មិនត្រឹមតែមានទេពកោសល្យសិល្បៈ និងរូបស្រស់ ព្រះនាង ជេនណា ថែមទាំងអាចនិយាយភាសាទាំង៥នេះទៀត
Ping Chou EngFEBRUARY 22 2024250 views

មានសមត្ថភាពសិល្បៈចាប់តាំងពីវ័យមិនទាន់១០វស្សា ខ្សែរាជវង្សកម្ពុជា ​ព្រះនាងម្ចាស់ នរោត្តម​ ជេនណា មិនត្រឹមតែមានទេពកោសល្យខ្ពស់ និងរូបសម្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនិយាយ៥ភាសាដូចជា ភាសាជាតិខ្មែរ ភាសាអង់គ្លេស ចិន ថៃ បារាំង​។

ស្ថិតក្នុងវ័យ១២ព្រះវស្សានេះព្រះនាងតូចអាចរាំរបាំអប្សរា ក្បាច់រាំ K-POP និងច្រៀងចម្រៀងបុរាណសម័យជាច្រើនប្រភេទ​ ដោយក្នុងនោះព្រះនាងបាននាំយកវប្បធម៌និងសិល្បៈខ្មែរទៅកាន់ឆាកក្រៅប្រទេស ដូចជាកម្មវិធីរបស់ទូរស្សន៍ជាតិចិន ឆាកហូលីវូដ និងអាចត្រៀមខ្លួនប្រឡូកដើម្បីក្លាយជាតារា Kpop របស់ប្រទេសកូរ៉េ។

ដោយឡែកកាលពីពេលថ្មីៗមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រះរាជសកម្មភាពដែលព្រះនាងម្ចាស់ នរោត្តម ជេនណា​ បានយាងធ្វើនំបញ្ចុកខ្មែរ ជាមួយអ្នកផលិតមាតិកាកញ្ញា ស្រី ផាច ចែកជូនបងប្អូនខ្មែរនៅទីជនបទស្រុកស្រែចំការ ដែលនេះរាប់ថាជាទិដ្ឋភាពដ៏ប្លែកមួយហើយសម្រាប់អ្នកទស្សនា។

គិតមកត្រឹមម៉ោងនេះវីឌីអូធ្វើនំបញ្ចុកសម្លប្រហើរ ចែកជូនអ្នកភូមិមួយនេះ មានអ្នកចូលទស្សនារហូតដល់ទៅ ៦លានដង ខណៈមហាជនបានផ្ទុះការគោរពកោតសរសើរព្រះទ័យរបស់ព្រះនាងតូច ជេនណា ជាខ្លាំងដែលមិនប្រកាន់ខ្លួន និងបន្ទាបខ្លួនយ៉ាងសាមញ្ញ បើទោះបីទ្រង់ជាខ្សែរាជវង្សក្តី។ ចំពោះសកម្មភាពនេះព្រះនាងឈ្វេងយល់ថានឹងអាចនាំឱ្យម្ហូបខ្មែររបស់យើងកាន់តែទទួលបានការលើកតម្កើងនិងការមានទទួលស្គាល់ ទៅកាន់ពិភពលោក។

គួររំលឹកថាអង្គម្ចាស់ នរោត្តម ជេនណា បានប្រសូត​ ឆ្នាំ​ ២០១២ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ព្រះនាងជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និងត្រូវជាចៅលួតរបស់ព្រះករុណា ព្រះបាទ​សម្តេចព្រះ ន​រោ​ត្ត​ម សីហនុ ព្រះ​បរម​រតន​កោដ្ឋ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia