ដំបូងគេនៅខ្មែរ! ជីកូរ៉េផ្ទាប់ហូប ជាមួយសាច់អាំង ១គីឡូមិនតិចជាង១០$ ដាំបានហើយនៅសៀមរាប
Ping Chou EngJUNE 2 2025196 views

ជីកូរ៉េ ជាបន្លែមួយប្រភេទដែលប្រជាជនខ្មែរស្គាល់ថាជាបន្លែដែលគេនិយមញ៉ាំផ្ទាប់ជាមួយសាច់អាំងបែបកូរ៉េ ឬសាច់អាំងទឹកកាពិជាដើម។ ជីកូរ៉េ មានច្រើនប្រភេទ តែមានពីរប្រភេទប៉ុណ្ណោះដែលគេនិយមបរិភោគ នោះគឺជីកូរ៉េស្លឹកក្រហម ឬស្វាយ និងជីកូរ៉េស្លឹកបៃតង។

Photo 2025 05 30 10 18 32

Istockphoto 1499157484 612x612

ស្លឹកបន្លែមួយប្រភេទនេះពេញនិយមបរិភោគនៅបណ្ណាប្រទេសដូចជា កូរ៉េ ចិន និងជប៉ុនជាដើម។ ក្នុងពេលបច្ចុប្បន្ននេះ ស្លឹកជីដែលមានក្លិនប្រហើរមួយប្រភេទនេះក៏កំពុងពេញនិយមនៅប្រទេសកម្ពុជាផងដែរ ដោយគេឃើញមានដាក់លក់នៅតាមផ្សារទំនើប ម៉ាត ក៏ដូចជាភោជនីយដ្ឋានកូរ៉េ និងជប៉ុនជាដើម។

បើតាម លោក ប៊ុន ធឿន ដែលជាអ្នកដាំជីមួយប្រភេទនេះដំបូងគេនៅប្រទេសកម្ពុជា បានឲ្យដឹងថា លោកបានសាកល្បងដាំរុក្ខជាតិមួយនេះនៅលើទឹកដីនៃខេត្តសៀមរាបក្នុងកំឡុងឆ្នាំ ២០២២ ដែលការចាប់ផ្តើមដំបូងលោកពុំទាន់ដឹងច្បាស់ពីបច្ចេកទេសក្នុងការដាំ ទើបលោកមិនទទួលបានជោគជ័យនោះទេ។

ក្រោយពីចំណាយពេលសិក្សា និងសាកល្បងដាំប្រហែលជា ២ឆ្នាំ បុរសរូបនេះក៏ទទួលបានជោគជ័យក្នុងការដាំជីកូរ៉េនេះ។ លោកបានបន្តថា ប្រមាណជា ១ឆ្នាំចុងក្រោយនេះ លោកបានសាងសង់ផ្ទះសំណាញ់ ៣សម្រាប់ដាំដុះដែលផ្ទះនីមួយៗមានទំហំប្រមាណ ២៥០ទៅ ៣០០ម៉ែត្រការ៉េ ដើម្បីគ្រប់គ្រងសីតុណ្ហភាព និងការពារពីទឹកភ្លៀងផងដែរ។

បច្ចុប្បន្ននេះ លោកក៏បានសាងសង់ផ្ទះសំណាញ់ ៣បន្ថែមទៀតដើម្បីពង្រីកការដាំដុះរបស់លោក ឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា។

Photo 2025 05 31 17 55 39

ពេលនិយាយទៅដល់បច្ចេកទេសដាំដុះ លោក ប៊ុន ធឿន ក៏បានជម្រាបផងដែរថា គេដាំរុក្ខជាតិមួយនេះដោយការបណ្តុះគ្រាប់ ដែលវាអាចលូតលាស់បានល្អនៅសីតុណ្ហភាពចន្លោះពី ២៥ ទៅ ៣៥ អង្សារសេ ហើយគេចាប់ផ្តើមប្រមូលផលចាប់ពីអាយុ ៣៥ថ្ងៃឡើងទៅ។

ចំណែកឯការប្រមូលផលវិញ គឺលោកបេះស្លឹករបស់វាក្នុងរយៈពេល ៣ថ្ងៃម្តង ដែលក្នុងមួយលើកលោកអាចទទួលទិន្នផលប្រមាណ ១៥គីឡូក្រាម និងលក់បានក្នុងតម្លៃថ្លៃដល់ទៅ ១០ ដុល្លារក្នុង ១ គីឡូក្រាម នៅលើទីផ្សារ។

លោកបន្តថា ជីកូរ៉េជាប្រភេទរុក្ខជាតិដែលគេយកតែស្លឹកបរិភោគ ដូច្នេះគេបេះតែស្លឹកវាតែប៉ុណ្ណោះ ហើយទុកដើមឲ្យលូតលាស់ស្លឹកបន្ត។ ចំពោះស្លឹកទៀតសោត គួរតែជ្រើសរើសស្លឹកដែលត្រូវតាមស្តង់ដាដោយកំណត់សម្គាល់ទៅលើ ទំហំស្លឹក ពណ៌ស្លឹក រសជាតិ និងក្លិន។

Photo 2025 05 30 10 11 18

Photo 2025 05 31 17 55 38

“ប្រទេសកម្ពុជាកំពុងមានកំណើនអ្នកវិនិយោគ និងភ្ញៀវទេសចរមកពីប្រទេសកូរ៉េ អាស្រ័យហេតុនេះម្ហូបអាហារកូរ៉េក៏មានតម្រូវការច្រើនទៅតាមហ្នឹងដែរ។ ក៏ប៉ុន្តែ ការផ្គត់ផ្គង់នៅតាមទីផ្សារ និងភោជនីដ្ឋាននានានៅមានកម្រិតនៅឡើយ ជាពិសេសស្លឹកជីកូរ៉េដែលមិនទាន់មានអ្នកដាំ ទើបខ្ញុំសម្រេចចិត្តដាំរុក្ខជាតិនេះដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។ ម្យ៉ាងវិញទៀត ខ្ញុំមានចក្ខុវិស័យមួយ គឺចង់នាំចេញស្លឹកជីកូរ៉េ និងបន្លែផ្សេងៗទៀតទៅកាន់ទីផ្សារកូរ៉េ និងជប៉ុន ព្រោះខ្ញុំមើលឃើញថាយើងអាចចាប់យកឱកាសដាំដុះស្លឹកមួយនេះ ខណៈពេលដែលប្រទេសកូរ៉េ និងជប៉ុនចុះត្រជាក់បង្កផលលំបាកដល់ការដាំដុះ ពោលគឺចន្លោះពីខែ ធ្នូ ដល់ ខែ មីនា។’’​ នេះជាការលើកឡើងរបស់ លោកប៊ុន ធឿន អ្នកដំបូងគេដែលដាំជីកូរ៉េនៅកម្ពុជា។

គួរជម្រាបផងដែរថាលោក ប៊ុន ធឿន គឺជាម្ចាស់កសិដ្ឋានដាំដំណាំ​ស្លឹកជីកូរ៉េ​​ ឈ្មោះ Farm to Hand ដែលមានទីតាំងនៅខេត្តសៀមរាប។ ដូច្នេះសម្រាប់បងប្អូនដែលមានបំណងស្វែងរកទិញស្លឹកជីកូរ៉េអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទឬតេឡេក្រាម 011 923 954 របស់ម្ចាស់កសិដ្ឋានផ្ទាល់៕ 

Photo 2025 05 30 10 19 29

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia