ក្រុមហ៊ុន Panasonic និងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការគ្នាជាដៃគូដើម្បីលើកកម្ពស់ស្ដង់ដារម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច
Daneth MechMAY 2 2025

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រុមហ៊ុន​ Panasonic និងមន្ទីរពិសោធន៍ជាតិសំណង់

ក្រុមហ៊ុន Panasonic និងមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់សម្ភារៈម៉ាស៊ីនត្រជាក់នៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បង្ហាញពីចក្ខុវិស័យរួមរបស់មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន ប៉ាណាសូនិក កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញបច្ចេកវិទ្យាសន្សំសំចៃថាមពល និងគាំទ្រដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ដោយបញ្ចូលប្រព័ន្ធ HVAC ទំនើប រួមជាមួយនឹងដំណោះស្រាយ និងឧបករណ៍អគ្គិសនីដែលមានគុណភាពខ្ពស់ទៅក្នុងគម្រោងសំណង់។

មន្ទីរពិសោធន៍ជាតិសំណង់ (NCL) ដែលត្រូវបានបង្កើតឡើងចំណុះឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមាននាយកដ្ឋានចំនួន 3 និងការិយាល័យចំនួន 8 ដែលដំណើរការចេញពីអគារដាច់ដោយឡែក មានទំហំ 5,000 ម៉ែត្រការ៉េ ដែលបានបើកសម្ពោធនៅថ្ងៃទី27 ខែធ្នូ ឆ្នាំ2022 ឯកឧត្តមអគ្គនាយកមន្ទីរពិសោធន៍ជាតិសំណង់ បានបញ្ជាក់ថា មន្ទីរពិសោធន៍ជាតិសំណង់ បានចាប់ផ្ដើមផ្ដល់សេវាកម្មសាកល្បងសំខាន់ៗលើការងារពិភាក្សាសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ ព្រមទាំងការងារសិក្សាស្រាវជ្រាវជាបន្តបន្ទាប់។

Photo 2025 05 02 13 23 24

ការថ្លែងសុន្ទរកថាស្វាគមន៍ និងបទបង្ហាញអំពីមន្ទីរពិសោធន៍ដោយឯកឧត្តមបណ្ឌិត ញ៉ ហេង អគ្គនាយកនៃមន្ទីរពិសោធន៍ជាតិសំណង់

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ញ៉ ហេង បានសង្កត់ធ្ងន់លើ តួនាទីយ៉ាងសំខាន់របស់មន្ទីរពិសោធន៍ជាតិសំណង់ ក្នុងការដឹកនាំការពិសោធបច្ចេកទេស ធ្វើការស្រាវជ្រាវ អភិវឌ្ឍន៍ និងការលើកកម្ពស់ចំណេះដឹងបច្ចេកទេស តាមរយៈការសហការគ្នាដើម្បីអភិវឌ្ឍស្តង់ដាសម្ភារៈសំណង់។ មកទល់នឹងពេលនេះ មន្ទីរពិសោធន៍ជាតិសំណង់ បានរៀបចំសេចក្ដីព្រៀងលិខិតគតិយុត្ត និងគោលការណ៍ណែនាំមួយចំនួនសម្រាប់គាំទ្រការងារបច្ចេកទេសសិក្សា ពិសោធន៍ និងស្រាវជ្រាវ។ គួរកត់សម្គាល់ផងដែរថា ភាពជាដៃគូជាមួយក្រុមហ៊ុន Panasonic បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់មន្ទីរពិសោធន៍ជាតិសំណង់ ក្នុងការលើកកម្ពស់ស្តង់ដាបច្ចេកទេស និងកសាងសមត្ថភាពនៅក្នុងឧស្សាហកម្មសំណង់របស់កម្ពុជា។

Photo 2025 05 02 13 23 25 (2)

លោក​ ហ៊ីសាកាហ្សឹ ម៉ាអេដា អគ្គនាយកនៃសាខាក្រុមហ៊ុនប៉ាណាសូនិក អេស៊ា ប៉ាស៊ីហ្វិកថ្លែងពីការប្តេជ្ញាចិត្ត

