ការស្វែងរកឃើញនូវទេពកោសល្យរបស់ខ្លួនឯងទាំងវ័យក្មេង បានលឿនរហ័ស គឺជារឿងមួយដ៏គួរឱ្យកោតសរសើរ និងគួរឱ្យត្រេកអរខ្លាំងបំផុតមួយ ព្រោះមានបានផ្ដល់នូវប្រយោជន៍ជាច្រើនសម្រាប់បុគ្គលម្នាក់ៗ។ ចំពោះមូលហេតុព្រោះ រាល់បុគ្គលដែលអាចស្វែងរកឃើញនូវទេពកោសល្យខ្លួនឯង និងធ្វើអ្វីៗឱ្យត្រូវជាមួយនឹងទេពកោសល្យខ្លួនឯងបានខ្លាំងបំផុត នឹងធ្វើឱ្យបុគ្គលម្នាក់នោះក្លាយជាមនុស្សម្នាក់មានភាពលេចធ្លោ និងទទួលបាននូវសមិទ្ធផលធំៗជាច្រើនក្នុងជីវិត។
ជាក់ស្ដែងសម្រាប់ព្រះនាងម្ចាស់ នរោត្តម ជេនណា ដែលប្រសូតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១២ នៅទីក្រុងប៉ារីស ប្រទេសបារាំង បច្ចុប្បន្នមានព្រះជន្មត្រឹមតែ ១១ ព្រះវស្សាតែប៉ុណ្ណោះ ប៉ុន្តែព្រះនាង ទ្រង់កំពុងតែទទួលបាននូវភាពលេចធ្លោ និងទទួលបានភាពរីកចម្រើន ការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា តាមរយៈការបង្ហាញនូវសមត្ថភាពពិសេសផ្នែកសិល្បៈ និងភាសា។
ថ្វីត្បិតតែទ្រង់មានព្រះជន្មត្រឹមតែ១១ព្រះវស្សាក៏ពិតមែន ប៉ុន្តែដោយសារតែទេពកោសល្យពីធម្មជាតិបូករួមជាមួយនិងការហ្វឹកហាត់ បានធ្វើឱ្យព្រះនាងក្លាយជាបុគ្គលដែលមានសមត្ថភាពលេចធ្លោផ្នែកសិល្បៈដោយទ្រង់អាច ច្រៀងបានយ៉ាងពិរោះរណ្ដំទាំងបទចម្រៀងសម័យទំនើបនិងបុរាណ សមត្ថភាពក្នុងការសម្ដែង សមត្ថភាពរាំយ៉ាងរស់រវើក (របាំអប្សរា និងស្ទីលកូរ៉េ K-POP) រួមទាំងសមត្ថភាពដើរម៉ូតគួរឱ្យទាក់ទាញផងដែរ។
បើសម្លឹងមើលសមត្ថភាពផ្នែកភាសាវិញ គឺព្រះនាងតូចអាចនិយាយបានរហូតដល់ទៅ៥ភាសាឯនោះរួមមាន៖ ភាសាខ្មែរ ភាសាអង់គ្លេស ចិន ថៃ បារាំង ដែលនេះគឺជាសមត្ថភាពដ៏ពិសេសមួយ ដែលមនុស្សភាគច្រើនពិបាកធ្វើបានបំផុត។ បើនិយាយអំពីស្នាដៃចម្រៀងរបស់ទ្រង់កន្លងមក គឺមានស្នាដៃជាច្រើន ដែលបានចេញផ្សាយនិងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់ទ្រង់រួមមានដូចជាបទ ១. ដួងចន្ទ កន្ទ្រឹមខែចេត្រ មិនចុះចាញ់ កោះអូនកោះបង ជូនពរថ្ងៃបុណ្យអ៊ុំទូក ជំនោរដើមខែ កង្កែបរាំវង់ នាងឆ្ងល់ មាគ៌ាអង្គរ ឈូងស្អំបេះដូង រួមទាំងបទចម្រៀងល្បីៗជាច្រើនទៀតរបស់ទ្រង់។
ចំពោះបណ្ដាញសង្គមទ្រង់វិញ គឺបានទាក់ទាញអ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុក ២.២លាននាក់ បណ្ដាញសង្គមយូធូបជិត ៨៥ម៉ឺននាក់ បណ្ដាញសង្គមតីកតុកជាង ៩២ម៉ឺននាក់ គិតត្រឹមថ្ងៃទី ១៣ មិថុនា ឆ្នាំ២០២៣នេះ។ អ្វីដែលរឹតតែពិសេសបំផុតនោះ គឺមានប្រភពមួយចំនួនបង្ហាញថា ព្រះនាងអាចនឹងត្រៀមខ្លួន ដើម្បីក្លាយជាតារា Kpop របស់ប្រទេសកូរ៉េឆាប់ៗផងដែរ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការពីព្រះនាងផ្ទាល់ក៏ដោយ។
គួរជម្រាបផងដែរ អង្គម្ចាស់ នរោត្តម ជេនណា គឺជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និងត្រូវជាចៅលួតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់មានសមត្ថភាពពិសេសជាច្រើនលើវិស័យសិល្បៈ តាំងតែពីវ័យកុមារមកម៉្លេះ៕