កំណាត់ផ្លូវសំខាន់ចំនួន ៣ ខ្សែរួមមាន៖ ផ្លូវជាតិលេខ៧៣ ផ្លូវខេត្ដលេខ៣៧៧ និងផ្លូវខេត្ដលេខ៣៧៧A ដែលមានប្រវែងសរុប ១០០ គីឡូម៉ែត្រ នឹងត្រូវបើកការដ្ឋានសាងសង់ និងស្ដាឡើងវិញនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២៨ ខែមីនា។
តាមការបញ្ជាក់ពីក្រសួង កំណាត់ផ្លូវជាតិលេខ៧៣ នឹងត្រូវធ្វើចាប់បីចំណុចប្រធាតុ ខេត្តត្បូងឃ្មុំ ទៅដល់តំបន់កំពង់រាំង ព្រំប្រទល់ខេត្តក្រចេះ ផ្លូវខេត្តលេខ៣៧៧ គឺចាប់ពីចំណុចក្រុងក្រចេះ រហូតទៅដល់ស្រុកសំបូរ ខេត្តក្រចេះ និងផ្លូវខេត្តលេខ៣៧៧A ចាប់ពីតំបន់សណ្តាន់ ទៅដល់តំបន់សង្គម ស្រុកសំបូរ ខេត្តក្រចេះ។ ផ្លូវទាំង ៣ នេះមានប្រវែងសរុប៩៨,៤០៥ គីឡូម៉ែត្រ ត្រូវសាងសង់ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក (World Bank)។
ទាក់ទងនឹងការសម្ពោធបើកការដ្ឋានសាងសង់នេះផងដែរ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូនបានកំពុងបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកានៃគណៈកម្មាធិការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីបើកការដ្ឋាន ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារតាមបំណែកចែកការងារ មានចែងនៅក្នុងលិខិតបង្គាប់ការ។
សូមជម្រាបថា ពិធីសម្ពោធបើកការដ្ឋានសាងសង់នេះ នឹងមានការអញ្ជើញចូលរួម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
អត្ថបទ៖ កឹម ប៊ុនធឿន