គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែរួមមាន៖ កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ដែលមានប្រវែងសរុប៩៨គីឡូម៉ែត្រក្នុងខេត្តក្រចេះ ត្រូវបានប្រកាសបើកការដ្ឋានហើយ ខណៈផ្លូវទាំងនេះត្រូវបានរំពឹងថានឹងចូលរួមលើកកម្ពស់ការតភ្ជាប់ប្រទាក់ក្រឡា ជាមួយបណ្តាញផ្លូវជាតិសំខាន់ៗ ឆ្ពោះទៅរាជធានី និងតំបន់ព្រំដែន។ នេះយោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី0៤ ខែមេសា ឆ្នាំ២០២៣ ។
តាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថានៅក្នុងពិធីលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំង៣ខ្សែខាងលើ គឺមានអញ្ជើញចូលរួមដោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអមដំណើរដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ។
គួរជម្រាបផងដែរថា ផ្លូវខាងលើនេះត្រូវបានជួសជុល និងស្ថាបនាដោយក្រុមហ៊ុនចំនួន២ ដោយកំណាត់ផ្លូវជាតិលេខ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture ដោយឡែកចំពោះកំណាតផ្លូវលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd គ្រោងចំណាយរយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៦០ខែដូចគ្នា និងចំណាយថវិកាសាងសង់សរុបប្រមាណ៤០លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ក្នុងនោះរួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ។
ក្នុងនោះផ្លូវទាំង ៣ខ្សែនេះរួមមាន៖
- កំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ ទទឹង ១០-១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន)
- ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តទាំង ២ខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់៥សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ – ១១ម៉ែត្រ មាន២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង (នៅលើផ្លូវខេត្តលេខ៣៧៧)៕
អត្ថបទដោយ៖ ឌឿក ស្រីនុត


