កុំដេកចាំសំណាង! បើចង់ចេញផុតពីភាពក្រីក្រលឿន សាកល្បងធ្វើរឿង ៥ យ៉ាងនេះ
Pov SaruJANUARY 27 2026346 views

មានមនុស្សជាច្រើនដែលកើតមកក្នុងគ្រួសារក្រីក្រ ត្រូវប្រឈមមុខនឹងភាពខ្វះខាតទាំងសម្ភារៈ និងឱកាសសិក្សា តែក៏មានមនុស្សមិនតិចនាក់ដែរ ដែលអាចកែប្រែវាសនារបស់ខ្លួនចាកចេញពីភាពលំបាកទាំងនេះ ក្លាយទៅជាមនុស្សដែលជោគជ័យត្រូវបានគេទទួលស្គាល់ និងការគោរពជាច្រើននៅក្នុងសង្គម។ ដូច្នេះហើយបើអ្នកចង់ចេញផុតពីភាពក្រីក្រ កុំដេកចាំតែសំណាងសាកល្បងធ្វើរឿង ៥ នេះ៖

 

១. ត្រូវផ្លាស់ប្ដូរគំនិត៖ កុំគិតតែរឿងអវិជ្ជមាន ត្រូវគិតរឿងវិជ្ជមាន វាប្រៀបដូចជាអ្នកប្រើច្បាប់ស្រូបទាញចឹង ប្រសិនបើអ្នកនៅតែគិតថា «ជីវិតមិនអាចប្រសើរឡើងបានទេ» នោះជីវិតនឹងនៅតែជាប់គាំងក្នុងស្ថានភាពដដែលៗមិនអាចរីកចម្រើនឡើយ។ ផ្ទុយពីមនុស្សជោគជ័យ គឺពួកគេតែងតែជឿជាក់លើខ្លួនឯងថា ខ្លួនអាចផ្លាស់ប្តូរវាសនារបស់ខ្លួនបានតាមរយៈការរៀនសូត្រ និងការខិតខំប្រឹងប្រែង។ ពួកគេមើលឃើញភាពបរាជ័យជាមេរៀន មិនមែនជាទីបញ្ចប់នៃជីវិតឡើយ។ គំនិតវិជ្ជមាន និងការជឿជាក់លើខ្លួនឯង គឺជាគ្រាប់ពូជដំបូងនៃភាពជោគជ័យ។ 

 

២. ត្រូវចេះវិនិយោគលើខ្លួនឯង៖ នៅសម័យបច្ចេកវិទ្យាបច្ចុប្បន្ន ជំនាញគឺជាគន្លឹះសំខាន់បំផុតក្នុងការបង្កើតចំណូល និងឱកាស។ មនុស្សដែលមិនមានទ្រព្យសម្បត្តិ អាចបង្កើតទ្រព្យសម្បត្តិបានតាមរយៈការរៀនជំនាញដែលទីផ្សារត្រូវការ ដូចជា ជំនាញបច្ចេកវិទ្យា ជំនាញទីផ្សារឌីជីថល ជំនាញភាសាបរទេស ឬជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ជាដើម។ ទាំងអស់នេះសុទ្ធតែជាជំនាញដែលមានទីផ្សារខ្លាំង បើអ្នកចេះជំនាញណាមួយច្បាស់មិនខ្វះទេការងារ ហើយចំណូលវិញមិនក្រោមខ្ទង់ពាន់ដុល្លារឡើយ។ អ្វីដែលពិសេស នេះគឺសុទ្ធតែជាជំនាញដែលអ្នកអាចរៀនបានដោយខ្លួនឯង សំខាន់គឺការតាំងចិត្ត និងត្រូវមានវិន័យលើខ្លួនឯង។ 

 

