មិនភ័យខ្វះលុយសម្រាល! ស្រ្តីមានផ្ទៃពោះ អាចទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល គ្រាន់តែបំពេញលក្ខខណ្ឌ ៣នេះ
Kan DaraJANUARY 12 202659.2 K views

ដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារកឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់យ៉ាងពិសេស សម្រាប់សមាជិកសន្តិសុខសង្គម (ប.ស.ស.)។ កម្មវិធីនេះផ្តល់ការគាំទ្រតាំងពីដំណាក់កាលពពោះ រហូតដល់កុមារមានអាយុ ២ឆ្នាំ។

 

កម្មវិធីឧបត្ថម្ភខាងលើត្រូវបានបែងចែកជា ៣ ដំណាក់កាលធំៗ ស្របតាមការពិនិត្យសុខភាពជាក់ស្តែង៖

 

-       ដំណាក់កាលទី១ (អំឡុងពេលពពោះ): ទទួលបានការឧបត្ថម្ភចំនួន ៤លើក ទៅតាមអាយុគភ៌ដែលបានកំណត់ (មុន ១២សប្តាហ៍, ចន្លោះ ២០-២៤សប្តាហ៍, ៣០-៣២សប្តាហ៍ និង ៣៦-៣៨សប្តាហ៍)។

 

-       ដំណាក់កាលទី២ (ពេលសម្រាលកូន): ការឧបត្ថម្ភដ៏ធំមួយលើកនៅពេលសម្រាលកូនផ្ទាល់។

 

-       ដំណាក់កាលទី៣ (ក្រោយសម្រាលរហូតដល់កូនអាយុ ២ឆ្នាំ): ការឧបត្ថម្ភសម្រាប់ការពិនិត្យសុខភាពមាតា និងកុមារចំនួន ១០លើកបន្ថែមទៀត (ចាប់ពីថ្ងៃដំបូងក្រោយសម្រាល រហូតដល់កុមារមានអាយុ ២៤ខែ)។

 

កម្មវិធីនេះក៏មានគោលការណ៍គាំពារផងដែរ ក្នុងករណីអកុសលដូចជា កូនស្លាប់ពេលសម្រាល ឬមាតាស្លាប់ក្នុងពេលសម្រាល ដើម្បីជួយសម្រាលបន្ទុកគ្រួសារក្នុងគ្រាដ៏លំបាក។

 

យ៉ាងណាមិញ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ អាចមានសិទ្ធិចុះឈ្មោះទទួលប្រាក់ឧបត្ថម្ភ លុះត្រាតែបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

 

១/. មានប័ណ្ណសមាជិក ប.ស.ស.: ត្រូវតែមានប័ណ្ណដែលមានសុពលភាពប្រើប្រាស់។

 

២/. ប្រើប្រាស់សេវាសុខាភិបាលរដ្ឋ: ត្រូវទៅទទួលសេវាពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពសាធារណៈ។

 

/. ការចុះឈ្មោះកុមារ: ចំពោះកុមារដែលម្តាយបានចុះឈ្មោះក្នុងកម្មវិធីរួចហើយ កុមារនោះនឹងត្រូវបញ្ចូលទៅក្នុងកម្មវិធីដោយស្វ័យប្រវត្តិ ដោយគ្រាន់តែភ្ជាប់មកជាមួយនូវប័ណ្ណសុខភាពកុមារ។

 

គួរជម្រាបផងដែរថា ដើម្បីបង្កលក្ខណៈងាយស្រួល បងប្អូនស្ត្រីជាសមាជិកត្រូវត្រៀមឯកសារសំខាន់ៗចំនួន ៤ រួមមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ប័ណ្ណសមាជិក ប.ស.ស., លេខទូរស័ព្ទ និងលេខគណនីធនាគារ (ដែលត្រូវបានកំណត់ដោយ ប.ស.ស.) និងសៀវភៅសុខភាពមាតា (ដែលមានបញ្ជាក់ពីអាយុភ័ក្តិដំបូង ចេញដោយមូលដ្ឋានសុខាភិបាលសាធារណៈ)៕

៥

៤

៣

២

១

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia