នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក (PCG) បានចុះបញ្ជី និងបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង(IPO) របស់ខ្លួន ជាផ្លូវការ នៅលើមូលបត្រកម្ពុជា (CSX) ដែលធ្វើឱ្យជាក្រុមហ៊ុននេះ ក្លាយជាដំបូងគេចុះបញ្ជីថ្មីក្នុងឆ្នាំ២០២៥ និងក្លាយជាក្រុមហ៊ុនទី១២ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ។

ពិធីចុះបញ្ជីជាផ្លូវការនេះ បានរៀបចំក្រោមឡើងក្រោមវត្តមាន បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ,លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមវិនិយោគចិននៅកម្ពុជា, ឧកញ៉ា ហេង ឧត្តម អភិបាលនៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យូរីធី និងលោក តឹង ចិន យៀក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក។
វេលាម៉ោង ៩:០០ ព្រឹក សំឡេងគោះជួង ដែលជាសញ្ញាចាប់ផ្តើមនៃការជួញដូរភាគហ៊ុនរបស់ PCG ត្រូវបានបន្លឺឡើង ព្រមជាមួយនឹងការអបអរសាទរ។ ពេលវេលានេះគឺតំណាងឱ្យជំពូកថ្មីមួយនៃការរីកចម្រើនសម្រាប់ក្រុមហ៊ុន និងជាគន្លងប្រវត្តិសាស្ត្រមួយសម្រាប់ទីផ្សារមូលបត្រត្រកម្ពុជា ក្នុងឆ្នាំ ២០២៥។

ថ្លែងក្នុងពិធីនេះ លោក តឹង ចិនយៀក បានលើកឡើងពីដំណើរការរបស់ក្រុមហ៊ុនដែលបានខិតខំរហូតឈានដល់ការចុះបញ្ជីជាសាធារណៈនាថ្ងៃនេះ។ លោកបានឱ្យដឹងថា ក្នុងការបោះផ្សាយមូលបត្រជាសាធារណៈលើកដំបូង (IPO)របស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ក្នុងឆ្នាំ ២០២៥នេះ បានឆ្លងកាត់ការគ្រប់គ្រងប្រកបដោយវិន័យ និងការរៀបចំយ៉ាងម៉ត់ចត់ជាច្រើនឆ្នាំ មុនពេលចូលទៅកាន់ទីផ្សារមូលបត្រកម្ពុជា។
លោកក៏បានថ្លែងអំណរគុណដល់វិនិយោគិនសម្រាប់ការជឿទុកចិត្ត ដែលមានន័យសំខាន់ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចពិភពលោកសព្វថ្ងៃ។
លោកបន្ថែមថា«យើងនឹងបន្តពង្រឹងការគ្រប់គ្រង និងប្រតិបត្តិការដោយមានស្ថិរភាពកាន់តែខ្ពស់ ហើយគោលបំណងរបស់យើងគឺក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្អបំផុតនៅក្នុងទីផ្សារប្រទេសកម្ពុជា»។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា បានអបអរសាទរដល់ ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ដែលបានក្លាយជាក្រុមហ៊ុនដំបូងដែលបានចុះបញ្ជីក្នុងឆ្នាំ ២០២៥។ លោកបានបញ្ជាក់ថា ការចុះបញ្ជីរបស់ក្រុមហ៊ុននេះ បានក្លាយជាចលករថ្មីមួយសម្រាប់ផ្សារមូលបត្រកម្ពុជា។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានប្រសាសន៍ថាការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូងជាផ្លូវការរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ឺន ម.ក នៅថ្ងៃនេះ មិនត្រឹមតែជាការបើកទំព័រថ្មីសម្រាប់ក្រុមហ៊ុននោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីមោទនភាពសម្រាប់ទីផ្សារមូលធនទាំងមូលផងដែរ។ បន្ថែមពីនេះ ក៏ជាឱកាសមួយក្នុងការប្រកាសនូវទំនុកចិត្ត តម្លាភាព និងមហិច្ឆតាខ្ពស់របស់ក្រុមហ៊ុន តាមរយៈការឈានជើងចូលទៅក្នុងទី ផ្សារមូលបត្រ ដោយក្រុមហ៊ុនបានបង្ហាញនូវទំនួលខុសត្រូវ ការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រ ការប្តេជ្ញាចិត្តក្នុង ការអនុលោមតាមបទប្បញ្ញត្តិជាធរមាន រួមទាំងស្តង់ដាអភិបាលកិច្ចសាជីវកម្ម និងការបង្ហាញព័ត៌មានសាជីវកម្មដើម្បី ធានាឱ្យបានូវតម្លាភាពនិងគណនេយ្យភាពរបស់ក្រុមហ៊ុន និងបានបើកឱកាសវិនិយោគដល់បណ្តាវិនិយោគិនឱ្យចូលរួម ក្នុងដំណើរនៃការរីកចម្រើនរបស់ខ្លួនផងដែរ។
លោក បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងអស់ដែលបានចុះបញ្ជី បន្តរក្សាស្តង់ដារក្នុងការអនុលោមតាម តម្លាភាព និងការការពារវិនិយោគិនឱ្យបានកាន់តែខ្ពស់។

ថ្លែងនាឱកាសបើកព្រឹត្តិការណ៍នេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការចុះបញ្ជីរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ក្នុងឆ្នាំ ២០២៥ នេះ ដែលឆ្លុះបញ្ចាំងនូវការជឿទុកចិត្តលើទីផ្សារមូលបត្រកម្ពុជា ស្របពេលទីផ្សារកំពុងស្ដារឡើងវិញនិងកំពុងមានកំណើនគួរឱ្យកត់សម្គាល់។
សូមជម្រាបថា ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក គឺត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានអាជីវកម្មចម្បងពាក់ព័ន្ធនឹងការអភិវឌ្ឍអចលនទ្រព្យប្រណីតនៅកម្ពុជា ដោយផ្តោតលើការ អភិវឌ្ឍអគារសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម និងការប្រើប្រាស់ចម្រុះ។ ក្រុមហ៊ុនមានទីតាំងស្ថិតលើផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាទីតាំងប្រកបដោយសក្តានុពលខ្ពស់៕









