យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិក ប.ស.ស ជាស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម ២ឆ្នាំ ចំពោះមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ។
សម្រាប់ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនសមាជិក ប.ស.ស, ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុ ក្រោម ២(ពីរ)ឆ្នាំ ចំពោះមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ត្រូវអនុវត្តតាមប្រការ១០ ប្រការ១១ និងប្រការ១២ នៃប្រកាសអន្តរក្រសួងលេខ២៥២/២៣ ក.ប/ប្រ.ក.ប.ស.ស. ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ស្តីពីការអនុវត្ត កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមអាយុ២ឆ្នាំផងដែរ។
ក្រសួងការងារនិងបណ្តុះបណ្តាវិជ្ជាជីវៈក៏បានជូនដំណឹងទៅដល់ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រសួងសុខាភិបាល ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