របស់ក្រុមហ៊ុនក្នុងការជំរុញការអនុវត្តវិស័យសំណង់ប្រកបដោយនិរន្តរភាព

លោក ហ៊ីសាកាហ្សឹ ម៉ាអេដា អគ្គនាយកនៃសាខាក្រុមហ៊ុនប៉ាណាសូនិក អេស៊ា ប៉ាស៊ីហ្វិក បានបញ្ជាក់ជាថ្មី ក្នុងសុន្ទរកថារបស់លោកពីការយកចិត្តទុកដាក់របស់ប៉ាណាសូនិក ក្នុងការជំរុញការអនុវត្តសំណង់ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស ការចែករំលែកចំណេះដឹង និងការចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃថាមពល ដែលស្របតាមគោលដៅនិរន្តរភាពរបស់កម្ពុជា។

1

ការធ្វើបទបង្ហាញស្ដីពីគ្រឿងបរិក្ខារមាស៊ីនត្រជាក់ របស់វិស្វករតំណាងដេប៉ាតេម៉ង់ វិស្វកម្មនៃក្រុមហ៊ុន Panasonic

សកម្មភាពដំបូង ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាសិក្ខាសាលារួមគ្នាស្តីពីផលិតផលម៉ាស៊ីនត្រជាក់ និងការកែលម្អគុណភាពឥដ្ឋ ក្នុងគោលបំណងបង្កើនការយល់ដឹងផ្នែកបច្ចេកទេស និងផលិតផលទំនើបៗរបស់ Panasonic និងការងារបច្ចេកទេសឥដ្ឋ នៅក្នុងឧស្សាហកម្មនេះ ដែលជាចំណុចចាប់ផ្តើមនៃសម្ព័ន្ធភាពដ៏រឹងមាំ ដែលផ្តោតលើការលើកកម្ពស់ស្តង់ដាសំណង់។

Photo 2025 05 02 13 23 25

ការថ្លែងសុន្ទរកថាគន្លឺះរបស់ឯកឧត្តម​ លី រស្មី​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់

ឯកឧត្តម​ លី រស្មី​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាដៃគូ និងគោលបំណងនៃសិក្ខាសាលា ដែលផ្តោតលើការលើកកម្ពស់និរន្តរភាព និងនវានុវត្តន៍ក្នុងវិស័យសំណង់កម្ពុជា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃគុណភាព និងប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

ភាគីទាំងពីរបានសម្តែងការសាទរចំពោះការស្វែងរកគម្រោង និងគំនិតផ្តួចផ្តើម នាពេលអនាគតដែល នឹងប្រើប្រាស់បច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ Panasonic និងអ្នកជំនាញរបស់មន្ទីរពិសោធន៍ជាតិសំណង់ ដើម្បីលើកកម្ពស់ស្តង់ដាសម្ភារៈសំណង់ បរិក្ខារសំណង់ និងគុណភាពសម្ភារៈបន្ថែមទៀត។ ចក្ខុវិស័យនេះ រួមបញ្ចូលការចែករំលែកនូវចំណេះដឹងបច្ចេកទេសពី ​Panasonic និងសក្តានុពល ក្នុងការរួមចំណែកក្នុងការបង្កើតស្តង់ដាប្រសើរឡើង និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសសម្រាប់អ្នកជំនាញក្នុងឧស្សាហកម្មសំណង់ ជាពិសេសនៅក្នុងវិស័យម៉ាស៊ីនត្រជាក់។

Photo 2025 05 02 13 23 27 (2)

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងក្រុមហ៊ិន​ Panasonic និងមន្ទីរពិសោធន៍ជាតិសំណង់

ការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់ស្តង់ដាសំណង់ និងធានាសុវត្ថិភាព តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងជំនាញ ភាពជាដៃគូនេះ មានគោលបំណងរួមចំណែក ដល់អគារប្រកបដោយសុវត្ថិភាព ភាពជឿជាក់ និងគុណភាពខ្ពស់ជាងមុន ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជា និងការរីកចម្រើនប្រកបដោយចីរភាពនៃឧស្សាហកម្មនេះ ជាមួយការលើកកម្ពស់អនាគតនៃការច្នៃប្រឌិត និងឧត្តមភាពក្នុងវិស័យសំណង់កម្ពុជា។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia