ភ្នំពេញ៖ ធនាគារ PPCBank បានប្រកាសដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ថ្មីរបស់ខ្លួន ដោយបានចូលរួមសហការជាមួយធនាគារ Jeonbuk Bank ដែលជាធនាគារដ៏ធំមួយរបស់ ប្រទេសកូរ៉េខាងត្បូង ដើម្បីពង្រីកសេវាផ្ទេរប្រាក់ឆ្លងប្រទេស ទាំងទៅ និងមកកម្ពុជា។
កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងផ្តល់លទ្ធភាពកាន់តែច្រើនសម្រាប់អតិថិជន ក្នុងការផ្ញើ ប្រាក់ពីប្រទេសកម្ពុជាទៅកាន់សាច់ញាតិបងប្អូន និងមនុស្សជាទីស្រឡាញ់នៅប្រទេសកូរ៉េ ខាងត្បូង តាមរយៈកម្មវិធី PPCBank Mobile។
អតិថិជនទាំងអស់ដែលប្រើប្រាស់កម្មវិធី PPCBank Mobile អាចផ្ទេរប្រាក់ទៅអ្នកទទួលផល ដែលមានគណនីនៅធនាគារ Jeonbuk Bank បានយ៉ាងឆាប់រហ័ស ងាយស្រួល និងតម្លៃ សេវាទាប ព្រមទាំងរីករាយជាមួយបទពិសោធន៍ផ្ទេរប្រាក់ដ៏រលូន និងសុវត្ថិភាពខ្ពស់ ទៅកាន់ប្រទេសកូរ៉េផងដែរ។
ធនាគារ PPCBank បានបណ្តាក់ទុនយ៉ាងច្រើនលើការកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធឌីជីថល ដើម្បីក្លាយជាធនាគារឈានមុខគេនៅក្នុងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ន ដែល ទាំងអស់នេះធ្វើឡើង ក្នុងគោលបំណងបម្រើអតិថិជននៅក្នុងប្រទេសកម្ពុជាឲ្យបានកាន់ តែល្អប្រសើរថែមទៀត។
ទឹកប្រាក់ដែលផ្ញើដោយអតិថិជនគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា តាមរយៈគណនីធនាគារ PPCBank ទៅកាន់គណនីធនាគារ Jeonbuk Bank ត្រូវបានផ្ទេរភ្លាមៗ បន្ទាប់ពីអ្នកផ្ញើបាន បញ្ចប់ប្រតិបត្តិការ។
លោក LEE Jin Young នាយកប្រតិបត្តិនៃធនាគារ PPCBank បានថ្លែងថា៖ “យើងមាន សេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការចាប់ដៃគូជាមួយធនាគារ Jeonbuk Bank ដើម្បីនាំ យកដំណោះស្រាយសេវាផ្ទេរប្រាក់ប្រកបដោយភាពច្នៃប្រឌិតរបស់យើង ជូនដល់អតិថិជន ដែលត្រូវការមធ្យោបាយមួយ ដែលមានសុវត្ថិភាពខ្ពស់ និងរហ័សទាន់ចិត្ត ក្នុងការផ្ទេរប្រាក់ ទៅកាន់ប្រជាជនកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង”។
លោកបន្តទៀតថា៖ “កិច្ចសហការនាពេលនេះបានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរួមគ្នារបស់ យើង ក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជន សម្រាប់ការផ្ទេរប្រាក់ឆ្លង ប្រទេស។”
ធនាគារ PPCBank អាចសម្រេចសមិទ្ធផលថ្មីនេះបាន ក៏ដោយសារភាពជាដៃគូរបស់ខ្លួន ជាមួយធនាគារ Jeonbuk Bank ដែលត្រូវបានគេមើលឃើញថាជាទំនាក់ទំនងដ៏សំខាន់មួយ រវាងវិស័យហិរញ្ញវត្ថុកម្ពុជា និងកូរ៉េខាងត្បូង ក្នុងការផ្តល់លទ្ធភាពដល់អតិថិជនអាចផ្ទេរ ប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជាតាមរយៈធនាគារ Jeonbuk Bank មកធនាគារ PPCBank ឬធនាគារណាមួយដែលជាសមាជិករបស់បាគង បន្ទាប់ពីបានដាក់ឲ្យដំណើរការ នៅឆ្នាំ ២០២២។
ជាមួយនឹងការបើកដំណើរការសេវាថ្មីនេះ ធនាគារមានការផ្តល់ជូនពិសេសដល់អតិថិជន ទាំងអស់ សម្រាប់ការផ្ទេរប្រាក់បានដល់ទៅ ៥.០០០ ដុល្លារអាមេរិក ដោយឥតគិតថ្លៃសេវា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៕