ពេជ្រ ពិសី ប្រាប់គន្លឹះធំៗ៤ ជួយឲ្យខ្លួនអាចកសាង FB page ពី ០ ឡើងដល់ជាង ៥០០K followers
Kan DaraJUNE 15 20237.6 K views

កញ្ញា ពេជ្រ ពិសី គឺជាអ្នកផលិតមាតិកាដ៏មានប្រជាប្រិយភាពមួយរូបលើបណ្ដាញសង្គមដែលមានអ្នកតាមដានរហូតដល់ជាងកន្លះលាននាក់ឯណោះ ខណៈវីឌីអូរបស់កញ្ញាភាគច្រើនផ្តោតទៅលើដំណើរកម្សាន្ត និងបទពិសោធន៍ផ្ទាល់ខ្លួន។

១

ខាងក្រោមនេះគឺជាគន្លឹះធំៗ៤ កញ្ញា ពេជ្រ ពិសី បានចែករំលែកជួយឲ្យខ្លួនអាចកសាង FB page ពី ០ ឡើងដល់ជាង ៥០០K followers៖

/. បង្កើត page ដំបូងដើម្បីតែផុស

ដំបូងឡើយ ពិសី បង្កើត FB page គ្រាន់តែទុកសម្រាប់ផុសរូបលេងធម្មតាៗប៉ុណ្ណោះ ព្រោះកញ្ញាចូលចិត្តការតុបតែងខ្លួននិងថតរូប ដោយពុំចង់ធ្វើវីឌីអូអ្វីនោះទេ។ កញ្ញាបានលើកឡើងថា៖ «ពេលដែលគិតថាចង់ធ្វើវីឌីអូ ខ្ញុំក៏បានសន្យាជាមួយអ្នក Like page ខ្ញុំថាប្រសិនបើបាន ៥K followers ខ្ញុំនឹងថតវីឌីអូ Vlog»។ ត្រឹមរយៈពេលខ្លី កញ្ញាក៏ទទួលបាន Followers ដូចអ្វីដែលបានកំណត់ ហើយវីឌីអូទីមួយក៏បានលេចវត្តមានឡើង។ ពិសី បានបន្តថា៖ «ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ស្រលាញ់អី្វធ្វើហ្នឹងទៅ សូម្បីតែខ្ញុំ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងអត់ប្រយោជន៍ ថតរូបហ្នឹងវាអត់បានអីទេ ប៉ុន្តែវានាំផ្លូវខ្ញុំមកដល់ថ្ងៃនេះ»

២

២/. ធ្វើតាមបេះដូង ប្រើធនធានមានស្រាប់

វីឌីអូលើកទីមួយបង្អស់គឺ វីឌីអូក្នុងម៉ាត Seven Eleven ប្រើលុយអស់ ១៣ម៉ឺនរៀល មានអ្នកមើល ១០០K ដែលជាកម្លាំងចិត្តធ្វើឲ្យ ពិសី ប្រឹងបន្តដំណើរទៅមុខទៀតទាំងសប្បាយចិត្ត។ កញ្ញាបានឲ្យដឹងយ៉ាងដូច្នេះថា៖ «វីឌីអូ Seven Eleven ធ្វើឲ្យខ្ញុំចេះធ្វើវីឌីអូមកដល់ថ្ងៃនេះ កាលហ្នឹងខ្ញុំប្រើទូរស័ព្ទ 7 plus តាំងពីចាប់ផ្តើមរហូតដល់ឥឡូវនៅតែថតកាំមេរ៉ាទូរស័ព្ទដដែល។ ការធ្វើវីឌីអូយើងកុំខ្ជះខ្ជាយលុយយកទៅទិញកាំមេរ៉ា រកបានពីវាសិន មានអ្នកឲ្យយើងប្រម៉ូត បើអត់ទាន់បានលុយពីវាទេកុំខ្ជះខ្ជាយលុយទៅទិញអី ជួនកាលទិញហើយអត់មានអ្នកមើល មិនខាតលុយហ្នឹងទៅហើយ»

៣

/. រក Sponsor

កាលណោះកញ្ញាមិនសូវមានលុយទេ ពេលទៅណាម្តងៗត្រូវឆាតសុំគេគេងហ្រី្វដោះដូរជាមួយការប្រម៉ូតឲ្យដោយឥតគិតថ្លៃ។ ពិសី បានលើកឡើងថា៖ «ខ្ញុំឆាតទៅគេ ១០កន្លែង បានតែ១អីទេ ជួនកាលអត់ទៀតក៏មាន។ ខ្ញុំមានលុយសម្រាប់ចាយមួយគ្រប់ៗ អីចឹងយើងធ្វើអ្វីដែលយើងមានកុំហក់លោត»។ កញ្ញាបានបន្តទៀតថា៖ «វីឌីអូបាញ់កាំភ្លើងមានអ្នកមើលច្រើន គឺខ្ញុំឆាតទៅសុំគេទេ ខ្ញុំប្រាប់ថាខ្ញុំទៅថតនៅហ្នឹង បងអាចឲ្យខ្ញុំបានប៉ុនណា ខ្ញុំប្រម៉ូតឲ្យបងអីចឹងទៅ គេក៏អត់យកលុយពីខ្ញុំដែរ។ ខ្ញុំសប្បាយចិត្តព្រោះវីឌីអូហ្នឹងផ្ទុះបាន ២M views គេអត់យកលុយពីយើង បើយើងផុសឲ្យគេបានតិចក៏យើងអត់សូវសប្បាយចិត្តដែរ»

