ធ្លាប់តែជិះកាត់ចូលចាក់សាំង ឃើញការ៉ាសាំងយីហោ PTT ដុះពេញដីស្រុកខ្មែរ ទាំងក្នុងទីក្រុងនិងតាមបណ្តាខេត្ត ខណៈសាជីវកម្មនេះរកប្រាក់ចំណូលសរុបបានប្រហែល ១០៣ពាន់លានដុល្លារ និងប្រាក់ចំណេញប្រមាណ ២,៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២។ ចុះតើនរណាជាមេធំឈរពីក្រោយក្រុមហ៊ុនប្រេង និងហ្គាសនេះ?
ក្រុមហ៊ុន PTT Public Company Limited ឬហៅកាត់ថា PTT ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៨ ជាសហគ្រាសរដ្ឋ ក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Kriangsak Chamanan ដែលបានគ្រប់គ្រងនិងចុះបញ្ជីដោយរដ្ឋថៃ។ ពីមុន PTT ត្រូវបានគេស្គាល់ថាជាអាជ្ញាធរប្រេងនៃប្រទេសថៃ វាមានបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រយ៉ាងទូលំទូលាយនៅក្នុងឈូងសមុទ្រថៃ ដែលជាបណ្តាញស្ថានីយឧស្ម័ន LPG ទូទាំងព្រះរាជាណាចក្រថៃ និងបានចូលរួមក្នុងការផលិតអគ្គិសនី ផលិតផលគីមីឥន្ធនៈ ការរុករក ផលិតប្រេង ឧស្ម័ន និងប្រេងសាំង។
យ៉ាងណាមិញ ក្រុមហ៊ុននេះក៏ជាម្ចាស់ Café Amazon ជាហាងកាហ្វេដ៏ពេញនិយមទូទាំងអាស៊ីអាគ្នេយ៍ ដែលហាងជាច្រើនមានទីតាំងនៅជាប់ស្ថានីយ៍ប្រេងឥន្ធនៈ PTT ឬនៅខាងក្នុងផ្សារទំនើប។ ក្នុងនោះ ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ PTT រួមមានដូចជាក្រុមហ៊ុន PTT Exploration and Production, PTT Global Chemical, PTT Asia Pacific Mining និង PTT Green Energy។
គួរជម្រាបផងដែរថា ក្រោយពីឈរជើងរកស៊ីអស់រយៈពេលជាង៤ទសវត្ស PTT បានក្លាយជាសាជីវកម្មធំជាងគេ ហើយក៏ជាក្រុមហ៊ុនតែមួយគត់ពីប្រទេសថៃ ដែលបានចុះបញ្ជីនៅក្នុងក្រុមហ៊ុន Fortune Global 500។ ក្រុមហ៊ុនប្រេងនិងហ្គាសនេះ បានជាប់ចំណាត់ថ្នាក់ទី៨១ ក្នុងចំណោម ៥០០ កំពូលនៅលើ Fortune 500 និងដណ្តើមបានជើងឯកទី ១៨០ នៅលើទស្សនាវដ្តី Forbes 2000៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦


