ត្បិតមានថវិកាសាងសង់ ប៉ុន្ដែគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉ (ភ្នំពេញ-អរិយក្សត្រ) នឹងបើកការដ្ឋានសាងសង់ដល់ពាក់កណ្ដាលឆ្នាំ២០២៤ ដោយសារបច្ចុប្បន្នគម្រោងនេះកំពុងជ្រើសរើសក្រុមហ៊ុនដេញថ្លៃសម្រាប់ការសាងសង់។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ។
ថ្លែងប្រាប់អ្នកសារព័ត៌មានឯកឧត្ដមទេសរដ្ឋមន្ដ្រីបានមានប្រសាសន៍ដូច្នេះថា “ យើងកំពុងជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ទាំងអស់មានក្រុមហ៊ុន ១២ ដែលដាក់ដេញថ្លៃ ហើយខាងកូរ៉េសម្រិតសម្រាំងទៅនៅសល់ ៥។ អ៊ីចឹងគេឲ្យយើងពិនិត្យលើ ៥ ហ្នឹងហើយជ្រើសរើសក្រុមហ៊ុន ១ ហើយផ្ញើទៅកូរ៉េវិញសុំការឯកភាពពីគេ។ ពេលមានការឯកភាពក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសនេះ គាត់នឹងគូររូបលម្អិតអំពីស្ពាន រៀបចំឯកសារដាក់ដេញថ្លៃ ហើយអញ្ជើញក្រុមហ៊ុនកូរ៉េមកដេញថ្លៃទើបយើងអាចជ្រើសរើសក្រុមហ៊ុននោះយកមកកសាងស្ពានទាំងពីរបាន”។
ឯកឧត្ដមបន្ដថា “ក្រោយពីជ្រើសរើសក្រុមហ៊ុនសាងសង់រួចគាត់ត្រូវការពេល ៦ ខែ ដើម្បីគូស និង Design លើស្ពានទាំងពីរនេះឲ្យបានហ្មត់ចត់ត្រឹមត្រូវទើបដាក់ដេញថ្លៃដោយត្រូវការពេល៦ខែទៀត។ ដូច្នេះខ្ញុំថាប្រហែលពាក់កណ្ដាលឆ្នាំ២០២៤ យើងអាចបើកការដ្ឋានសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនៅភ្នំពេញនេះបាន”។
សូមជម្រាបថា គម្រោងសាងសង់ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ ត្រូវបានសិក្សាសាងសង់ចប់សព្វគ្រប់ហើយ ដោយក្នុងនោះមានចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រតែម្ដង។ គម្រោងសាងសង់នេះគឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េចំនួន ២៤៥ ៩០៩ ០០០ ដុល្លារ និងបានចុះហត្ថលេខាទទួលកាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។
តាមការសិក្សា ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ នឹងសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពានផងដែរ៕