រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសជប៉ុន លោក Taku Eto បានសម្រេចលាលែងពីតំណែងភ្លាមៗ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីលោកធ្លោយមាត់និយាយពាក្យថាខ្លួន មិនធ្លាប់ទិញអង្ករហូបនៅផ្ទះឡើយ ពោលគឺចាំតែទទួល អង្ករដោយឥតគិតថ្លៃពីអ្នកគាំទ្រក៏ទទួលទានមិនអស់ដែរ ហើយថែមទាំងអាចលក់បានទៀតផង។
ខណៈសម្តីនេះបានទាក់ទាញសារប្រតិកម្មពីសាធារណៈជនជប៉ុនយ៉ាងសន្ធឹក ស្របពេលដែលប្រទេជប៉ុនកំពុងជួបប្រទះនូវការកើនឡើងតម្លៃអង្ករ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Time ។ ដូច្នេះតើលោក Taku Eto អតីតរដ្ឋមន្រ្តីក្រសួងកសិកម្មជប៉ុន ជានរណា?
មានអាយុ៦៤ឆ្នាំ លោក Taku Eto បានកើតនៅ Kadogawa, Miyazaki និងបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច នៅសកលវិទ្យាល័យ Seijo Etō ។ លោកបានចូលកាន់ការងារជារដ្ឋមន្រ្តីលើកដំបូង ក្នុងឆ្នាំ ២០០៣ បន្តពីឪពុករបស់គាត់គឺ Takami Eto ដែលជាអតីតរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលជប៉ុន។
លោកបានកាន់ការងារជាច្រើននៅក្នុងក្រសួងកសិកម្ម ចាប់តាំងពីលេខាសមាជិកសភា រដ្ឋលេខាធិការក្រសួងកសិកម្ម ប្រធានស្តីទីនាយកដ្ឋានកសិកម្ម នាយកគណៈកម្មាធិការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃខុទ្ទកាល័យ និងទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យ៉ាងណាមិញលោក Taku Eto បានលាលែងពីតំណែងកាលពីថ្ងៃពុធម្សិលមិញនេះ និងបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការលើកឡើងនេះហើយលោកថាខ្លួនមិនមែនជាមនុស្សត្រឹមត្រូវសម្រាប់តួនាទីនេះឡើយ។
ទន្ទឹមនឹងប្រទេសជប៉ុនមានវិបត្តិស្រូវអង្ករឡើងថ្លៃ បញ្ហានេះបានក្លាយជារឿងឈឺក្បាលសម្រាប់លោក នាយករដ្ឋមន្រ្តី Shigeru Ishiba ខណៈលោកបានផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្មទៅកាន់លោក Shinjiro Koizumi ដែលកាន់កាប់ក្រសួងបរិស្ថានក្រោមក្តីរំពឹងដ៏មុតមាំថាវិបត្តិស្រូវអង្ករនឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។
ដូច្នេះផ្អែកលើករណីដែលជាបទពិសោធន៍របស់លោក Taku Eto គឺបានផ្តលើមេរៀនដ៏ល្អថា ភាពជាអ្នកដឹកនាំគឺគ្រប់ទង្វើនិងពាក្យសម្តីគឺពិតជាមានឥទ្ធិពលណាស់ មួយម៉ាត់លាភមួយម៉ាតគ្រោះ ។ ហេតុនេះអ្នកដឹកនាំគ្រប់ស្រទាប់គឺពិតជាមិនអាចធ្វេសប្រហែសលើពាក្យសម្តីនិងគ្រប់កិច្ចការតូចធំដែលខ្លួនធ្វើនោះទេ ព្រោះធម្មជាតិមនុស្សតែងទុកអ្នកដឹកនាំជាគំរូ និងចូលចិត្តស្តាប់ពាក្យពិតពិរោះ៕
អត្ថបទដោយ៖ ពីង ជូអេង


