ចាប់តាំងពីជម្លោះប្រដាប់អាវុធរវាង អាមេរិក អ៊ីស្រាអ៊ែល ទៅលើ អ៊ីរ៉ង ចាប់ផ្ដើមបានធ្វើឱ្យពិភពលោកជួបវិបត្តិសេដ្ឋកិច្ចប្រេងយ៉ាងធ្ងន់ធ្ងរ តម្លៃប្រេងសកលឡើងថ្លៃខ្ពស់ ប្រទេសខ្លះមានវិបត្តិខ្វះប្រេងនិងថាមពលប្រើប្រាស់។ វិបត្តិនេះបានប៉ះពាល់ស្ទើរតែគ្រប់ប្រទេស សូម្បីតែអាមេរិកផ្ទាល់ក៏ជៀសមិនផុតនោះដែរ។
យោងតាមការចុះផ្សាយរបស់ Forbes តម្លៃប្រេងសាំងនៅទូទាំងសហរដ្ឋអាមេរិកបានហក់ឡើងខ្ពស់ជាង ២០% ក្រោយពេលមានប្រតិបត្តិការយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។ ការកើនឡើងនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកជំនាញនិងបានព្យាករណ៍ថា តម្លៃប្រេងនឹងមិនងាយត្រឡប់ទៅរកកម្រិតទាបដូចមុនពេលមានជម្លោះនោះទេ។
ទោះបីជាមានការលើកឡើងពីមន្ត្រីខ្លះថា តម្លៃប្រេងនឹងថយចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតក៏ដោយ ប៉ុន្តែអ្នកជំនាញវិភាគប្រេងដ៏ល្បីល្បាញលោក Patrick De Haan បានបង្ហាញជំហរផ្ទុយគ្នា។ ដោយលោកជឿជាក់ថា តម្លៃប្រេងនឹងមិនអាចធ្លាក់ចុះមកកម្រិតដើមវិញបានឡើយរហូតដល់ចុងឆ្នាំនេះ។ បច្ចុប្បន្ន តម្លៃមធ្យមទូទាំងប្រទេសបានឡើងដល់ ៣,៦៧ ដុល្លារក្នុងមួយហ្គាឡុង ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ ២០២៤។ អ្នកវិភាគរំពឹងថា តម្លៃនេះនឹងបន្តកើនឡើងដល់កម្រិតមធ្យមយ៉ាងតិច ៣,៨០ ដុល្លារក្នុងមួយហ្គាឡុង។
តម្លៃប្រេងសាំងនៅអាមេរិកតែងតែឡើងថ្លៃនៅរៀងរាល់រដូវក្ដៅ ដោយសារកត្តាពីរដ៏សំខាន់៖ ១.គឺការផ្លាស់ប្តូររូបមន្តផលិតប្រេងតាមគោលការណ៍របស់ទីភ្នាក់ងារការពារបរិស្ថានអាមេរិក (EPA) ដែលតម្រូវឱ្យរោងចក្រចម្រាញ់ផលិតប្រេងប្រភេទ "Summer-blend" ដើម្បីកាត់បន្ថយការហួត និងផ្សែងពុល ដែលប្រភេទប្រេងនេះមានតម្លៃផលិតខ្ពស់ជាងធម្មតា។ ២. គឺការកើនឡើងនៃតម្រូវការធ្វើដំណើររបស់ប្រជាជនក្នុងអំឡុងពេលវិស្សមកាល ដែលរុញច្រានការប្រើប្រាស់ឱ្យកើនឡើងយ៉ាងគំហុកពី ៨,៩ លានបារ៉ែល ទៅដល់ ៩,២៤ លានបារ៉ែលក្នុងមួយថ្ងៃ។
ចំពោះភាពតានតឹងនៅច្រកសមុទ្រហ័រមូស និងខ្សែសង្វាក់ផ្គត់ផ្គង់សកល៖ ជម្លោះបច្ចុប្បន្នបានបង្កហានិភ័យដោយផ្ទាល់ដល់ច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក។ ច្រកទឹកដ៏តូចចង្អៀតនេះ គឺជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ២០% នៃការផ្គត់ផ្គង់សកល។ បច្ចុប្បន្ន ចរាចរណ៍នាវាដឹកប្រេងនៅទីនោះមានការធ្លាក់ចុះយ៉ាងខ្លាំងទោះបីជាភាគីអ៊ីរ៉ង់អះអាងថាច្រកនេះនៅតែបើកចំហក៏ដោយ ប៉ុន្តែជាក់ស្តែងវាត្រូវបានបិទមិនឱ្យនាវារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលឆ្លងកាត់ ដែលបង្កឱ្យមានការរអាក់រអួលដល់ការដឹកជញ្ជូន និងរុញតម្លៃប្រេងឱ្យកាន់តែខ្ពស់ឡើង។
លោក Patrick De Haan បានផ្តល់ដំបូន្មានសំខាន់ថា ទោះបីជាតម្លៃប្រេងឆៅនៅលើទីផ្សារមានស្ថិរភាពក៏ដោយ ក៏តម្លៃប្រេងសាំងនៅតាមស្ថានីយចែកចាយនឹងនៅតែបន្តឡើងថ្លៃពីមួយទៅពីរអាទិត្យទៀត។ មូលហេតុគឺដោយសារការកើនឡើងនៃតម្លៃលក់ដុំកំពុងតែឆ្លុះបញ្ចាំងបន្តិចម្តងៗទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ ហេតុដូច្នេះ លោកបានព្រមានដល់អ្នកបើកបរនៅអាមេរិក ក៏ដូចជាបណ្ដាប្រទេសផ្សេងៗត្រូវត្រៀមខ្លួនសម្រាប់ភាពប្រែប្រួលនៃតម្លៃដែលនឹងបន្តកើនឡើងបន្ថែមទៀតក្នុងពេលឆាប់ៗនេះ៕


