ច្រើនតែមិនចាប់អារម្មណ៍! កត្ដាធំ ៣ ដែលធ្វើឲ្យអ្នកទិញ-លក់អចលនទ្រព្យងាយជួបគ្រោះថ្នាក់
Bunthoeun KoemSEPTEMBER 22 2023115 views

ការទិញលក់អចលនទ្រព្យដូចជាដី ផ្ទះ ខុនដូ ជាដើម បាននិងកំពុងមានភាពពេញនិយមយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយអ្នកខ្លះទិញសម្រាប់រស់នៅ និងអ្នកខ្លះទៀតទិញទុកឡើងថ្លៃដើម្បីយកប្រាក់ចំណេញជាដើម។

ប៉ុន្ដែក្នុងការវិនិយោគអចលនទ្រព្យនេះ ក៏មានអ្នកខ្លះទិញហើយបានទទួលនូវការខកចិត្ដត្រឡប់មកវិញដូចជា ទិញហើយមិនត្រូវចិត្ដ មិនឡើងថ្លៃ បញ្ហាបង់ប្រាក់ជាដើម ដោយសារមុនពេលទិញគឺមិនបានគិតឲ្យបានល្អិតល្អន់។ ដូច្នេះថ្ងៃនេះ Business Cambodia នឹងលើកយកចំណុចរសើប ៣ ដែលអ្នកទិញផ្ទះ ទិញ មិនសូវបានគិតដិតដល់ ហើយវាក៏ជាឫសគល់នៃបញ្ហាក្រោយទិញរួចផងដែរ។

១. គ្មានហេតុផលច្បាស់លាស់

មុនទិញអចលនទ្រព្យអ្វីមួយអ្នកត្រូវរកហេតុផលជាមុនសិន ថាទិញដើម្បីអ្វី រស់នៅ ឬទិញទុកឡើងថ្លៃទាញយកផលចំណេញ។ មានហេតុច្បាស់នោះអ្នកនឹងងាយស្រួលក្នុងការជ្រើសរើសទីតាំង ឬប្រភេទអចលនទ្រព្យនោះ ដើម្បីឲ្យចំនូវអ្វីដែលខ្លួនចង់បាន និងទទួលបានផលត្រឡប់មកវិញ។ ឧទាហរណ៍៖ ចង់ទិញដីទុកយកចំណេញ ដូច្នេះអ្នកគួរវិនិយោគនៅតំបន់ណាដែលកំពុងមានការអភិវឌ្ឍន៍ ឬត្រៀមអភិវឌ្ឍន៍នៅពេលអនាគតដ៏ខ្លី នោះតម្លៃដីនឹងឡើងថ្លៃខ្លាងងាយទទួលបានផលចំណេញ បើធៀបនឹងទីតាំងដែលអភិវឌ្ឍន៍ខ្លួនហើយ។ ព្រោះថាទីតាំងដែលអភិវឌ្ឍន៍រួចគឺតម្លៃដីឡើងយឺត ហើយតម្លៃដីខ្លាំង។

ប៉ុន្ដែបើទិញដើម្បីសង់លំនៅឋានសម្រាប់រស់នៅ នោះអ្នកអាចរកមើលទីតាំងណាដែលល្អ ងាយស្រួលចេញ-ចូលកន្លែងធ្វើការ ជិតសាលារៀន ផ្សារ មន្ទីរពេទ្យ នោះនឹងមានភាពងាយស្រួលក្នុងការរស់នៅក្នុងថ្ងៃអនាគត។ បើផ្ទះវិញក៏ដូចគ្នាប្រសិនបើអ្នកទិញទុកឡើងថ្លៃ ដើម្បីលក់យកចំណេញ អ្នកត្រូវទិញផ្ទះប្រភេទណាដែលមានតម្រូវការទីផ្សារច្រើន ទីតាំងអំណោយផលល្អ

២. ទិញតាមគេ

ការទិញអចលនទ្រព្យគឺសំខាន់ត្រូវច្បាស់លាស់ខ្លួនឯង ព្រោះថាការទិញតាមគ្នាគឺជារឿងមិនល្អនោះទេ ព្រោះអាចទិញហើយមិនត្រូវចំអ្វីដែលខ្លួនចង់បាន និងមិនងាយឡើងថ្លៃ ឬទិញហើយបែជាមិនបានដីធ្វើឲ្យបាត់បង់លុយទទេៗ។

ដូច្នេះមុនទិញអ្វីមួយ ចាំបាច់អ្នកត្រូវទៅមើលដោយផ្ទាល់ និងពិនិត្យឲ្យបានច្បាស់ថា អចលនទ្រព្យល្អ ស្ថិតនៅទីតាំងល្អឬយ៉ាងណា ហើយឯកសារផ្លូវច្បាប់ត្រឹមត្រូវឬក៏អត់។ ការធ្វើបែបនេះនឹងធ្វើឲ្យយើងស្រួលសម្រេចចិត្ដមុននឹងដកលុយឲ្យគេ។ ត្រូវចាំថា មុនទិញអចលនទ្រព្យអ្វីមួយ យើងត្រូវដើមមើលឲ្យបានច្រើនទីតាំង។

៣. ហិរញ្ញាវត្ថុមិនច្បាស់លាស់

ការទិញអចលនទ្រព្យគឺចំណាយរយៈពេលវែង ទើបអាចទទួលបានផលចំណេញ ដូច្នេះមុនសម្រេចចិត្ដទិញ អ្នកត្រូវមើលលើធនធានហិរញ្ញវត្ថុរបស់ខ្លួនថា មានគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំថ្ងៃទេ ពេលដកលុយទៅទិញដី ឬក៏ផ្ទះរួច។ តើគួរខ្ចីលុយពីធនាគារទិញអចលនទ្រព្យនោះទេ? តើអាចដើររួចទេ ប្រសិនបើទិញដី ឬផ្ទះ របស់គេដោយបង់រំលង? តើបង់រំលស់រួចដី ឬក៏ផ្ទះនោះអាចនឹងឡើងថ្លៃខ្លាំងទេនាពេលខាងមុខ?

នេះសុទ្ធតែជាចំណេញដែលយើងត្រូវសួរខ្លួនឯងមុនសម្រេចចិត្ដទិញអចលនទ្រព្យអ្វីមួយៗ។ ព្រោះថាកន្លងមកនេះ មានអ្នកខ្លះបានសម្រេចទៅបង់រំលស់ ឬខ្ចីលុយធនាគារ ដើម្បីទិញផ្ទះ និងដី ដោយគិតថានឹងមានទ្រព្យមួយគ្រាន់នឹងរស់នៅ ឬអាចលក់បានចំណេញនៅពេលអនាគត។ ប៉ុន្ដែមិនបានគិតពីផ្នែកហិរញ្ញវត្ថុរបស់ខ្លួននោះទេ ថាអាចរាប់រងការចំណាយបានឬអត់ កុំឲ្យបង់ៗដល់ពាក់កន្លែងទីបែជារត់លែងរួច ធ្វើឲ្យគេរឹបអូសយកផ្ទះវិញ នាំឲ្យខាតទាំងពេលវេលា និងលុយកាក់។

ដូច្នេះទេ មុននឹងទិញអចលនទ្រព្យណាមួយ ដាត់ខាតត្រូវសិក្សាផ្នែកហិរញ្ញវត្ថុរបស់ខ្លួនឲ្យបានច្បាស់ជាមុនសិន ចៀសវាងជួបបញ្ហានៅថ្ងៃខាងមុខដែលយើងមើលមិនឃើញ៕

Ad05be66 F62b 4770 9278 95a5ecc22506

297133000 368362595474741 5632563753706110200 N