្នកខ្ចីលុយគ្រឹះស្ថានហិរញ្ញវត្ថុច្រើនបំផុតបន្ទាប់ពីខេត្តកណ្ដាលដោយមានបរិមាណឥណទានចំនួន ១០,៦៦៧,៨១២លានរៀលស្មើនឹង៤.៦%នៃសមតុល្យឥណទានទូទាំងប្រទេសនិងមានអ្នកខ្ចីប្រាក់ចំនួន៣២.៥ម៉ឺននាក់។ ចំណែកខេត្តដែលមានបរិមាណឥណទានទាបជាងគេចំនួន៣មានដូចជា ខេត្តមណ្ឌលគីរី ប៉ៃលិននិងខេត្តកែប។

ក្រៅពីនេះមានខេត្ត រាជធានីចំនួន ៣ដែលមានអត្រារៀងគ្នានៃការប្រើប្រាស់ឥណទានជាមធ្យមច្រើនជាងគេធៀបនឹងចំនួនប្រជាជនដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅគឺ ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ដែលមានអត្រា ៦២.៧%, ៦២.១% និង ៦១.១%។ ចំណែកខេត្តរាជធានីចំនួន៣ ដែលមានអត្រារៀងគ្នានៃការសងត្រលប់យឺតលើសពី ៩០ថ្ងៃទាបជាងគេគឺខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តព្រៃវែង ដែលមានអត្រា ២.៧%, ៣.១% និង ៣.២%។

ជារួម៧៦% នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់តែពី១ស្ថាប័នប៉ុណ្ណោះ និងប្រហែល២០%នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់២ស្ថាប័ន ហើយ៤%នៃអតិថិជនទូទាំងប្រទេសខ្ចីប្រាក់៣ស្ថាប័ន។ ចំណែកខេត្តស្វាយរៀង ខេត្តព្រះសីហនុនៅតែមានអត្រាអ្នកខ្ចីប្រាក់តែពី១ស្ថាប័នខ្ពស់ជាងគេលើស៨០%ដែលជាអត្រាល្អមួយ។

ចង់តាមដានព័ត៌មានសំខាន់ៗដែលទាក់ទងនឹងធនាគារនិងហិរញ្ញវត្ថុក៏ដូចជាការវិនិយោគអាចចូលគ្រុបតេឡេក្រាម   https://t.me/toeuy_hong

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia