រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយបន្តប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តចំពោះការងារទំនួលខុសត្រូវ សង្គម និងការលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ប៉េង ហួត គ្រុប បានបន្តឧបត្ថម្ភថវិកាប្រចាំឆ្នាំចំនួន ១៥០ ០០០ (ដប់ប្រាំម៉ឺន) ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផា ព្រមទាំងផ្តល់ជំនួយបន្ថែមជាទឹកប្រាក់ចំនួន ៩០ ០០០ ០០០ រៀល ជូនដល់គ្រួសារអ្នកជំងឺចំនួន ១ ៨០០ គ្រួសារ ក្នុងឱកាសដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំ និងសហការី ប៉េង ហួត គ្រុប បានអញ្ជើញទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីស្វែងយល់អំពីបេសកកម្ម និងសេវាថែទាំសុខភាពជូនកុមារកម្ពុជា ព្រមទាំងសម្តែងការកោតសរសើរចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់។ គួរបញ្ជាក់ថា ប៉េង ហួត គ្រុប បានចាប់ផ្តើមគាំទ្រមូលនិធិគន្ធបុប្ផាតាំងពីឆ្នាំ២០១៨ ហើយឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៩ នៃការបន្តគាំទ្ររបស់ក្រុមហ៊ុន។

លោកជំទាវ ហុង ដានី បានមានប្រសាសន៍ថា៖ «សម្រាប់ ប៉េង ហួត គ្រុប ការរីកចម្រើនរបស់ក្រុមហ៊ុន មិនមែនវាស់វែងត្រឹមតែសមិទ្ធផលអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងតាមរយៈការចូលរួមចំណែកដល់សង្គមផងដែរ។ យើងជឿថា ការវិនិយោគលើសុខភាពកុមារនៅថ្ងៃនេះ គឺជាការកសាងអនាគតដ៏រឹងមាំសម្រាប់ប្រទេសជាតិ»។ បន្ថែមពីលើការឧបត្ថម្ភប្រចាំឆ្នាំ ក្រុមហ៊ុនបានផ្តល់ថវិកាចំនួន ៥០ ០០០ រៀលក្នុងមួយគ្រួសារ ដល់គ្រួសារអ្នកជំងឺចំនួន ១ ៨០០ គ្រួសារ ដែលកំពុងស្នាក់នៅមន្ទីរពេទ្យក្នុងថ្ងៃទស្សនកិច្ច ដើម្បីជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃ និងផ្តល់កម្លាំងចិត្តដល់ពួកគាត់។
តាមរយៈការបន្តគាំទ្រនេះ ប៉េង ហួត គ្រុប សង្ឃឹមថានឹងចូលរួមពង្រឹងបេសកកម្មរបស់មូលនិធិគន្ធបុប្ផា និងជំរុញស្មារតី «ខ្មែរជួយខ្មែរ»។ ក្រុមហ៊ុនជឿជាក់ថា ការរួមគ្នាថែរក្សាសុខភាពកុមារនៅថ្ងៃនេះ គឺជាការកសាងអនាគតដ៏ល្អប្រសើរសម្រាប់កម្ពុជា។
អំពី ប៉េង ហួត គ្រុប
ប៉េង ហួត គ្រុប គឺជាក្រុមហ៊ុនអចលនទ្រព្យមឈានមុខគេមួយនៅកម្ពុជា ដែលមានអាជីវកម្មស្នូលចំនួន ៣ រួមមាន៖ ក្រុមហ៊ុន បុរី ប៉េង ហួត ភីអេច អ៊ិនវេសមិន និង ភីអេច សំណង់។ ក្រុមហ៊ុនប្តេជ្ញាផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយគុណភាព ព្រមទាំងចូលរួមអភិវឌ្ឍសង្គមជាតិ តាមរយៈការគាំទ្រវិស័យអប់រំ បរិស្ថាន និងការអភិវឌ្ឍសង្គម ក្រោមស្មារតី «ទាំងអស់គ្នាដើម្បីមនុស្សជាតិ» (Together for Humanity)។








