ទីបំផុតកំណាត់ផ្លូវខេត្ដលេខ៣១២ ដែលមានប្រវែងសរុប ២៨,៣៧គីឡូម៉ែត្រ មានទីតាំងស្ថិតនៅក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ត្រៀមរៀបចំពិធីបើកការដ្ឋានជួសជុល និងលើកគុណភាពនាពេលឆាប់ៗខាងមុខនេះហើយ។ នេះបើយោងតាមចុះផ្សាយរបស់ក្រសួងសាធារណកា និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។
ជាក់ស្ដែងនៅថ្ងៃទី១៣ ឧសភានេះ ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការត្រៀមរៀបចំពិធីបើកការដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការ បានរៀបចំកិច្ចប្រជុំដើម្បីបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋាន។
តាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជួសជុលថែទាំកំណាត់ផ្លូវខេត្ដលេខ៣១២ (សំរោង-ករគោ ព្រំប្រទល់កម្ពុជា-វៀតណាម) មានប្រវែងសរុប ២៨,៣៧ គីឡូម៉ែត្រ មានទីតាំងស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង។ គម្រោងនេះសាងសង់ឡើងក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
សូមជម្រាបផងដែរថា ពិធីបើកការដ្ឋានជួលជុលថែទាំ និងលើកកម្រិតគុណភាពផ្លូវខេត្ដលេខ៣១២ នេះគ្រោងនឹងប្រារព្ធឡើងនៅសប្ដាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត