មុននេះបន្តិច យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងសាំងដែលត្រូវលក់នៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.០៥០ រៀល/ក្នុង១លីត្រសម្រាប់សាំងធម្មតា EA92 និង ៥,១០០ រៀល/ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ចំណែកឯតម្លៃមធ្យមប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិវិញ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់២០ ខែមេសា ឆ្នាំ២០២២ នឹងត្រូវលក់ ៥,២១០រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៥,២៦០ រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។ តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុងមួយលីត្រ។
សូមរំលឹកថា តាំងពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះតម្លៃប្រេងសាំងដែលត្រូវលក់នៅកម្ពុជា គឺមានតម្លៃ ៥,២៥០ រៀលក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង ៥,៣០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕


