កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) នៃគម្រោង “ព្រែកជីកហ្វូណនតេជោ”។ ដោយកម្មវិធីនេះបានរៀបចំឡើងនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន និងមានអញ្ជើញចូលរួមក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខានេះ បានអនុញ្ញាតឱ្យក្រុមហ៊ុន CRBC អាចសិក្សាលម្អិតលើគ្រប់ទិដ្ឋភាពទាំងអស់ពាក់ព័ន្ធនឹងគម្រោងនេះ ក្នុងរយៈពេល៨ខែ ហើយការចុះហត្ថលេខានៅថ្ងៃនេះ ជាការបោះជំហានទៅរកភាពជោគជ័យមួយកម្រិតទៀតលើគម្រោងដឹកជញ្ជូនតាមផ្លូវដឹកដ៏ធំរបស់កម្ពុជា។
សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែឧសភា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តការអនុវត្ដគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលជាគម្រោងជីកផ្លូវទឹកពីទន្លេទៅសមុទ្រដំបូងបំផុតក្នុងប្រវត្ដិសាស្រ្ដ។ ក្នុងនោះគណៈរដ្ឋមន្ដ្រីបានសម្រេចប្រសិទ្ធនាមគម្រោងនេះជា “ព្រែកជីកហ្វូណនតេជោ”។
តាមការសិក្សា គម្រោងផ្លូវទឹកនេះមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រេកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត និងខេត្ដកែប។ ហើយគម្រោងនេះនឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១.៧ ពាន់លានដុល្លារ៕