ច្បាស់ការ! គម្រោងជីកផ្លូវទឹកពីទន្លេទៅសមុទ្រ “ព្រែកជីកហ្វូណនតេជោ” នឹងត្រូវឆ្លងកាត់ខេត្ដ ៤ នេះ
Bunthoeun KoemMAY 20 202326.7 K views

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តការអនុវត្ដគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលជាគម្រោងជីកផ្លូវទឹកពីទន្លេទៅសមុទ្រដំបូងបំផុតក្នុងប្រវត្ដិសាស្រ្ដ។ ក្នុងនោះគណៈរដ្ឋមន្ដ្រីក៏បានសម្រេចប្រសិទ្ធនាមគម្រោងនេះជា “ព្រែកជីកហ្វូណនតេជោ” ផងដែរ។

347830813 1628676044295785 5337323717791948711 N

តាមការសិក្សាបង្ហាញថា គម្រោងផ្លូវទឹកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រេកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦ លាននាក់រស់នៅអមសងខាងផ្លូវទឹកនេះ។

ផ្លូវទឹកនេះមានមុខកាត់ផ្នែកខាងលើប្រវែង ១០០ ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៦ ម៉ែត្រ និងគម្លាតសុវត្ថិភាព ៧,៧ ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២ គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះ នឹងត្រូវសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣ កន្លែង សាងសង់ស្ពានចំនួន ១១កន្លែង សាងសង់ផ្លូវអមសងខាងប្រវែង​ ២០៨ គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័នឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

ពេលសាងសង់រួចគម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។

គម្រោងនេះ នឹងផ្ដល់ផលចំណេញលើតម្លៃដឹកជញ្ជូនប្រមាណ ១៧០លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ២០ហ្វីត ស្មើនឹង (១TEUs) និងចំណេញប្រមាណ ២២៣លានដុល្លារអាមេរិក សម្រាប់ទំនិញប្រភេទកុងតឺន័រ ៤០ហ្វីត (២TEUs) ដែលតម្លៃនេះ គឺទាបជាងតម្លៃដឹកជញ្ជូននាពេលបច្ចុប្បន្នប្រមាណ ១៦%៕

អត្ថបទ៖ កឹម ប៊ុនធឿន

976

348231138 1011163643627607 4678116267965691288 N

347800051 555429473439553 9114796293166672349 N

348235596 945370776746166 3721046787103983643 N

348238700 224069360330533 1302837516913351359 N

347858451 947678699765258 6921121119473745583 N

347842668 226126063456975 7483578669075881124 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia