ទីបំផុតគ្រឹះស្ថានមីក្រូល្បីឈ្មោះ ប្រាសាក់ បានប្រែក្លាយខ្លួនជាធនាគារពាណិជ្ជជាផ្លូវការ បន្ទាប់ត្រូវបានទិញយកដោយធនាគារដ៏ធំមួយរបស់កូរ៉េខាងត្បូង ដែលគ្រប់គ្នាស្គាល់ឈ្មោះនៅស្រុកខ្មែរថា ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី។
តាមរយៈការបង្ហោះនូវសេចក្ដីជូនដំណឹងលើផេកផ្លូវការរបស់ ប្រាសាក់ បានឱ្យដឹងថា ប្រាសាក់បានប្ដូរឈ្មោះទៅជា ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC BANK Plc.) ក្រោយពីការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និង ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី ដោយមានអាជ្ញាបណ្ណធនាគារពាណិជ្ជ ពី ធនាគារជាតិ នៃ កម្ពុជា។
ប្រភពពី The Korea Economic Daily បានឱ្យដឹងដែរថា កាលពីខែមេសា ឆ្នាំ២០២០ ធនាគារ គូកមីន បានទិញភាគហ៊ុនចំនួន ៧០% នៅក្នុងក្រុមហ៊ុនកម្ចីខ្នាតតូច Prasac Microfinance និងបានទិញភាគហ៊ុនដែលនៅសល់ទាំងអស់ក្នុងខែតុលា ឆ្នាំ២០២១។
ក្នុងដំណើរការនៃការរួមបញ្ចូលគ្នានេះ ធនាគារ គូកមីន ប្ដេជ្ញាថានឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ប្រាសាក់ ដោយផ្ដោតលើការលក់រាយ ដើម្បីបោះជំហានចូលទៅក្នុងវិស័យផ្សេងទៀតដូចជា ហិរញ្ញវត្ថុសាជីវកម្មជាដើម៕
អត្ថបទដោយ៖ សូ សុខលី