៦

៤/. ផលិតវីឌីអូ ថ្មី ប្លែក ជាក់ស្តែង

ក្រោយមកទៀតកញ្ញាព្យាយាមផលិតប្រភេទវីឌីអូស្រដៀងវីឌីអូចាស់ៗដូចជាការបាញ់ព្រួញជាដើម ប៉ុន្តែដោយជាប់រវល់ឯទីតាំងស្ថិតនៅឆ្ងាយពេក កញ្ញានិងគូដណ្ដឹងក៏គិតគ្នាថាគួរធ្វើវីឌីអូរកអ្វីជិតៗខ្លួននៅភ្នំពេញហើយឆាប់បានផុស។ កញ្ញាបានលើកឡើងថា៖ «មនុស្សខ្ញុំចូលចិត្តពាក់អាវជជុស ចូលចិត្តយករបស់ជជុសមកធ្វើខ្លួន អីចឹងក៏ធ្វើវីឌីអូទិញអាវជជុសទៅ។ វីឌីអូ១០ម៉ឺនរៀលទៅទិញអាវជជុសនៅបឹងកេងកង វីឌីអូហ្នឹងមានអ្នកមើលច្រើនបានខ្ញុំដឹងថា មិនមែនឲ្យតែវីឌីអូដដែលៗស្រដៀងគ្នាទើបមានអ្នកមើលច្រើនទេ វីឌីអូប្លែក ថ្មី ទាក់ទាញចំណាប់អារម្មណ៍របស់គាត់គឺគាត់មើលហើយ»

៤

ចាប់តាំងពីពេលនោះមក កញ្ញាចាប់ផ្តើមដឹងពីខ្លួនឯងធ្វើវីឌីអូចម្រុះ ឲ្យតែនឹកឃើញពីគំនិតអ្វីមួយ គឺធ្វើភ្លាមៗតែម្តង ឈប់ធ្វើវីឌីអូដដែលៗទៀតហើយ។ ពិសី បានឲ្យដឹងថា៖ «វីឌីអូដែលខ្ញុំផ្ទុះហ្នឹងគឺវីឌីអូចោលលួចលុយនៅវៀតណាម។ បើខ្ញុំនៅតែវង្វេង ខ្ញុំធ្វើវីឌីអូស្រដៀងហ្នឹងចោលលួចទូរស័ព្ទ លួចអ្វីផ្សេងទៀត ប៉ុន្តែខ្ញុំមិនគិតបែបនេះទេ វីឌីអូណាដែលពិតជាក់ស្តែងទើបខ្ញុំធ្វើ។ ឥឡូវខ្ញុំរៀងលះជាងមុន អត់សូវអៀនខ្មាសច្រើន គិតវិជ្ជមានបានច្រើន ពេលដែលខ្ញុំធ្វើវីឌីអូដំបូងគ្រាន់តែចង់បានភាពល្បីល្បាញ រកលុយបាន ប៉ុន្តែឥឡូវខ្ញុំចង់ឲ្យអ្នកមើលវីឌីអូខ្ញុំទទួលបានផលប្រយោជន៍មិនថាបទពិសោធន៍បែបណាទេ អី្វដែលខ្ញុំអាចធ្វើបានប៉ុនណាគឺខ្ញុំចែករំលែកប៉ុនណឹង»។

៨

ជាចុងក្រោយកញ្ញា ពេជ្រ ពិសី បានផ្តាំផ្ញើទៅកាន់អ្នកទស្សនាយ៉ាងដូច្នេះថា ធ្វើអ្វីក៏ដោយនៅពេលដែលវាកំពុងជួបបញ្ហាសូមកុំបាក់ទឹកចិត្តព្រោះវាតែងបង្កប់កំហុសនៅក្នុងហ្នឹង គិតមើលថាខ្លួនឯងធ្វើអ្វីខុសបានជាវាបែបនេះ គួរតែដោះស្រាយយ៉ាងម៉េចដើម្បីរកផ្លូវចេញឃើញ។ នៅពេលដែលយើងកំពុងតែធ្លាក់មិនប្រាកដធ្លាក់ដុនដាបដល់បាតទេ វាអាចនឹងកំពុងតែរកឡើងទៅចំណុចណាដែលខ្ពស់ជាងមុនក៏ថាបាន។ បើធ្វើវីឌីអូ រកចំណុចខ្លាំង រកចំណុចយូនីកខ្លួនឯងឲ្យឃើញហើយធ្វើវាទៅ ថ្ងៃណាមួយគង់តែគេចូលចិត្តយើងទេ ព្រោះយើងជាខ្លួនឯង គ្មាននរណាមកដូចយើងបានឡើយ៕

១០

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»

ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia