អ្នកជំនួញស្រីវ័យក្មេង និងមានអាជីវកម្មច្រើនក្នុងដៃ លោកស្រី កាន់ ចន្ថា កំពុងតែជោគជ័យខ្លាំងជាមួយនឹងអាជីវកម្មកូនពៅ ដែលជាប្រេនថែរក្សាសម្រស់ឈ្មោះ Pichy P-White រហូតឈ្នះការប្រកួតប្រជែងពានរង្វាន់គុណភាពស្តង់ដារផលិតផលដល់ទៅ៤ ពីប្រទេសថៃ រហូតធ្វើឱ្យប្រេនរបស់ខ្លួន ក្លាយជាប្រេនខ្មែរដំបូងគេបង្អស់ ដែលត្រូវបានផ្សារទំនើបស្យ៉ាផារ៉ាហ្គន ទទួលលក់ចែកចាយបន្តនៅក្នុងប្រទេស។
ប្រេន Pichy P-White គឺជាផលិតផលគ្រឿងសម្អាងដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយលោកស្រី កាន់ ចន្ថា នៅក្នុងឆ្នាំ២០១៦។ ប្រេនម៉ាកល្បីនេះ ផ្តោតសំខាន់លើផលិតផលឡេលាបដងខ្លួនឱ្យស ស្ក្រាប់ និងស្ប៉ា។ ហើយថ្មីៗនេះ ប្រេន Pichy P-White ក៏បានបញ្ចេញនូវផលិតផលថ្មី ដែលជាផលិតផលការពារកម្តៅថ្ងៃ និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនចាស់ថ្មីផងដែរ។
ថ្លែងប្រាប់ Business Cambodia លោកស្រី កាន់ ចន្ថា បានឱ្យដឹងថា “ការទទួលបានពានចំនួន៤ ហើយថែមទាំងទទួលបានលិខិតសរសើរចំនួន៤បន្ថែមទៀតនេះ គឺជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ផលិតផលកូនខ្មែររបស់យើង គឺជាផលិតផលមានស្តង់ដារគុណភាពខ្ពស់ទាំងក្នុងនិងក្រៅប្រទេស” ។ លោកស្រីបានបន្តថា នៅក្នុងកម្មវិធីទទួលពាននៅឯប្រទេសថៃនោះ មានម្ចាស់ប្រេនជាច្រើននៅក្នុងប្រទេសថៃបានចូលរួម ប៉ុន្តែមានតែប្រេន Pichy P-White ទេ ដែលទទួលបានសិទ្ធិនៅក្នុងការផ្គត់ផ្គង់ផលិតផលរបស់ខ្លួន ឱ្យទៅផ្សារទំនើបស្យ៉ាផារ៉ាហ្គន ដែលជាផ្សារទំនើបដ៏ធំជាងគេ នៅក្នុងប្រទេសថៃ។
លោកស្រីបានឱ្យដឹងទៀតថា ក្រៅពីទទួលបានសិទ្ធិលក់ផលិតផលនៅក្នុងផ្សារទំនើបស្យ៉ាផារ៉ាហ្គនហើយនោះ ប្រេន Pichy P-White ក៏ទទួលបានងារជា Top CEO ដែលមានឱកាសអង្គុយកៅអីជួរមុខគេ លំដាប់ VIP បន្ទាប់ពីគណកម្មាធិការផងដែរ។ អ្វីដែលរំភើបជាងនេះ គឺគណកម្មាធិការ Beauty Award នៅក្នុងប្រទេសថៃ បានផ្តល់កិត្តិយស និងទទួលស្គាល់ផលិតផលជាខ្លាំង រហូតឱ្យក្រុមហ៊ុនរៀបចំផលិតផលជាកាដូមួយសម្រាប់ឱ្យពួកគាត់ យកទៅតាំងបង្ហាញនៅការិយាល័យរបស់ខ្លួនថែមទៀត។
អ្នកជំនួញស្រីវ័យក្មេងរូបនេះ បានបង្ហើបឱ្យដឹងដែរថា ភាពរីកចម្រើនយ៉ាងខ្លាំងរបស់ក្រុមហ៊ុន បានជួយឱ្យតំណាងចែកចាយជាច្រើន របស់ប្រេន Pichy P-White មានជីវភាពធូរធារ រហូតមានតំណាងខ្លះ ត្រូវបានក្រុមហ៊ុនលើកទឹកចិត្តជួយសង់ផ្ទះតម្លៃជាង១០ម៉ឺនដុល្លារ និងមានតំណាងឆ្នើមៗជាច្រើនទៀត ទទួលបានកាដូលើកទឹកចិត្តពីក្រុមហ៊ុនដូចជា រថយន្តតម្លៃ ២-៣ម៉ឺនដុល្លារ និងកាដូមាស ពេជ្រ ជាដើម។
គួរជម្រាបថា លោកស្រី កាន់ ចន្ថា ក្រៅពីមានជំនួញលក់ផលិតផលថែរក្សាសម្រស់ លោកស្រីក៏មានឃ្លាំងលក់រថយន្ត សិប្បកម្មគ្រឿងសង្ហារឹម ផ្ទះជួលនៅទីក្រុងភ្នំពេញ ហាងលក់ឧបករណ៍ភ្លេងតន្ត្រី និងអាជីវកម្មទិញលក់អង្គរធម្មជាតិ។ ហើយទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ក៏អាជីវកម្មរបស់លោកស្រីបន្តរីកចម្រើនឥតឈប់ផងដែរ។ ភាពរីកចម្រើននេះ គឺដោយសារលោកស្រីបានផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ដែលរួមមាន Facebook TikTok និងបណ្តាញសង្គមជាច្រើងផ្សេងទៀត។ លើសពីនេះ លោកស្រីបានរៀបចំអាជីវកម្មទាំងអស់របស់ខ្លួនឱ្យទៅជាអាជីវកម្មស្តង់ដារ ដែលមានភាពងាយស្រួលជាងមុន នៅក្នុងការដឹកនាំ គ្រប់គ្រង និងរៀបចំយុទ្ធសាស្រ្តថ្មីៗ ៕


