ប្រយ័ត្នធនាគារពិន័យ! អ្នកជំនាញពន្យល់មូលហេតុ ដែលអ្នកខ្ចីលុយបង់ផ្ដាច់កម្ចីមុនពេលកំណត់ បែរជាត្រូវធនាគារពិន័យ
Toeuy HongJUNE 23 20242.7 K views

ជាធម្មតាបើអ្នកឲ្យលុយអ្នកណាម្នាក់ខ្ចីហើយពួកគាត់បង់សងលុយនោះទៅឲ្យអ្នកវិញបានលឿនមុនពេលកំណត់នោះអ្នកច្បាស់ជាសប្បាយចិត្តព្រោះអ្នកឆាប់បានលុយយកទៅប្រើការក្នុងតម្រូវការផ្សេងៗ។ យ៉ាងណាមិញបើអ្នកខ្ចីលុយធនាគារហើយបង់សងមុនពេលកំណត់នោះពេលខ្លះធនាគារមិនសប្បាយចិត្តនោះទេថែមទាំងពិន័យបងប្អូនដែលបង់សងមុនពេលកំណត់ទៀតផង។

ជុំវិញបញ្ហាធនាគារផាកពិន័យចំពោះអ្នកខ្ចីលុយហើយបង់ផ្ដាច់កម្ចីមុនពេលកំណត់ លោក ជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍នៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង» រៀបចំឡើងក្នុងស្រុកស្ទោង ខេត្តកំពង់ធំថា នៅធនាគារពេលអ្នកខ្ចីលុយខាងធនាគារមិនចង់ឲ្យអ្នកបង់សងមុនពេលកំណត់នោះទេ។

ភ្ជាប់នឹងចំណុចខាងលើលោកជំទាវបានឲ្យដឹងទៀតថាក្នុងលក្ខខណ្ឌកិច្ចសន្យាខ្ចីលុយ ប្រសិនបើលក្ខខណ្ឌចែងថាអ្នកបង់សងមុនពេលកំណតគេនឹងពិន័យនោះពេលអ្នកបង់ផ្ដាច់កម្ចីមុនពេលកំណត់នោះខាងធនាគារនឹងធ្វើការផាកន័យព្រោះក្នុងលក្ខខណ្ឌគេបានចែងច្បាស់ៗហើយ។ ដូច្នេះមុននឹងចុះហត្ថលេខាខ្ចីលុយអ្នកគួរអានកិច្ចសន្យាឲ្យបានច្បាស់មុននឹងព្រមព្រៀងខ្ចីលុយ។

លោកជំទាវបានបន្ថែមទៀតថា មូលហេតុដែលអ្នកបង់ផ្ដាច់កម្ចីមុនពេលកំណត់តែត្រូវធនាគារពិន័យគឺដោយសារធនាគារគេបានគណនាចំណូលដែលខ្លួនបានទទួលបានពីការប្រាក់ពេលអ្នកខ្ចីលុយ។ ត្រង់នេះ ឧទាហរណ៍ថាអ្នកខ្ចីលុយធនាគាររយៈពេល២ឆ្នាំ ធនាគារបានចំណូលពីការប្រាក់១ពាន់ដុល្លារ ប៉ុន្ដែពេលអ្នកខ្ចីធនាគារបានត្រឹមតែ៦ខែក៏បង់ផ្ដាច់សងមុនពេលកំណត់ ដូច្នេះធនាគារត្រូវបាត់បង់ការប្រាក់១ឆ្នាំកន្លះទៀត អ៊ីចឹងហើយពេលធនាគារខាតបង់ការដោយសារតែអ្នកបង់មុនផ្ដាច់មុនពេលកំណត់ដូច្នេះហើយធនាគារក៏ពិន័យអ្នកខ្ចីលុយថ្លៃខាតបង់ដែលខ្លួនបានខាតបង់។

 លោកជំទាវក៏បានបញ្ជាក់ផងដែរមិនមែនគ្រប់ធនាគារសុទ្ធតែយកប្រាក់ពិន័យទេប៉ុន្ដែបើអ្នកជួបករណីដូចបានរៀបរាប់ខាងលើអ្នកត្រូវចេះចរចានិងតថ្លៃជាមួយធនាគារ ជាពិសេសត្រូវអាននូវកិច្ចសន្យាខ្ចីលុយឲ្យច្បាស់លាស់ចៀសវាងបង់សងមុនពេលកំណត់ត្រូវធនាគារពិន័យជាលុយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia