ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានគូសបញ្ជាក់ថាសាកលវិទ្យាល័យនៅបន្តផ្តល់អាហារូបករណ៍ ដល់សិស្សានុសិស្សដែលបញ្ចប់កម្រិតវិទ្យាល័យហើយចង់មកបន្តក្តីស្រម៉ៃនៅរាជធានីភ្នំពេញ ក្នុងការចាប់យកមុខជំនាញដែលខ្លួនប្រាថ្នា តាមរយៈការបញ្ចេញសមត្ថភាពក្នុងការប្រឡងអាហារូបករណ៍ដែលគ្រោងធ្វើឡើងនៅចុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ វាជាទិសដៅរបស់សាកលវិទ្យាល័យក្នុងការកសាងធនធានមនុស្សសម្រាប់កម្ពុជា និងការផ្តល់លទ្ធភាពដល់អ្នកដែលមានសមត្ថភាពផ្នែកសិក្សាតែមានជីវភាពខ្វះខាតឱ្យទទួលបានឱកាសចូលរៀននៅមហាវិទ្យាល័យដែលមានស្តង់ដារអន្តរជាតិ។
សាកលវិទ្យាល័យគ្រោងនឹងដំណើរការការប្រឡងអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មីនេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដែលសាលានឹងផ្តល់ភាគរយអាហារូបករណ៍ដល់បេក្ខជនទៅតាមពិន្ទុដែលទទួលបានទៅតាមសមត្ថភាពរបស់ខ្លួន ចន្លោះពី ២៥% រហូតទៅដល់ ១០០% ពេញ។

មុខវិជ្ជាដែលត្រូវប្រឡង គឺអាស្រ័យលើមុខជំនាញដែលសិស្សានុសិស្សជ្រើសរើស។ តួយ៉ាងផ្នែកជំនាញនៅមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងសេដ្ឋកិច្ច (មិនរាប់ជំនាញទំនាក់ទំនងអន្តរជាតិ និងជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង) មហាវិទ្យាល័យវិស្វកម្ម និងមហាវិទ្យាល័យ ព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ ត្រូវធ្វើតេស្តសមត្ថភាពលើជំនាញ គណិតវិទ្យា និងតក្កវិទ្យា។ ចំណែកផ្នែកទំនាក់ទំនងអន្តជាតិ និងជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ត្រូវឆ្លងកាត់ការធ្វើតេស្ត ផ្នែកវប្បធម៌ទូទៅ។ រីឯជំនាញវិស្វកម្មសំណង់ស៊ីវិល និងវិស្វកម្មឧស្សាហកម្មជាដើម ត្រូវឆ្លងកាត់ការវាយតម្លៃលើ ជំនាញគណិតវិទ្យា រូបវិទ្យា និងតក្កវិទ្យា។ បន្ទាប់ពីបញ្ចប់វិញ្ញាសារសរសេរក្នុងវគ្គទី១ ដែលធ្វើតាមអនឡាញ សិស្សានុសិស្សនឹងត្រូវបានអញ្ជើញមកសម្ភាសន៍ដោយផ្ទាល់ជាមួយគណៈកម្មការវាយតម្លៃដើម្បីកំណត់ការផ្តល់អាហារូបករណ៍ឱ្យចូលរៀន។

ជុំវិញកម្មវិធីប្រឡងអាហារូបករណ៍នេះ លោកបណ្ឌិតប៊ូឡាត់ អាក់មែដខារីម៉ូវ(Bulat Akhmetkarimov) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន លើកឡើងថា នេះជាកម្មវិធីដែលមានសារៈសំខាន់ដែលអាចផ្លាស់ប្តូរអនាគតរបស់សិស្សានុសិស្សលើវិថីសិក្សា និងការចាប់យកអាជីពទៅថ្ងៃក្រោយ។ លោកថា សាកលវិទ្យាល័យ បានបន្តអនុវត្តកម្មវិធីប្រឡងនេះជាច្រើនឆ្នាំមកហើយ ដោយអាចធ្វើតេស្តសមត្ថភាពសិស្សដែលកំពុងត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ហើយអាចចាប់យកឱកាស បំពេញក្តីស្រម៉ៃរបស់ខ្លួនទៅតាមទេពកោសល្យរៀងៗខ្លួន ដែលជាគំនិតផ្តួចផ្តើមដ៏ល្អមួយរបស់សាកលវិទ្យាល័យ និងក្រុមហ៊ុនផារ៉ាហ្គនទាំងមូល។
លោកបន្តថា៖ “យើងចង់ធានាផ្តល់កូតាអាហារូបករណ៍នេះដល់សិស្សានុសិស្សដែលមានសក្តានុពល និងសមត្ថភាព ដែលវាមិនមែនជាការធ្វើតេស្តតឹងតែងខ្លាំងនោះទេ វាជាការសាកល្បងសមត្ថភាពដែលសាមញ្ញ និងមានស្តង់ដារ ដែលពាក់ព័ន្ធនឹងជំនាញគណិតវិទ្យា តក្កវិទ្យា រូបវិទ្យា វប្បធម៌ទូទៅ ដែលអាស្រ័យលើបេក្ខជនដាក់ពាក្យលើមុខជំនាញណាមួយ ហើយខ្ញុំលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សចាប់យកជំនាញក្នុងក្តីស្រម៉ៃ និងទៅតាមសមត្ថភាពរបស់ខ្លួនពិតប្រាកដ ដែលខ្ញុំជឿជាក់ថា ប្អូនៗអាចធ្វើបាន”។