៣. ត្រូវចេះគ្រប់គ្រងលុយ៖ មនុស្សមួយចំនួនប្រហែលគិតថាខ្លួននៅតែក្រីក្រព្រោះតែរកចំណូលបានតិច តែការពិតវាមិនដូច្នេះទាំងស្រុងទេ មួយផ្នែកអាចមកពីអ្នកមិនចេះពីការគ្រប់គ្រងលុយ។ ចំពោះអ្នកជោគជ័យគឺពួកគេមានវិន័យក្នុងការចំណាយ ស្គាល់តម្លៃនៃប្រាក់ និងដឹងថាត្រូវសន្សំ និងវិនិយោគសម្រាប់អនាគត។ ពួកគេយល់ថា ប្រាក់គឺជាឧបករណ៍មួយសម្រាប់បង្កើតសេរីភាពក្នុងជីវិត មិនមែនសម្រាប់បំពេញតែភាពសប្បាយបណ្តោះអាសន្នទេ។

 


៤. ប្រើពេលវេលាឱ្យមានប្រយោជន៍៖ មនុស្សដែលអាចជោគជ័យ គឺជាមនុស្សដែលយល់ថាពេលវេលាជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត។ ពួកគេចំណាយពេលទំនេរដើម្បីអភិវឌ្ឍខ្លួនឯង អានសៀវភៅ សិក្សាបន្ថែម និងស្វែងរកឱកាសថ្មីៗ។ ខណៈដែលអ្នកមួយចំនួនវិញ ច្រើនតែចំណាយពេលលើការកម្សាន្តគ្មានគោលដៅ ឬនៅតែត្រាំត្រែងពិបាកចិត្តគ្មានដំណោះស្រាយ។ 

 

៥. ហ៊ានប្រឈមនឹងភាពបរាជ័យ៖ គ្មាននរណាម្នាក់ជោគជ័យដោយមិនធ្លាប់ឆ្លងកាត់ភាពបរាជ័យនោះទេ។ ភាពបរាជ័យគឺជាស្ពានឆ្ពោះទៅរកភាពជោគជ័យ បរាជ័យមិនមែនមានន័យថាអ្នកអសមត្ថភាព។ អ្វីដែលធ្វើឱ្យមនុស្សខុសគ្នា គឺមនុស្សខ្លះងាយបោះបង់ពេលបរាជ័យ ខណៈមនុស្សខ្លះយកភាពបរាជ័យធ្វើជាមេរៀន ហើយបន្តដំណើរទៅមុខ។ ការអត់ធ្មត់ និងការមិនបោះបង់ គឺជាគុណសម្បត្តិដ៏មានតម្លៃបំផុតក្នុងដំណើរទៅរកភាពជោគជ័យ។

 

យ៉ាងណាក៏ដោយ អ្វីដែលបានរៀបរាប់ខាងលើគឺសុទ្ធតែត្រូវការពេលវេលា មិនអាចធ្វើភ្លាមចេញជាលទ្ធភាពនោះទេ ដូច្នេះបើអ្នកពិតជាចង់បានជីវិតមួយដែលមានសេរីភាព មិនចង់រស់នៅក្នុងជីវិតដ៏លំបាកដូចមុនត្រូវចាប់ផ្ដើមពីពេលនេះ ចាប់ផ្ដើមពីខ្លួនអ្នកផ្ទាល់ ។ អ្វីគ្រប់យ៉ាងមិនបានមកដោយសារសំណាងទេ តែវានឹងបានមកដោយការខិតខំប្រឹងប្រែង។ ចាប់ផ្ដើមផ្លាស់ប្តូរគំនិត រៀនជំនាញថ្មីៗ រៀនគ្រប់គ្រងលុយឱ្យបានល្អ ប្រើពេលវេលាឱ្យមានតម្លៃ ហើយត្រូវហ៊ានប្រឈមមុខនឹងបញ្ហាកុំខ្លាចភាពបរាជ័យ។ ឈប់គិតរឿងអវិជ្ជមាន ត្រូវជឿជាក់លើខ្លួនឯងហើយទន្ទេញឱ្យជាប់ថា «ខ្ញុំនឹងមិននៅក្នុងភាពក្រីក្រ ពេញមួយជីវិតទេ»។ ចាប់ផ្តើមពីជំហានតូចៗនៅថ្ងៃនេះ អភិវឌ្ឍខ្លួនឯងរាល់ថ្ងៃ ហើយអនាគតនឹងបញ្ជាក់ថា ការខិតខំប្រឹងប្រែងមិនដែលបញ្ឆោតនរណាម្នាក់ឡើយ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia