សុភាសិតខ្មែរពោលថា «ឆ្នាំងណាគ្របហ្នឹង» ប្ដីប្រពន្ធដែលរស់នៅជាមួយគ្នាបានលុះត្រាមានចិត្តគំនិតប្រហាក់ប្រហែលគ្នា។ ជាក់ស្តែងភរិយានាយករដ្ឋមន្ត្រីថៃ Srettha Thavisin គឺជាវេជ្ជបណ្ឌិតជាន់ខ្ពស់ មានទ្រព្យសម្បត្តិរាប់សិនសែនដុល្លារ និងកំពុងកាន់កាប់ជំនួញគ្រាក់ៗក្នុងដៃថែមទៀតផង។
លោកស្រី Pakpilai Thavisin កើតនាឆ្នាំ១៩៦១ ក្នុងត្រកូលមន្ត្រីរាជការថៃថ្នាក់ខ្ពស់។ ត្បិតជីវភាពធូរធារ ក្មេងស្រីរូបនេះ ទទួលបានការចិញ្ចឹមបីបាច់យ៉ាងដិតដល់ ទាំងការរស់នៅ និងការរៀនសូត្ររហូតបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Srinakharinwirot Demonstration School, Pathum Wan និងបញ្ចប់ថ្នាក់បរិញ្ញាបត្រវេជ្ជសាស្ត្រផ្នែកសើស្បែក ពីមហាវិទ្យាល័យ ជូឡាឡុងកន។
យ៉ាងណាមិញ ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដោយទទួលបានកិត្តិយសថ្នាក់ទីពីរ យុវតី Pakpilai Thavisin បានបន្តការសិក្សាផ្នែកថែរក្សាស្បែកនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Lions Suphannahong ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៧។ ក្រោយមក នាងក៏បានផ្លាស់ទៅសហរដ្ឋអាមេរិក ដើម្បីទទួលការបណ្តុះបណ្តាលផ្នែកព្យាបាលដោយឡាស៊ែរ ក្រោមការណែនាំរបស់វេជ្ជបណ្ឌិត រួមទាំងបានសិក្សាកម្រិតខ្ពស់ក្នុងការព្យាបាលវេជ្ជសាស្ត្រប្រឆាំងភាពចាស់ ដែលផ្តល់ដោយសមាគមពិភពលោកពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៥ និងបានក្លាយជាជនជាតិថៃដំបូងគេដែលទទួលបានឱកាសដ៏កម្រនេះ។
ក្រោយមានចំណេះជំនាញវិជ្ជាជីវច្បាស់ Pakpilai Thavisin បានធ្វើការនៅគ្គីនិក Ratchathewi ហើយបច្ចុប្បន្នជាវេជ្ជបណ្ឌិតនៅមជ្ឈមណ្ឌលសុខភាពវិទ្យាសាស្ត្រ VitalLife និងជាស្ថាបនិកនៃ S Medical Spa រួមទាំងទទួលបានពានកិត្តិយសជាច្រើនក្នុងវិស័យថែរក្សាសម្រស់ និងសុខភាពរបស់ប្រទេសថៃផងដែរ។ ក្នុងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយបានបង្ហាញថាលោកស្រី Pakpilai Thavisin មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ៤៥៨,៨៥៨,០៧៥ដុល្លារ។
គួរជម្រាបផងដែរថា លោកស្រី Pakpilai Thavisin បានរៀបការជាមួយលោក Srettha Thavisin ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីប្រទេសថៃ ក្នុងឆ្នាំ១៩៨៩ និងមានកូន៣នាក់ជាចំណងស្នេហ៍គឺ Napat (Naphat), Warat (Warat) និង Chananda (Chananda)៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម
https://t.me/hangchhengH24


