ផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ដែលបង្កើតឡើងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនគ្រប់វ័យ ដោយសារផ្សារមួយនេះគឺជាកន្លែងប្រមូលផ្តុំទៅដោយផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរពិតៗ ជាពិសេសសិប្បកម្ម សិល្បៈប្រពៃណី និងវត្ថុអនុស្សាវរីយ៍ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ។ ផ្សារទេសចរណ៍ដ៏ទាក់ទាញមួយនេះមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល។

យ៉ាងណាមិញបន្ទាប់ពីទទួលបានការគាំទ្រព្យច្រើនពីអតិថិជននៅទីតាំងទី១ ថ្មីៗនេះក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏បានបង្ហើបពីគម្រោងនៃការពង្រីកផ្សារទេសចរណ៍ចំនួន ២ ទីតាំងបន្ថែមទៀត។ ដោយក្នុងនោះមាននៅផ្សារទំនើប ជីប ម៉ុង សែនសុខ និងផ្សារទំនើប ជីប ម៉ុង ថៅវើ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ មកទិញផលិតផល និងលេងកម្សាន្ដ។

បើយោងតាមប្រសាសន៍របស់លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល បានបញ្ជាក់ថា «...ផ្សារទំនើប ជីប ម៉ុង សែនសុខ និងផ្សារទំនើប ជីប ម៉ុង ថៅវើ នឹងមានភូមិខ្មែរអ្នកធ្វើដូចគ្នា។ ដូច្នេះសង្ឃឹមថាបងប្អូនអាជីវករ ដែលមានផលិតផលខ្មែរ និងមានចំណាប់អារម្មណ៍ចង់ចូលលក់ក្នុងភូមិខ្មែរអ្នកធ្វើ អាចទាក់ទងមកកាន់ក្រុមការងារបាន»។
យ៉ាងណាមិញ ក្រៅពីពង្រីកទៅកាន់ទីតាំងថ្មីបន្ថែម ក្រុមហ៊ុនក៏នឹងពង្រីកតូបលក់ចំនួនប្រមាណ ៤០ តូបបន្ថែមទៀតក្នុង ភូមិខ្មែរអ្នកធ្វើ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល ផងដែរ។ សម្រាប់បងប្អូនអាជីវករដែលចាប់អារម្មណ៍ជួលទីតាំងលក់ នៅភូមិខ្មែរអ្នកធ្វើ ដែលត្រៀមនឹងបង្កើតថ្មីនេះ អាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបានតាមរយៈលេខទូរសព្ទ៖ 087 355 955/067 999 050 ៕




