កំណាត់ផ្លូវជាតិលេខ៥ ផ្នែកកណ្ដាល ចាប់ផ្ដើមពីចំណុចធ្លាម្អម ខេត្ដពោធិ៍សាត់ទៅដល់ខេត្ដបាត់ដំបង នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះហើយ។ នេះបើយោងតាមប្រសាសន៍ឡើងរបស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅសម្ដេចតេជោបានបញ្ជាក់ថាសម្ដេចនឹងអញ្ជើញទៅសម្ពោធកំណាត់ផ្លូវខាងលើនៅថ្ងៃទី២០ ខែមិថុនា ខណៈថ្ងៃទី៣០ មិថុនា សម្ដេចក៏នឹងអញ្ជើញសម្ពោធក្រវាត់ក្រុងទី៣ផងដែរ។ “ត្រូវទៅសម្ពោធផ្លូវជាតិលេខ៥ នៅថ្ងៃទី២៩ ខែមិថុនា ដល់សម្ពោធផ្លូវ និងស្ពាន ខ្សែក្រវាត់ក្រុងទី៣ យកថ្ងៃ៣០ ខែមិថុនា” ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សេន ដែលបានលើកឡើងក្នុងពិធីខាងលើ។
តាមការលើកពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅបានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៥ ពីចំណុចធ្លាម្អម ខេត្ដពោធិ៍សាត់ ទៅដល់ខេត្ដបាត់ដំបងនេះ នឹងសាងសង់រួចរាល់នៅដើម ឬពាក់កណ្ដាល ខែមិថុនា ខាងមុខនេះ។ ដោយក្នុងនោះឯកឧត្ដមក៏បានជំរុញអ្នកសាងសង់ឲ្យខិតខំដើម្បីអាចបញ្ចប់ការសាងសង់តាមការគ្រោងទុកនេះផងដែរ។
គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ផ្នែកកណ្ដាល ចាប់ពីធ្លាម្អមដល់បាត់ដំបងនេះ មានប្រវែងសរុប១៤៦,០៤គីឡូម៉ែត្រ ត្រូវបានសាងសង់ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូប្រភេទ AC កម្រាស១៥ សង់ទីម៉ែត្រ ខណ្ឌដោយសួនច្បារនៅចំកណ្តាល ខណៈគម្រោងនេះគ្រោងចំណាយទឹកប្រាក់សរុបចំនួន១៦១,៩០លានដុល្លារ។
សូមជម្រាបផងដែរថា គម្រោងសាងសង់ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៥ ឬផ្លូវអាស៊ានហាយវេលេខ១នេះ មានប្រវែងសរុប៣៦៦ គីឡូម៉ែត្រ ត្រូវបានបែងចែកជា ៣ ផ្នែកគឺ ផ្នែកខាងត្បូងចាប់ពីចំណុចព្រែកក្ដាម ខេត្ដកណ្ដាល ទៅដល់ធ្លាម្អម ខេត្ដពោធិ៍សាត់មានប្រវែង ១៣៥,២៤ គីឡូម៉ែត្រ, ផ្នែកកណ្ដាលចាប់ពីចំណុចធ្លាម្អម ខេត្ដពោធិ៍សាត់ ដល់ខេត្ដបាត់ដំបងមានប្រវែង ១៤៦,០៤ គីឡូម៉ែត្រ និងផ្នែកខាងជើងចាប់ពីខេត្ដបាត់ដំបងដល់ក្រុងប៉ោយប៉ែតខេត្ដបន្ទាយជ័យ មានប្រវែង ៨៤,៧២ គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៥០០ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា(JICA) ៕
អត្ថបទ៖ កឹម ប៊ុនធឿន