ចាប់ផ្តើមចេញពីអ្នករស់នៅជាប់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលភាគច្រើនសម្បូរទៅដោយទំនិញនាំចូលពីក្រៅប្រទេស លោក រស់ វិចិត្រ ដែលជាម្ចាស់សិប្បកម្ម នំវិចិត្របុត្រា បានផ្តើមគំនិតបង្កើតសិប្បកម្មផលិតនំពារ និងកែច្នៃកសិផលក្នុងស្រុកដោយបានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ សឹងតែគ្មានអ្នកគាំទ្រ រហូតដល់ពេលបច្ចុប្បន្ននេះមានទទួលស្គាល់និងគាំទ្រយ៉ាងខ្លាំងដែលធ្វើឲ្យលោកអាចផលិតនំបានមួយថ្ងៃរាប់ពាន់នំនិងអាចលក់ចែកចាយពេញផ្សារទំនើបនៅរាជធានីភ្នំពេញ។
លោក រស់ វិចិត្រ ដែលជាម្ចាស់សិប្បកម្ម នំវិចិត្របុត្រា បានបង្ហើបថា សិប្បកម្មនេះមិនមែនជាមរតកពីដូនតាទេ ពោលជំហ៊ានដំបូងគឺលោកចង់ចាប់ផ្តើមផលិតទំនិញក្នុងស្រុក និងកែច្នៃកសិផលនៅតំបន់ជាប់ព្រំដែនបន្ទាយមានជ័យ ដែលភាគច្រើនពឹងផ្អែកលើផលិតផលនាំចូល ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋានដូច្នេះទើបអំឡុងឆ្នាំ ២០១៩ លោកបានចាប់ផ្តើមបើកសិប្បកម្មនេះឡើងតែម្តងដោយបើកដំបូងៗមិនសូវជាមានអ្នកគាំទ្រច្រើននោះទេ។
លោកវិចិត្រ បាននិយាយបន្តថានៅពេលដែលលោកបានផលិតនំពារលក់ចែកចាយនៅទីផ្សារដំបូងៗគ្មានអ្នកណាស្គាល់នោះទេទោះបីជាពេលនោះលោកបានខំប្រឹងចុះផ្សព្វផ្សាយយ៉ាងណាក៏ដោយគឺទទួលបានត្រឹមតែការបដិសេធពីអតិថិជនដែរ ព្រោះភាគច្រើនគេមិនទទួលលក់ផលិតផលខ្មែរនោះទេ ជាពិសេសនោះជំនាន់នោះគឺទីផ្សារចង្អៀតខ្លាំងមែនទែននៅពេលដែលយើងចុះផ្សព្វផ្សាយពីផលិតផលខ្មែរពីកន្លែង១ទៅកន្លែង១គេមិនចង់យកលក់បន្តនោះទេរហូតធ្វើឲ្យលោកស្ទើរតែចង់បាក់ទឹកចិត្តតែម្តង។

ទោះជាយ៉ាងណា លោកមិនបានបោះបង់ក្តីស្រមៃចោលកណ្តាលទីឡើយ ដោយបានក្រោកឈរឡើងវិញ និងប្តូរយុទ្ធសាស្ត្រមកផ្តោតលើការពង្រឹងគុណភាព និងស្វែងរកឱកាសចូលទីផ្សារ ផ្សារទំនើបនៅភ្នំពេញដោយការតស៊ូដ៏ស្វិតស្វាញដោយពេលខ្លះត្រូវចំណាយពេលរហូតដល់ទៅ ២ ឆ្នាំ ទម្រាំទទួលបានកិច្ចសន្យាពីផ្សារទំនើបនីមួយៗរហូតដល់បច្ចុប្បន្នផលិតផលរបស់សិប្បកម្ម នំវិចិត្របុត្រា បានរីកធំធាត់ដល់ទៅប្រមាណ ៤៥ ទៅ ៥៥ មុខ នឹងមានវត្តមាននៅផ្សារទំនើបរហូតដល់ ៣៥ សាខា ជាពិសេសនោះនាពេលបច្ចុប្បន្ននេះលោកបានផលិតបានប្រមាណ ៤,៥០០ ទៅជាង ៥,០០០ នំក្នុងមួយថ្ងៃ និងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនគ្រប់ខេត្តក្រុងផងដែរ។

