តារាប្រុសមីយ៉ាន់ម៉ា Paing Takhon មិនត្រឹមតែមានរូបសម្រស់ស្រស់សង្ហាប៉ុណ្ណោះទេ លោកក៏ជាម្ចាស់ជំនួញ វិនិយោគិន និងកាន់កាប់ទ្រព្យសម្បត្តិរាប់លានដុល្លារផងដែរ។ តើតារាកម្ពស់ ១.៨០ម៉ែត្ររូបនេះជានរណា? និងមានប្រវត្តិក្រៅឆាកដូចម្តេចខ្លះ?
លោក Paing Takhon កើតនាឆ្នាំ១៩៩៦ ក្នុងតំបន់ Tanintharyi ប្រទេសមីយ៉ាន់ម៉ា ជាកូនទី៤ក្នុងចំណោមបងប្អូន៦នាក់។ Paing បានបញ្ចប់ថ្នាក់វិទ្យាល័យពី វិទ្យាល័យអប់រំមូលដ្ឋានលេខ១ Khamaukgyi។ ដោយសារតែរូបសម្បត្តិអំណោយផលពីធម្មជាតិ និងការលើកទឹកចិត្តពីមនុស្សជុំវិញខ្លួន លោកបានផ្លាស់ទៅទីក្រុង Yangon ក្នុងឆ្នាំ២០១៤ ដើម្បីក្លាយជាតារាម៉ូឌែល និងបានកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យ University of Distance Educatio ជំនាញផ្នែកចិត្តវិទ្យា។
តាំងពីចាប់អាជីពជាអ្នកសិល្បៈដំបូងរហូតដល់ឆ្នាំ២០២២នេះ ក្នុងនាមជាតារាម៉ូឌែល តារាសម្តែង និងតារាចម្រៀង យោងតាមគេហទំព័រ kinorium យុវជន Paing ធ្លាប់បានសម្តែងក្នុងរឿងដុំចំនួន០៤ និងរឿងភាគទូរទស្សន៍ចំនួន០១រឿង។ ក្នុងនោះលោកក៏បានចេញអាល់ប៊ុមធំចំនួន០១ និងបទចម្រៀងទោលចំនួន០៤បទ ហើយលោកក៏ជាឯកអគ្គរដ្ឋទូតសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ។
ក្នុងឆ្នាំ២០១៩ Paing ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍របស់មីយ៉ាន់ម៉ាប្រចាំប្រទេសថៃដោយសមាគមទីផ្សារទេសចរណ៍មីយ៉ាន់ម៉ា រួមជាមួយសហព័ន្ធទេសចរណ៍មីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះតារាប្រុសរូបនេះ ត្រូវបានគេចុះក្នុងបញ្ជី The Myanmar Times "Top 10 Actors" និងឈរឈ្មោះនៅលេខរៀងទី១០ ក្នុងបញ្ជី "100 Most Handsome Faces of 2020" ដោយ TC Candler។ ក្នុងឆ្នាំ២០២០ លោកគ្រោងនឹងសម្តែងក្នុងរឿង The Clock: Red Wall ដែលដឹកនាំដោយអ្នកដឹកនាំរឿងកម្ពុជា លៀក លីដា។ នៅខែធ្នូ ឆ្នាំ២០២១ Paing Takhon ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជី "The 100 Most Handsome Faces of 2021" ដែលចេញដោយ TC Candler និងជាទូតសុឆន្ទៈម៉ាកយីហោល្បីៗជាច្រើនដូចជា Pond's Myanmar, Oppo Myanmar, T247 Energy Drink និង Telenor Myanmarជាដើម។
ក្រៅពីការងារសិល្បៈបុរសវ័យ២៥ឆ្នាំ Paing Takhon គឺជាដៃគូអាជីវកម្ម និងជាម្ចាស់ភាគហ៊ុនរបស់ធនាគារ United Amara Bank រួមទាំងជាស្ថាបនិកក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ផងដែរ។ លោកត្រូវបានគេប៉ាន់ស្មានថាមានទ្រព្យសម្បត្តិ ១.៥លានដុល្លារ គិតត្រឹមឆ្នាំ២០២២ ចេញផ្សាយដោយគេហទំព័រ popularinside៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ក្រដាស១សន្លឹក»
ទំនាក់ទំនងតាមរយៈ៖ Facebook Page: Kan Dara ឬ Telegram: 0964997366


