ចាប់ផ្តើមឡាយដំបូងមានអ្នកមើលត្រឹមតែប្រាំនាក់ ទីមួយស្វាមី ទីពីរខ្លួនឯង ទីបីគណនី និងទីបួនមានបុគ្គលិករបស់អ្នកស្រី។ ដោយឧបសគ្គនៃការឡាយដំបូងៗនោះទៀតសោត មានអ្នកខ្លះថា អ្នកស្រីមាត់លឺៗម្ល៉េស និយាយតិចៗដូចគេទៅថី ឯអ្នកខ្លះទៀតថាស្លៀកពាក់សិចស៊ីម៉េស លក់.ខ្លួន ឬមកលក់ម៉ូតូ ពោលអ្នកស្រីបានទទួលពាក្យរិះគន់ច្រើនមែនទម្រាំអាចទាញអ្នកមើលច្រើន ហើយលក់ដាច់ដូចសព្វថ្ងៃនេះ។
ថ្លែងទៅកាន់ក្រុមការងារ Business Cambodia អ្នកស្រី សាយគន្ថាណា ហៅ ស្រីពេជ្រ ជាម្ចាស់ហាងលក់ម៉ូតូទំនើប ប្រាក់ សម្បត្តិ ឬ Pich Pich Shop ដែលមានសាខាសរុបចំនួន៩ទីតាំង ទាំងរាជធានីខេត្ត និងក្រុង បានឱ្យដឹងថា មូលហេតុដែលអ្នកស្រីអាចវិវត្តន៍ តាំងពីឡាយគ្មាន អ្នកមើលសោះ និងរងនៅមតិរិះគន់ច្រើន រហូតអាចមានជីវភាពសព្វថ្ងៃនេះ ដោយសារតែអ្នកស្រីមានគោលការឡាយចំនួន៤សំខាន់ៗ ដោយក្នុងនោះរួមមាន៖
១. កុំឡាយភ្លាមលក់ភ្លាម៖ ត្រង់ចំណុចនេះ អ្នកស្រីបានលើកឡើងថា ជាធម្មតាអ្នកស្រី មិនចូលឡាយភ្លាមលក់ភ្លាមទេ ប៉ុន្តែប្តូមកវិញ អ្នកស្រី បង្ករបរិយាកាសឱ្យរីករាយជាមុនសិន ជាក់ស្តែងដូចអ្នកស្រីផ្ទាល់ បង្កើតប្រធានបទមុនសិនថាថ្ងៃនេះគួរនិយាយអំពីអ្វី? ហើយគួរនិយាយបែបណាឱ្យអ្នកមើលចាប់អារម្មណ៍។
ក្រៅពីនេះ ក្នុងករណីដែលមិនធ្លាប់ដែលឡាយសោះ អ្នកស្រី លើកទឹកចិត្តឱ្យបងប្អូនជំនាន់ក្រោយរីខតវីឌូអូសិន ហើយយកមកមើលខ្លួនឯងថា តើយើងមានខ្វះចំណុចណាខ្លះទៀតអត់? មានឆ្គងអត់? រួចយកកំហុសដែលយើងរកឃើញនោះ ហើយព្យាយាមរៀនផ្លាស់ប្តូរវា។
២. ចេះប្រើសំឡេងក្នុងការឡាយ៖ អ្នកស្រីបានបន្តទៀតថា ការប្រើសំឡេងពិតជាមានសារៈសំខាន់ណាស់ បើយើងស្រែកខ្លាំងពេក ធ្វើឱ្យសម្លេងយើងបែក និងបណ្តាលឱ្យឈឺក ហើយធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ថារំខានថែមទៀត។ ដូច្នេះហើយតាមបទពិសោធន៍របស់អ្នកស្រីផ្ទាល់ អ្នកស្រីមិនប្រើសម្លេងអស់ពេកទេ ពោលអ្នកស្រីចេះលើកដាក់សម្លេង មានឡើងមានចុះ មានខ្លាំងមានខ្សោយ ដោយធ្វើយ៉ាងណាឱ្យអតិថិជនមានអារម្មណ៍ថាមិនមានការរំខាន។
៣. សម្លេងទាក់ទាញ សម្លេងគួរឱ្យចង់ស្តាប់៖ អ្នកស្រី ស្រីពេជ្រ បានបន្ថែមទៀតថា ត្រង់សម្លេងទាក់ទាញនេះហើយ ដែលធ្វើឱ្យ Pich Pich Shop ទទួលបានការគាំទ្រខ្លាំង។ ដោយអ្នកស្រីចូលចិត្តធ្វើការស្រាវជ្រាវ មើលបរទេសឡាយ អ្នកលក់ផ្សេងៗដែលគេឡាយលក់ដាច់ រហូរដល់ពេលមួយនោះ អ្នកស្រីមើលគេរ៉េប ហើយឃើញថា មានអ្នកខំមិន ឆ្លើយឆ្លងច្រើន ទើបធ្វើឱ្យអ្នកស្រីបែកគំនិតគិតថា ប្រសិនបើអ្នកស្រី ឡាយលក់ដូចគេរ៉េបដែរប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើន ខណៈក្បួនមួយនេះផ្តល់ផលដល់អ្នកស្រីពិតៗ។
មិនតែប៉ុន្តែអ្វីដែលអ្នកមើលចូលចិត្តមួយទៀតនោះគឺពាក្យបន្ទោពីក្រោយ ជាក់ស្តែងដូចជាពាក្យ “អេមមែនទែនបង ឡូយមែនទែនបង” ជាដើម ខណៈពាក្យទាំងនេះ ធ្វើឱ្យអ្នកមើលក៏សប្បាយ អ្នកឡាយក៏សប្បាយ។
៤. បច្ចេកទេសឡាយ៖ ប្រសិនបើគុណភាពវីឌីអូរបស់អ្នកមិនច្បាស់ ងងឹត ទាក់ៗ ពិតណាស់គ្មាននរណាចង់ចូលមើលទេ ដូច្នេះហើយប្រិយមិត្តត្រូវ ច្បាស់ថា សំឡេងរបស់អ្នកឮច្បាស់ ពន្លឺភ្លឺល្អ អ៊ីនធើណែតមិនទាក់ ពោលត្រៀមខ្លួនឱ្យល្អជាស្រេចមុនពេលចាប់ផ្តើមឡាយ កុំឱ្យមានភាពរអាក់រអួលពេលកំពុងឡាយ។