ដូចប្រិយមិត្ដបានដឹងរួចមកហើយថា ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ (ពោធិ៍ចិនតុង) ត្រូវបានផ្អាកដំណើរការហោះហើរចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៥ មក បន្ទាប់ពីប្រតិបត្ដិការហោះហើរត្រូវបានប្ដូរទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បានបើកដំណើរការ។ តើបន្ទាប់ពីផ្អាកការហោះហើរតើព្រលានយន្ដហោះអន្ដរជាតិមួយនេះនឹងយកទៅធ្វើអ្វីបន្ដ?
បើតាមការគូសបញ្ជាក់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់សំណើរការព្រលានយន្តហោះអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង(ព្រលានចាស់)មិនលក់ឱ្យវិស័យឯកជននោះទេ គឺទុកជាកន្លែងរបស់រដ្ឋ។ អាកាសចរណ៍ស៊ីវិលត្រូវបានទទួលជាអ្នកថែទាំព្រលានយន្តហោះចាស់នោះ ដោយមានការលើកឡើងថា ចំណាយថវិកា៣លានដុល្លារសម្រាប់ការថែទាំ សន្តិសុខ។
សម្តេចបវរធិបតីបានថ្លែងថា៖«ខ្ញុំសូមបញ្ជាក់ថាមិនលក់ឱ្យឯកជនណាមួយនោះទេ«…» មានការលើកឡើងថាស្នើសុំគំនិតអភិវឌ្ឍន៍ផ្សេងៗ តែខ្ញុំមិនទទួលទេ។ គោលការណ៍ក្នុងគោលគំនិតមាន២ គឺ១. បំម្រុងទុកសម្រាប់ចុះចតយន្តហោះម្តងម្នាល (នៅពេល មានកកស្ទះឬមានហានិយភ័យ នៅព្រលានយន្តហោះថ្មី)។ ២.ធ្វើជាកន្លែងជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ដូចជាកន្លែងសម្រាប់លំហែកាយ»។
សម្តេចបវរធិបតីបានបន្ថែមថា ពេលនេះក្រុមងារនឹងធ្វើការរៀបចំផ្លូវសម្រាប់ដើរ និងដាំដើមឈើនៅតាមមាត់ទឹកដែលមានស្រាប់។ ចំពោះអគារដែលមានស្រាប់ នោះរដ្ឋធ្វើការគិតគូរពីសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ចមួយចំនួន ដើម្បីយកចំណូលទៅចិញ្ចឹមការថែទាំព្រលានយន្តហោះទាំងមូល ដែលមិនលក់ឱ្យឯកជននោះទេ គឺជារបស់រដ្ឋ ។
សម្តេចបវរធិបតីបានបញ្ជាក់ថា៖«កន្លែងខ្លះយើងនឹងធ្វើសារមន្ទី ព្រោះព្រលានយន្តហោះ គឺជាកន្លែងប្រវត្តិសាស្ត្រ អគារខ្ពស់ និងកន្លែងខ្លះទៀត។ អ៊ីញ្ចឹងខ្ញុំសូមបញ្ជាក់ថាទីតាំងកន្លែងចាស់ គឺអត់លក់ ឱ្យឯកជនទេ គឺទុកជារបស់រដ្ឋ ហើយកន្លែងធំទុកបំម្រុងសម្រាប់ប្រើប្រាស់ ជាសួនសាធារណៈសម្រាប់បងប្អូនប្រជាពលរដ្ឋដើរលេងបាន ហាត់កីឡា ហើយនឹង រៀបទីតាំងមួយជាកន្លែងពាណិជ្ជកម្មសេដ្ឋកិច្ច តែកន្លែងនឹងជារបស់រដ្ឋដដែល»៕