ក្រោយឆ្លងកាត់សមរភូមិប្រកួតប្រជែងដ៏ក្កៅគគុក នាទីបំផុត កញ្ញា ភឹម ស្រីណូ បវរកញ្ញាតំណាងរាជធានីភ្នំពេញ បានឈ្នះជ័យលាភីលេខមួយ ក្លាយជាម្ចាស់មកុដមាសក្នុងកម្មវិធី Miss Grand Cambodia 2023 ក្នុងកណ្តាលរាត្រីថ្ងៃទី១៩ ខែសីហានេះ និងត្រៀមខ្លួនតំណាងកម្ពុជាទៅប្រកួត MGI 2023 នៅប្រទេសវៀតណាមក្នុងខែតុលាខាងមុខ។ ចុះតើម្ចាស់ម្កុដរូបនេះមានប្រវត្តិ និងចំណុចពិសេសអ្វីខ្លះ?
កញ្ញា ភឹម ស្រីណូ មានអាយុ២៥ឆ្នាំ កម្ពស់ ១៧០សង់ទីម៉ែត្រ ជាកូនខ្មែរកាត់ថៃ ដែលមានឪពុកជាជនជាតិថៃ។ ក្នុងចំណោមបេក្ខភាពទាំង២៥រូប ស្រីណូ ជាបេក្ខភាពលេចធ្លោមួយរូប ដែលទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ត្បិតនាងមិនត្រឹមមានសម្រស់ស្រស់ស្អាត ចរិយាសម្បត្តិ និងភាពឆ្លាតវ័យនោះទេ ថែមទាំងមានទេពកោសល្យពូកែទាំងការសម្តែង និងការដើរម៉ូដ ជាពិសេសនាងអាចនិយាយបាន ៣ភាសា ភាសាជាតិ អង់គ្លេស និងថៃ បានយ៉ាងល្អ។
លើសពីនេះ ក្នុងនាទីសំណួរចម្លើយរយៈពេល១នាទី ស្រីណូ បានឆ្លើយទៅកាន់សំណួរ «តើអ្វីជាសារសំខាន់ដែលអ្នកចង់និយាយទៅកាន់ក្មេងជំនាន់ក្រោយ?» យ៉ាងដូច្នេះថា៖ «សួស្តីយុវជន និងយុវតីជំនាន់ក្រោយជាទីស្រលាញ់! ខ្ញុំដឹងថាអ្នកកំពុងពុះពារ និងតស៊ូយ៉ាងខ្លាំងក្នុងឆាកជីវិត ដើម្បីបង្កើតអនាគតមួយដែលល្អប្រសើរនៅថ្ងៃខាងមុខ។ ប៉ុន្តែដំណើរឆ្ពោះទៅរកភាពជោគជ័យ វារមែងពុំមានភាពងាយស្រួលនោះទេវាតែងជួបនូវឧបសគ្គ និងបរាជ័យរាប់មិនអស់។ អ្នកមិនឯកាទេ ព្រោះមានមនុស្សជាច្រើននាក់ទៀត ដែលជួបទុក្ខលំបាកច្រើនជាងអ្នកទៅទៀត»។
កញ្ញាបានបន្តទៀតថា៖ «សូមដើរតាមសុបិនអ្នក! កុំអស់សង្ឃឹម ទោះជាលទ្ធផលទៅជាយ៉ាងណា! បន្តការរៀនពីវា! ខិតខំតស៊ូ កសាងកិត្យានុភាពដល់គ្រួសារអ្នក សង្គមជាតិ និងប្រទេសជាតិអ្នកទាំងមូល»។
គួរជម្រាបផងដែរថា កញ្ញា ភឹម ស្រីណូ បានបញ្ចប់ការសិក្សាថ្នាក់ទុតិយភូមិនៅប្រទេសថៃ បន្ទាប់ពីរស់នៅទីនោះអស់ពេលជាច្រើនឆ្នាំ ហើយនៅឆ្នាំ២០១៥ នាងបានត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ និងធ្លាប់ធ្វើការនៅក្រុមហ៊ុនមួយមុនសម្រេចចិត្តដើរតាមក្តីស្រមៃខ្លួនដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia ជាបន្តបន្ទាប់។
មុនក្លាយជាម្ចាស់មកុដ កញ្ញា ភឹម ស្រីណូ ធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia ចំនួន ២លើករួចមកហើយ។ ដោយនៅក្នុងឆ្នាំ២០១៨ នាងជាប់ Top 15 និងក្នុងឆ្នាំ២០២១ នាងជាប់ Top 10 ចំណែកឆ្នាំ២០២៣ គឺនាងមកដោយក្តីជឿជាក់ជាងលើកមុនៗ មិនថាលទ្ធផលបែបណាទេ ខណៈនេះគឺជាលើកចុងក្រោយហើយសម្រាប់នាងក្នុងការចូលរួមប្រកួតវិស័យបវរកញ្ញា។
យ៉ាងណាមិញ ក្នុងនាមជាម្ចាស់ម្កុដ Miss Grand Cambodia 2023 កញ្ញា ភឹម ស្រីណូ បានប្តេជ្ញាថានឹងយកមកុដ Miss Grand International ធ្វើពីមាស មកពាក់លើសិរសា ហើយដណ្តើមយកមោទកភាពជូនជាតិកម្ពុជា ក្នុងកម្មវិធី Miss Grand International 2023 ដែលនឹងប្រព្រឹត្តឡើងនៅប្រទេសវៀតណាមឲ្យបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