លោកបណ្ឌិតបន្ថែមថា ជាទិសដៅរបស់សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន គឺតែងយកចិត្តទុកដាក់ដល់ការចូលរួមចំណែកកសាងមូលធនមនុស្សសម្រាប់ប្រទេសកម្ពុជា ប្រទេសក្នុងតំបន់ និងអន្តរជាតិ តាមរយៈគំនិតផ្តួចផ្តើមនានា រួមទាំងកម្មវិធីអាហារូបករណ៍ជាច្រើនប្រភេទនេះផងដែរ មិនមែនតែអាហារូបករណ៍តាមរយៈការប្រឡងនោះទេ សាកលវិទ្យាល័យនៅមានកម្មវីធីអាហារូបករណ៍ជាច្រើនទៀត ដែលជាមោទនភាពមួយរបស់គ្រឹះស្ថានក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមរយៈការផលិតធនធានមនុស្សអស់រយៈពេល ១៦ឆ្នាំមកនេះ ហើយលោកសូមជូនពរសិស្សានុសិស្សដែលមានបំណងចង់ប្រឡងអាហារូបករណ៍របស់សាកលវិទ្យាល័យ។
សម្រាប់ លោកបណ្ឌិត ដេត សុខឧត្តម ជាប្រធានប្រតិបត្តិ (COO) នៃក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន (Paragon Education Co., Ltd) លើកឡើងដូចគ្នានេះផងដែរថា កម្មវិធីប្រឡងអាហារូបករណ៍នេះ ជាការវាយតម្លៃ និងតេស្តសាកល្បងសមត្ថភាពសិស្សានុសិស្សទៅលើមុខជំនាញដែលខ្លួនប្រាថ្នា ហើយក្នុងនាមសាកលវិទ្យាល័យ គឺផ្តល់ឱកាសជាអាហារូបករណ៍ដើម្បីក្តីស្រម៉ៃលើចំណេះជំនាញរបស់សិស្សានុសិស្ស។
លោកបណ្ឌិតបន្ថែមថា៖ “កម្មវីធីប្រឡងអាហារូបករណ៍នេះ គឺស្របតាមទស្សនវិស័យ និងបេសកកម្មរបស់ក្រុមហ៊ុនយើង ដែលបណ្ដុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងប្រទេសកម្ពុជាយើង ដែលរាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់កម្រិតក្រោយឧត្តមសិក្សា ហើយក្នុងនោះការផ្តល់លទ្ធភាពទៅដល់និស្សិត ឬសិស្សានុសិស្សថ្នាក់វិទ្យាល័យ ដែលឡើងមកសិក្សានៅភ្នំពេញ ទៅតាមសមត្ថភាពរបស់ខ្លួន ទោះបីអាចមានជីវភាពខ្វះខាតក្តី ដើម្បីចូលសិក្សាក្នុងស្ថាប័នដែលមានគុណភាពស្តង់ដារអន្តរជាតិនៅក្នុងប្រទេស”។
សូមបញ្ជាក់ថា សាកលវិទ្យាល័យចាប់បើកទទួលពាក្យប្រឡងអាហារូបករណ៍នេះ ចាប់ពីពេលនេះទៅរហូតបិទបញ្ចប់នៅនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ ដែលដំណើរការប្រឡងគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ហើយបេក្ខជនអាចចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://paragonu.link/scholarship ។
គួររំលឹកថា សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជាស្ថាប័នអប់រំឧត្តមសិក្សាឯកជនឈានមុខគេមួយនៅកម្ពុជាដែលបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនរូបអស់រយៈកាលជាច្រើនឆ្នាំកន្លងមកហើយ ដែលបច្ចុប្បន្នក្នុងឆ្នាំសិក្សា២០២៦ នេះ សាកលវិទ្យាល័យមានមុខវិជ្ជាសម្រាប់ជ្រើសរើសចំនួន១៤ ពីមហាវិទ្យាល័យចំនួន៤ ក្នុងកម្រិតបរិញ្ញាបត្រ។ ក្នុងនោះមានមហាវិទ្យាល័យវិស្វកម្មដែលមានមុខជំនាញដូចជា ស្ថាបត្យកម្ម ស្ថាបត្យកម្មខាងក្នុង វិស្វកម្មឧស្សាហកម្ម និងវិស្វកម្មសំណង់ស៊ីវិល។ មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ រួមមាន ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ និងគ្រប់គ្រងប្រព័ន្ធព័ត៌មាន។ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច រួមមាន ជំនាញធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងអន្តរជាតិ ព្រមទាំង ភ័ស្តុភារ និងពាណិជ្ជកម្មអន្តរជាតិ រួមនឹង ជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង។ មហាវិទ្យាល័យគណិតវិទ្យា និងវិទ្យាសាស្ត្រ មាន មុខជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រទិន្នន័យ។


