មានមនុស្សជាច្រើនបានគិតថា ឱ្យតែបុគ្គលល្បី ចង់លក់ផលិតផលអ្វី ឬអាហារអ្វីក៏ដាច់ដែរ ហើយការយល់ឃើញបែបនេះមិនខុសនោះទេ ប៉ុន្តែក៏មិនត្រឹមត្រូវទាំងស្រុងនោះដែរ។ ជាក់ស្តែងលោក PEYPEY DY ស្ថាបនិកហាងលក់ បុកល្ហុងនិងកាហ្វេល្បីឈ្មោះ ហឹរ ខនណើរ - Hel Corner បានរៀបរាប់ទាំងអួលដើមករថា ទម្រាំតែអាចកសាងយីហោល្បីដូចសព្វថ្ងៃនេះ ហាងរបស់លោក ធ្លាប់លក់ស្ងាត់ភ្ញៀវឈឹង ស្ទើរតែបិទម្តងហើយ។
ថ្លែងនៅក្នុងវីឌីអូដែលមានថេរៈវេលាប្រមាណជា៥នាទីជាងនៅលើផេកផ្លូវការរ ហឹរ ខនណើរ - Hel Corner របស់លោក PEYPEY DY ផ្ទាល់បានឱ្យដឹងថា ហាងរបស់លោកត្រូវបានបើកនៅចុងឆ្នាំ ២០២២ ហើយកាលដែលចាប់ផ្តើមដំបូង លោកផុសលក់ត្រឹមតែ២ខែប៉ុណ្ណោះ ដូច្នេះហើយទើបធ្វើឱ្យហាងរបស់លោកលក់ដាច់ខ្លាំងត្រឹមតែរយៈដំបូងៗដូចគ្នា បន្ទាប់មកលោកបានចាប់ផ្តើមប្រលែងដៃចោល ពោលគឺលោកសឹងតែមិនទៅហាងសោះ ហើយលែងប្រម៉ូតលែងបានផ្សាព្វផ្សាយអ្វីទាំងអស់។
ក្រោយពីលោកលែងខ្វាយខ្វល់លើអាជីវកម្មរបស់ខ្លួនអស់រយៈ១ឆ្នាំមក ហឹរ ខនណើរ បានចាប់ផ្តើមបាត់ចំណូល បាត់ភ្ញៀវ លក់ស្ងាត់ឈឹង ដល់ថ្នាក់អ្នកនៅក្នុងហាងម្នាក់ៗនាំគ្នាអង្គុយស្ងាប អត់ការងារធ្វើ គ្រប់ៗគ្នា។ លោកបានបន្តទៀតថា ក្នុងរយៈពេល១ឆ្នាំពេញដែលលោកមិនបានធ្វើទីផ្សារសោះនោះបានធ្វើឱ្យហាងរបស់លោកស្ងាត់ៗ រហូតដល់ថ្នាក់ លោកប្រម៉ែប្រម៉ូលចិញ្ចៀន និងលុយនៅសល់ យកមកទប់ខាត ខណៈលុយទប់នៅពេលនោះសល់ត្រឹម១ខែតែប៉ុណ្ណោះ។
ហើយអ្វីដែលធ្វើឱ្យលោកកាន់តែឈឺចិត្តខ្លាំងបំផុត១ទៀតនោះគឺ មានហ្វេនខំមិនសួរលោកថា “បងម៉េចឈប់លក់បុកល្ហុងចឹង?” ដោយសំណួរនោះបានធ្វើឱ្យលោកខ្មាស់អៀនខ្លាំងមែនទែន។ បន្ទាប់ពីការស្ងាត់អស់រយៈពេល១ឆ្នាំ និងអានសំណួរចាក់ដោតនោះរួចមក លោកក៏ចាប់ផ្តើមធ្វើទីផ្សារឡើងវិញ អំឡុងពេលនោះលោកថា រឿងដែលមិនគួរឱ្យជឿនោះគឺហាងរបស់លោកមានភ្ញៀវឡើងវិញ។
ទន្ទឹមនឹងនេះដែរ នៅក្នុងបទសម្ភាសន៍ក្នុងកម្មវិធី GANZBERG Beer លោកបានបង្ហើបរឿង២ ធំៗដែលធ្វើឱ្យរ ហឹរ ខនណើរ - Hel Corner ចាប់ផ្តើមមានអ្នកគាំទ្រឡើងវិញខ្លាំង។ ដោយក្នុងនោះមានដូចជា៖
១. ផុសពេលយប់៖ ត្រង់ចំណុចនេះលោកបានលើកឡើងថា ដំបូងឡើយមិនមែនលោកមានបំណងចង់ផុសពេលយប់នោះទេ ប៉ុន្តែដោយសារតែពេលថ្ងៃ លោករវល់ពេក ដូច្នេះមានតែបង្ខំចិត្តផុសពេលយប់ ប៉ុន្តែអ្វីដែលលោកនឹកស្មានមិនដល់នោះគឺ ពេលយប់មានអ្នកមើលច្រើន ហើយការបង្ហោះរបស់លោកនោះទៀតសោទធ្វើឱ្យអ្នកមើលឃ្លាន ហើយពេលដែលពួកគាត់ឃ្លានគាត់និង ខំមិន ស៊ែរ ធ្វើឱ្យប្រេនរបស់លោកកាន់តែជោគជ័យ។
២. ធ្វើទីផ្សាររាល់ថ្ងៃ៖ លោកបានបន្ថែមទៀតថា ក្នុងមួយថ្ងៃ លោកត្រូវចេញវីឌីអូឱ្យបានពីរ បើមិនបានពីរ យ៉ាងហោចណាស់ក៏មួយដែរ ពោលគឺលោក មិនប្រលែងដៃឡើយ ហើយបើក្នុងករណីក្នុងបណ្តាញសង្គមមានអ្វីថ្មីទៀតគឺលោករឹតតែមិនប្រលែងជាដាច់ខាត។ ហើយរឿងសំខាន់មួយទៀតនោះ ពេលដែលមានហ្វេនខំមិន លោកព្យាយាមយកខំមិននោះមកឆ្លើយតម ដើម្បីកំឱ្យផេករបស់លោកមានការស្ងាត់។
ជាចុងក្រោយលោកក៏បានប្រាប់ថា លោកលែងប្រលែងដៃចោលហាងរបស់ទៀតហើយ។ លោកចាប់ផ្តើម ព្យាយាម ធ្វើទីផ្សារគ្រប់បែបយ៉ាងដើម្បីហាងរបស់លោក ពោលគឺលោកព្យាយាមថត ព្យាយាមផុស ទោះបីថ្ងៃខ្លះលោកមិនស្រួលខ្លួនក៏ដោយក៏នៅតែថត ញ៉ាំ ដើម្បីឱ្យអ្នកមើល គាត់មើលហើយឃ្លាន ចង់ហូប រហូបបច្ចុប្បន្នលោកអាចមានលិទ្ធភាពពង្រីកហាងកាន់តែធំជាងមុនបន្ថែមទៀត៕