ហើយភាពជោគជ័យដែលសម្រេចបាននាពេលនេះ កើតចេញពីការជ្រើសរើសវត្ថុធាតុដើមក្នុងស្រុកដែលស្រស់ថ្មីរៀងរាល់ថ្ងៃ រួមមាន ស្ករត្នោត សណ្តែក ទុរេន ត្នោត ពងទា និងម្នាស់ ដើម្បីធានាបាននំពារដែលចេញពីសិប្បកម្មរបស់លោកមានសំបកស្តើង ស្នូលទន់ល្មើយ និងរសជាតិឆ្ងាញ់។ ហើយបើនិយាយអំពីនំពារនៅសិប្បកម្មនំវិចិត្រាមានច្រើនជម្រើសមែនទែនដោយមានដូចជា៖ សណ្តែកត្រាវសរសៃមាស, នំពារពងមាន់ នំពារតើយពងមាន់ សណ្តែកសសៃមាស ដូងតើយសសៃមាស ដូងសសៃមាសពងប្រៃ សសៃមាសសុទ្ធ សណ្តែកតើយ សណ្តែកសសៃមាស សសៃមាសសុទ្ធ២រសជាតិ សណ្តែកតើយត្រាវ ដូងសសៃមាស នំពារដូងតើយ នំពារដូង។ល។

អ្វីដែលជួយឱ្យលោកបន្តឈរជើងបានរហូតមកដល់សព្វថ្ងៃ គឺកម្លាំងចិត្តពីគ្រួសារ និងការទទួលខុសត្រូវចំពោះបុគ្គលិកទាំង ២៧ នាក់ ព្រមទាំងការជឿជាក់ថាធុរកិច្ចក្នុងស្រុកគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ។ លោកក៏បានផ្ញើសារលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មក្នុងស្រុកកុំឱ្យបាក់ទឹកចិត្ត ហើយអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរជួយគាំទ្រផលិតផលជាតិ ដើម្បីផ្តល់កម្លាំងចិត្ត និងជំរុញឱ្យផលិតកម្មក្នុងស្រុកបន្តរីកចម្រើនទៅមុខ។

យ៉ាងណាមិញ រាល់ការជាវផលិតផលខ្មែរមួយមុខ មិនត្រឹមតែជាការទទួលបាននំដែលមានរសជាតិឆ្ងាញ់ និងគុណភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការជួយលើកស្ទួយផលិតផលក្នុងស្រុក ក៏ដូចជាការជួយដល់ កសិករដែលខំដាំដុះ និងជាកម្លាំងចលករជួយឱ្យសហគ្រិនខ្មែរហ៊ានបោះជំហានបន្តទៅមុខទៀតដូច្នេះហើយសូមបងប្អូនកុំភ្លេចចូលរួមគាំទ្រ និងភ្លក់រសជាតិនំពាររបស់សិប្បកម្ម នំវិចិត្របុត្រា ក៏ដូចជាផលិតផលកូនខ្មែរយើងទាំងអស់គ្នាផងដែរ។

យ៉ាងណាមិញ ភាពជោគជ័យរបស់ នំវិចិត្របុត្រា នាពេលនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែជាលទ្ធផលនៃការមិនចុះចាញ់ចំពោះការបដិសេធ និងការប្រកាន់ខ្ជាប់នូវគុណភាពជាចម្បង។ នៅពេលដែលអាជីវកម្មក្នុងស្រុកកាន់តែរឹងមាំ សេដ្ឋកិច្ចជាតិក៏កាន់តែមានសន្ទុះរីកចម្រើនទៅតាមនោះដែរ។សម្រាប់ដំណាក់កាលបន្ទាប់ លោកវិចិត្រ បានកំណត់ផែនការពង្រឹងទីផ្សារក្នុងស្រុកពីឆ្នាំ ២០២៥ ដល់ ២០៣០ មុននឹងត្រៀមពង្រីកទៅទីផ្សារក្រៅប្រទេសពីឆ្នាំ ២០៣០ ដល់ ២០៣៥ ដោយផ្តោតលើការរៀបចំស្តង់ដារ និងបច្ចេកទេសឱ្យរឹងមាំជាមុនសិន។ សម្រាប់បងប្អូនចង់សាករសជាតិនំពាររបស់នំវិចិត្របុត្រាឬបងប្អូនដែលចង់បោះដុំលក់បន្តអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១១ ៤២០ ៤០០/០១៥ ៤២០ ៤០០ ឬអាចទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក នំវិចិត្របុត្រាបានផងដែរ។ សម្រាប់ទីតាំងផលិតនំផ្ទាល់គឺស្ថិតនៅក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕


