សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ប្រកាសដំណើរការជាផ្លូវការជំនាញសេដ្ឋកិច្ច
Sreymom ChaSEPTEMBER 27 2023

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានប្រកាសដំណើរការជាផ្លូវការនូវកម្រិតបរិញ្ញាត្រសម្រាប់ប់ជំនាញថ្មីមួយគឺ មុខជំនាញសេដ្ឋកិច្ច។ កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រជំនាញសេដ្ឋកិច្ចនេះ ត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យនិស្សិតទទួលបាននូវការយល់ដឹងកាន់តែទូលំទូលាយពីទ្រឹស្តី និងការអនុវត្តផ្ទាល់ក្នុងផ្នែកសេដ្ឋកិច្ច ក៏ដូចជាដើម្បីពង្រឹងសមត្ថភាពបញ្ញាវន្តក្នុងវិស័យអាជីពនាពេលខាងមុខ។

Photo 2023 09 27 13 01 33

សន្និសីទសារព័ត៌មាន ស្តីពីការបើកបង្រៀនជំនាញថ្មីថ្នាក់បរិញ្ញាត្រផ្នែកសេដ្ឋកិច្ច នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានរៀបចំឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ប្រ៊ែដលី មើក (Bradley Jensen MURG) សាកលវិទ្យាធិការស្ដីទីនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ព្រមទាំងការចូលរួមពីថ្នាក់ដឹកនាំ        ព្រឹទ្ធបុរស ប្រធានដេប៉ាតឺម៉ង់ សាស្រ្តចារ្យ និងបុគ្គលិករបស់សាកលវិទ្យាល័យ​ផ្ទាល់​។

Photo 2023 09 27 13 26 03

ការសិក្សាមុខជំនាញសេដ្ឋកិច្ច របស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន មានគោលបំណងផ្តល់ឱ្យនិស្សិតនូវការយល់ដឹងកម្រិតខ្ពស់ពីរចនាសម្ព័ន្ធ ដំណើរការ និងគោលនយោបាយក្នុងវិស័យសេដ្ឋកិច្ច។ និស្សិតនឹងមានឱកាសអនុវត្ត វិធីសាស្រ្ត និងទ្រឹស្តីសេដ្ឋកិច្ច ដើម្បីពន្យល់និង បង្កើតគោលនយោបាយសេដ្ឋកិច្ច ក៏ដូចជារៀនដោះស្រាយបញ្ហាសេដ្ឋកិច្ចជាដើម។ ចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្ត ដែលទទួលបានក្នុងអំឡុងពេលសិក្សា នឹងបំពាក់ឱ្យនិស្សិតនូវជំនាញស្រាវជ្រាវ ជំនាញក្នុងការវិភាគ ដោះស្រាយបញ្ហា ជំនាញប្រាស្រ័យទាក់ទង ព្រមទាំងចំណេះដឹងទ្រឹស្តី និងការអនុវត្តជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច។

Photo 2023 09 27 13 01 18

ក្នុងពិធីប្រកាសបើកដំណើរការជាផ្លូវការនូវកម្រិតបរិញ្ញាត្រជំនាញសេដ្ឋកិច្ចនេះដែរ សាកលវិទ្យាធិការស្ដីទីនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន លោកបណ្ឌិត ប្រ៊ែដលី មើក (Bradley Jensen MURG) បានលើកឡើងថា៖ «សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា តាមរយៈការបណ្តុះបណ្តាលអ្នកសេដ្ឋកិច្ចជំនាន់ក្រោយ ដែលនឹងដើរតួយ៉ាងសំខាន់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍរបស់កម្ពុជា»។

លើសពីនេះ លោកបណ្ឌិតក៏បានបន្ថែមថា កម្មវិធីសិក្សានៃជំនាញសេដ្ឋកិច្ច របស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន​ ត្រូវបានរចនាឡើងស្របតាមស្តង់ដារនៃសមាគមសេដ្ឋកិច្ចអាមេរិក (AEA) ដើម្បីធានាថានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន មានសមត្ថភាពយ៉ាងពេញលេញដើម្បីបន្តការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិតនៅសាកលវិទ្យាល័យក្រៅប្រទេស។ លើសពីនេះដែរ កម្មវិធីសិក្សាថ្មីនេះ ក៏មានគោលបំណងបម្រើ និងលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ដែលជាផ្នែកមួយនៃក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងគោលនយោបាយសង្គមរបស់កម្ពុជា។​

ក្នុងជំនាញសេដ្ឋកិច្ចនេះដែរ និស្សិតនឹងសិក្សាពី ម៉ាក្រូសេដ្ឋកិច្ច មីក្រូសេដ្ឋកិច្ច មុខវិជ្ជាហិរញ្ញវត្ថុអន្តរជាតិសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិ គោលនយោបាយ​សាធារណៈ ច្បាប់សេដ្ឋកិច្ចអន្តរជាតិ​ និងសេដ្ឋកិច្ចនយោបាយអន្តរជាតិជាដើម។

ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់និស្សិតដែលចាប់អារម្មណ៍បន្តអាជីពក្នុងវិស័យសេដ្ឋកិច្ច ឬផ្នែកដែលពាក់ព័ន្ធ។ កម្មវិធីនេះផ្តល់ឱ្យនិស្សិតនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលពួកគេត្រូវការ ដើម្បីទទួលបានភាពជោគជ័យនៅលើទីផ្សារការងារអន្តរជាតិ។

ទន្ទឹមនឹងការបើកដំណើរជាផ្លូវការនូវ ជំនាញសេដ្ឋកិច្ចនេះ​ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ក៏កំពុងផ្ដល់អាហារូបករណ៍តាមរយៈការប្រលងអាហារូបករណ៍ផងដែរ។ តាមរយៈការប្រលងនេះ បេក្ខជននឹងមានឱកាសទទួលបានអាហារូបករណ៍ថ្លៃសិក្សារហូតដល់ ១០០ ភាគរយលើគ្រប់ជំនាញដែលមាននៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។ ថ្ងៃផុតកំណត់សម្រាប់ការចុះឈ្មោះប្រលងគឺនៅថ្ងៃទី៣ ខែតុលាឆ្នាំ ២០២៣ ខណៈដែលការប្រលងនឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែតុលាឆ្នាំ ២០២៣។

Photo 2023 09 27 13 01 10

គួរបញ្ជាក់ថា ជំនាញសេដ្ឋកិច្ច នេះជាជំនាញថ្មីដែលសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានដាក់បញ្ជូនក្នុងកម្មវិធីសិក្សារបស់ខ្លួនបន្ថែមពីលើជំនាញថ្នាក់បរិញ្ញាត្រ ៩ ដែលមានស្រាប់រួមមាន មុខជំនាញ​ស្ថាបត្យកម្ម វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មឧស្សាហកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ គ្រប់គ្រងប្រព័ន្ធព័ត៌មាន ធនាគារនិងហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម ភ័ស្តុភារនិងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាជំនាញទំនាក់ទំនងអន្តរជាតិផងដែរ។ បន្ថែមពីនេះ សាកលវិទ្យាល័យក៏ផ្តល់ការអប់រំលើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដែលក្នុងនោះរួមមាន បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន​៕

Sreymom Cha

អត្ថបទសរុប៖ 307

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia